ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលទស្សនិកជនធ្លាប់បានស្គាល់ និងមានប្រជាប្រិយភាពល្បីគួរសម លោក សូ លីដូ មុននេះធ្លាប់ប្រាប់ឱ្យថា លោកមានគូកំណាន់ចិត្តរួចទៅហើយ នឹងកំពុងតែស្ថិតក្នុងការមើលចិត្តគ្នា ។ ប៉ុន្តែផ្ទុយទៅវិញថ្មីៗនេះ ស្រាប់តែមានព័ត៌មានរអេចរអូចថា ចំណងស្នេហ៍រវាង សូ លីដូ និង នារីអ្នកជំនួញវ័យក្មេង នៅភ្នំពេញ កំពុងតែឈានទៅរកផ្លូវបែកបាក់។

ប្រភពខាងលើ បាននិយាយថា ក្រោយពីលោក សូ លីដូ បានសាងស្នេហ៍ជាមួយនឹង នារីវ័យក្មេងម្នាក់នេះ អស់រយៈពេល ជាងមួយឆ្នាំ មកនោះ ឃើញថា ដំបូងឡើយអ្នកទាំងពីរហាក់ដូចជា មានភាពល្អូកល្អឺន ផ្អែមល្ហែមជាមួយគ្នាណាស់។ ប៉ុន្តែថ្មីៗនេះស្រាប់តែអ្នកទាំងពីរ ហាក់ដូចជាកំពុងតែឃ្លាតឆ្ងាយ និង រយាលពីគ្នាខុសប្លែកពីធម្មតា។

ប្រភពខាងលើបានបន្តថា មួយរយៈនេះ គេមិនសូវឃើញតារាចម្រៀង សូ លីដូ ទៅរកនារីវ័យក្មេងម្នាក់នោះទៀតទេ។ ម្យ៉ាងទៀត ទំនងជាអ្នកទាំងពីរ កំពុងតែជួបប្រទះនូវបញ្ហាអ្វីមួយ ដែលមិនអាចដើរនៅលើផ្លូវជាមួយគ្នាបាន ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេថា អ្នកទាំងពីរនេះ កំពុងតែប្រឈមនឹងបញ្ហាអ្វីជាមួយគ្នានោះ ទើបបានជា ធ្វើឱ្យពួកគេកាន់តែនៅឆ្ងាយពីគ្នាយ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទ របស់លោក សូ លីដូ ដើម្បីសុំការបំភ្លឺឱ្យបានដឹងច្បាស់ ពីការពិតដែរ។ ប៉ុន្តែលេខទូរស័ព្ទរបស់លោក មិនអាច ទាក់ទងបាន។ ដូច្នេះ LookingTODAY ស្វាគមន៍ជានិច្ច ចំពោះការចេញមុខមកបកស្រាយ ប្រាប់ការពិតពីសំណាក់ លោក សូ លីដូ ដោយផ្ទាល់នៅពេលក្រោយ។

គួររំឭកថា មួយរយៈមុននេះ តារាចម្រៀង សូ លីដូ ធ្លាប់ប្រកាសថា លោកបានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីវ័យ២១ ឆ្នាំម្នាក់ ដែលជាអ្នកជំនួញ រស់នៅក្នុងក្រុងភ្នំពេញ រយៈពេលមួយឆ្នាំមកហើយ។ កាលនោះ សូ លីដូ បានអះអាងថា លោក និង នារីម្ចាស់ ស្នេហ៍វ័យក្មេង ក៏កំពុងតែ សម្លឹងមើលពីចិត្ត ទើបអាចឈានទៅដល់ចំណង អាពាហ៍ពិពាហ៍នៅថ្ងៃមុខបាន។ ចំណែកឯឪពុក ម្តាយ ខាងស្រី ក៏បានស្គាល់ និងដឹងឮ ពីរឿងនេះហើយដែរ។

លោក សូ លីដូ ក្រោយពីបានចាប់អាជីព ជាអ្នកសិល្បៈអស់ រយៈពេលជាច្រើនឆ្នាំមក នៅអំឡុងដើមឆ្នាំ២០០៦ លោកត្រូវបាន ខាងម្ចាស់ផលិតកម្ម សាន់ដេ មើលឃើញពីសមត្ថភាព និង ទឹកដមសំឡេង ហើយក៏ត្រូវបានហៅឱ្យ ទៅចូលច្រៀង នៅក្នុងផលិតកម្ម មួយនេះ។ បន្ទាប់មកទៀត លោក សូ លីដូ ក៏បានចាក់ចេញពី សាន់ដេ ចូលទៅជ្រកក្រោមដំបូលផលិតកម្ម ប៊ិកមែន ។ ការរសៀតខ្លួន ចូល ប៊ិកមែន មិនបានយូរឆ្នាំប៉ុន្មានផង សូ លីដូ ក៏បានវេចសំពាយចាកចេញជាថ្មី ទើបតែចុងក្រោយនេះ លោក សូ លីដូ សម្រេចចិត្ត ចូលខ្លួនជាថ្មីម្តងទៀត នៅក្នុងផលិតកម្ម “Diamond Music” រហូតមកដល់សព្វថ្ងៃនេះ៕







ដោយ៖ lookingTODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]