រាជ​ធានី​ភ្នំពេញ ៖ បុរសម្នាក់​​​​ឈ្មោះថា ពេជ្រ​​មែន​​ ​​​មាន​ស្រុក​កំណើត​​នៅ​ភូមិ​​​ស្នំ​​ប្រាំ​ពីរ​ ឃុំ​ចក្រី​ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដែល​បាន​ផឹក​ថ្នាំ​កណ្តុរ​ប៉ង​​សម្លាប់​ខ្លួន​​ ដោយសារ​ស្រឡាញ់​​ប្រពន្ធ​​ខ្លាំង​​ពេក ​​​បែរ​ជានាង​​​​ព្រាត់​​​ពី​​ដើមទ្រូង ហើយ​​​ត្រូវ​​បានគ្រូពេទ្យ​​​ជួយសង្គ្រោះ​​​ទាន់ពេល​វេលា​​​បាន​​រួច​ផុត​​ពីសេចក្តី​​ស្លាប់​​ រហូត​មក​ដល់​​ពេល​​​​នេះ​ បុរស​​​អភ័ព្វ​ស្នេហ៍​​​រូប​នេះ​​​នៅ​តែ​​​បន្ត​តាម​រក​ប្រពន្ធ​​​​ដដែល​​​ ទោះ​​បីជា​​​នាង​​​ប្រៃ​ពណ៌​​​បេះ​ដូង​​​ទៅ ហើយ​ក្តី​​ ។

កោះ​សន្តិ​ភាព​​​បាន​​​ជួបឈ្មោះ​​​​​​ថា ពេជ្រ​មែន ម្ត​ងទៀត​ នៅ​រមណីយដ្ឋាន​​វត្ត​ភ្នំ កាល​ពីព្រឹក​​​ថ្ងៃទី​​​​១៩ មេសា​ ខណៈ​​​​​បុរស​កំសត់​​​រូប​នេះ​​ កំពុង​អង្គុយ​​លើ​បង់​​ លើក​រូបថត​​​​ភរិយា​​​មក​មើល​​​​ និង​អះអាង​​​ថា នាង​បាន​ចាក​ចេញ​​​​ពី​ផ្ទះ​​​អស់​​​រយៈ​ពេល​​​ជាង​​​១ខែហើយ​​​ តែ​ការ​អន្ទង​​នាងមក​សាង​ស្នេហ៍​​​ក្នុង​​ទ្រនុំ​​ចាស់​​​វិញដូច​អត់​សង្ឃឹម​សោះ​​។ លោក​​និយាយ​​ថា​​ ភរិយា​​​របស់​​​លោក​​​បាន​សន្យា​ថា ព្រម​វិល​ត្រឡប់​​​មក​វិញ​​មុន​ថ្ងៃបុណ្យ​​​ចូល​ឆ្នាំ​​ខ្មែរ​ដើម្បី​​​នាំគ្នា​​ទៅ​លេង​ម្តាយ ​​នៅ​​ឯ​ភូមិ​​​ជើង​ខ្នារ​ ឃុំ​ពន្លៃ​​ ស្រុក​​​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង ។ ក៏ប៉ុន្តែ​​អ្វីដែល​​​ភរិយា​​​របស់​​លោក​​​ គឺនាង​​​យ៉ិត គឹម​​ហៀង​ សន្យា​បាន​រលាយ​​ដូច​​អំបិល​​ត្រូវ​ទឹក​​ គឺ​​នាង​​មិន​​បាន​វិល​​មក​​ជួប​​តាម​​ការ​​សន្យា​​​​នោះ​​​​ទេ ទើប​​​លោក​ធ្វើ​ដំណើរ​​​មក​កាន់​​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​​ ក្រោយ​​​ថ្ងៃ​​ចូល​ឆ្នាំ​​​​ ដើម្បី​​​ដុត​ធូប​​​សុំ​ឱ្យ​​​លោក​យាយ​ពេញដ៏​​​មាន​ឬទ្ធិជួយបន្ទន់​​ចិត្ត​ប្រពន្ធ​​​របស់​លោក​​ឱ្យ​វិល​​មក​ជួប​​ជុំ​គ្រួសារ​​វិញ ។ លោក​​​និយាយ​​​ថា​​ បើ​ទោះ​​​ជា​​​ភរិយា​​​ត្រូវ​ជន​​អគតិ​​​ចាប់​រំលោភ​​​រហូត​មានកូន​​​ ក៏លោក​​នៅ​តែ​ទទួល​​យក​មក​​រួម​រស់​​ដោយក្តី​​អាណិត​ស្រឡាញ់​​​ដដែល ព្រោះ​​​​បង្អួច​​​​ដួង​ចិត្ត​​​នៅ​តែ​បើក​ចំហរ​​​ជានិច្ច​សម្រាប់​អូន​​ ។

ថា ពេជ្រ​​មែន បុរស​​​កំសត់​​​បាន​និយាយ​​​បញ្ជាក់​ថា ដោយ​សារស្រឡាញ់​​​ប្រពន្ធ​​​ពេក​និង​​​​ដើម្បី​​សម្តែង​​​ភាព​ស្មោះ​ត្រង់​​ លោក​បាន​​​ផឹក​ថ្នាំ​​កណ្តុរ​​ម្តង​មក​ហើយ​​​ ដើម្បី​​សម្តែង​​បញ្ជាក់​​ប្រាប់​​​នាង​ថា​​ បើគ្មាន​​​អូន​​បង​ស៊ូ​​​ស្លាប់​​​ប្រសើ​រ​​ជាង​​ តែ​​ជីវិត​​មិន​ទាន់​អស់​​​​ មិន​ស្លាប់​​​ ។ លោក​​​បាន ព្យា យាម​​​ទូរស័ព្ទ​​​ទៅ​ប្រពន្ធ​​ញឹក​ញាប់​​​ណាស់​​ ចៃដន្យ​​​បាន​​​ជួប​​សំឡេង​​ប្រពន្ធ​​មែន​​ ហើយ​នាង​​​បាន​សន្យា​​​ថា និង​វិល​​​មក​ជួប​​​​​​លោក​នៅ​ថ្ងៃ​ទី​​​​១១ មេសា ដើម្បី​នាំគ្នា​​​ទៅ​​​​​ស្រុក​ខាង​​ម្តាយ​នាង​​​ ហើយ​​​ចូលឆ្នាំ​​​នៅ​ទី​នោះទាំង​​អស់គ្នា​​​​តែម្តង ។ គ្រាន់​​តែ​ឮពាក្យ​​សម្តី​​ប្រពន្ធ​​​និយាយ​​​បែប​នេះ​ ​ធ្វើ​ឱ្យ​​​លោក​សប្បាយ​​​ចិត្ត​​ក្រៃ​​លែងរក​អ្វី​​មក​​​ប្រៀប​​ផ្ទឹម​​​មិន​បាន​​​ឡើយ​​ ហើយ​​មួយ​​ថ្ងៃៗ​​លោក​លើក​​ដៃ​​បែរបន់​​ឱ្យ​ឆាប់​​ដល់​ថ្ងៃ​​នោះ​ ។ ប៉ុន្តែ​​​​អ្វីៗ​​​បាន​រលាយ​​​ខ្សុល​​​ ព្រោះ​​​សូម្បី​​តែ​ស្រ​មោល​​នាង​​ក៏​​មិន​​បាន​​ឃើញ​​ដែរ​​ គឺ​នាង​​មិន​​​គោរព​​​ពាក្យ​​សន្យា​​ឡើយ ។ រហូត​​ដល់​ថ្ងៃ​​ទី​​១៩ មេសា ​​លោក​បាន​​​ធ្វើ​ដំណើរ​​​មក​រមណីយដ្ឋាន​​វត្ត​ភ្នំ​​ ដើម្បី​​​បែរ​បន់​​ជា​ថ្មី​​ដល់​លោក​យាយ​​ពេញ ដែ​ល​​មាន​​​​បារមី​​​សក្តិសិទ្ធិ​​​​ជួយ​​បន្ទន់​​ចិត្ត​​​ប្រពន្ធ​​​ឱ្យ​វិល​​​មក​រួម​រស់​​​ជាមួយ​​លោក​វិញ​​​ ព្រោះ​​ពេល​នេះ​​ក្រុម​គ្រួសារ​​​ទាំង​អស់​បាន​​​ទន្ទឹង​​មើល​ផ្លូវ​​​នាង​ខ្លាំង​​​ណាស់ ។ បុរស​​​កំសត់​​ក៏បាន​និយាយ​​ទៀត​ថា ពេល​នេះ​​ទូរស័ព្ទ​​ដៃ​​របស់​ប្រពន្ធ​​​លោក​​ទាំង​​៣​​ប្រ​ព័ន្ធ​​ត្រូវ​បាន​​​បិទ​​មិនអាច​ទាក់​ទង​​គ្នា​បាន​ទេ ទំនង​ជា​នាង​ទទួល​​កា​រគំរាម​​កំហែង​​ពី​ជន​​ណាម្នាក់​ហើយ ។ លោក​ប្តី​និយាយ​ថា​ នៅពេល​​ដែល​នាង​​និយាយ​​ទូរស័ព្ទ​​មុន​ចូល​ឆ្នាំ​​នេះ លោក​បាន​សួរ​​ប្រពន្ធ​​របស់​លោក​​ថា តើ​នៅ​​​ស្រឡាញ់​​លោក​ដែរ​​ឬអត់?​​ ពេល​នោះ​​​ប្រពន្ធ​​បាន​ឆ្លើយ​​វិញថា ប៉ុន​សរសៃ​​សក់​ក៏មិន​​បាត់​ដែរ​​​ គឺនាង​​​នៅ​តែ​ស្រឡាញ់​​​ប្តី​ជានិច្ច​​​ ។ លោក​​មិន​យល់​ថា ​មូល​ហេតុ​អ្វី​​បាន​ជាប្រពន្ធ​​​​របស់​លោក​​​មិន​អាច​​មក​ជួប​​លោក​បាន​​យ៉ា​ង​ដូច្នេះ​​ទេ ។ លោក​យល់​ថា​ ប្រាកដ​​ជា​មាន​​​មនុស្ស​​​នៅពី​ក្រោយ​​​ខ្នង​នាង​​ និង​គំរាម​កំហែង​​រូប​នាង​​មិន​ឱ្យ​​​មក​ជួប​​ជុំ​ប្តី​​ និង​ក្រុម​គ្រួសារហើយ​​មើល​ទៅ​​​​ ។ តាម​រយៈ​​​សារ​ព័ត៌មាន​កោះ​សន្តិភាព​​​លោក​សុំ​ឱ្យ​​​ជន​ទាំង​ឡាយ​​​ដែល​ព្យា​​យាម​បំបែក​​​បំបាក់​​ប្រពន្ធលោក​​​នោះ​ត្រូវ​​តែ​​​ឱ្យ​នា​ង​​វិល​មក​​ផ្ទះ​វិញ​​ ។ ចំពោះ​ប្រពន្ធ​​​របស់​លោក​​​ត្រូវ​​តែ​​រក​វិធី​រត់​​ចេញ​មក​​​ឱ្យ​សមត្ថ​កិច្ច​​​ជួយ​​កុំ​ភ័យ​​​ខ្លាច​​​ថា​ប្តីមិន​ទទួល​យក​​​ធ្វើ​​ជាប្រពន្ធ​​វិញ​ឱ្យ​សោះ​​​ ទោះ​បី​ជា​​នាង​មាន​កូន​​ជាមួយ​​គេ​​​ក៏ប្តី​​នៅ​តែ​ទទួល​​យក​ដោយ​ក្តី​​រីក​រាយ​ដែរ ។

លោក​​រៀប​រាប់​​ថា​ ពេលនេះ​​​​លោក​មិន​វិល​​ទៅ​ស្រុក​​កំណើត​​​វិញ​​ឡើយ ហើយ​​លោក​នៅតែ​​រង់ចាំ​​ប្រពន្ធ​​រហូត​ទាល់​​តែ​បាន​​ជួប​ និ​ង​ជារៀង​រាល់​ថ្ងៃ​សីល​​​​​​លោក​តែង​តែ​​មក​កាន់​​វត្ត​ភ្នំ​​ ដើម្បី​​ដុត​ធូប​​​សុំ​​ឱ្យ​​លោក​យាយ​​ពេញ​​ជួយ ។ លោក​​ថា ពេជ្រ​​មែន បាន​រំលឹក​​ថា លោក​​និ​ង​នាង​យ៉ិត​​ គឹម​ហៀង​ បាន​រៀបការ​​​​ជាមួយ​គ្នា​​​នៅ​ឯ​ស្រុក​កំណើត​​ខាង​នាង​​នៅ​ភូមិ​​​ជើង​ខ្នារ​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​​ ខេត្ត​កំពង់​ឆ្នាំង កាល​ពី​ថ្ងៃទី​​១១ ខែ​មិថុនា​ ឆ្នាំ​​២០១១ ដោយ​មាន​​ចាស់​ទុំ​ទាំងសង​ខាង​​​ដឹង​ឮ​​ ដែល​សេចក្តី​ស្រឡាញ់​​​នេះ​ កើតចេញ​​ពី​បេះ​ដូង​​បរិសុទ្ធ​​​តែម្តង ដោយ​មិន​មាន​​​ការ​បង្ខិត​បង្ខំ​​ឡើយ ។

​ពាក្យ​មួយ​ឃ្លា​បាន​​ចង​​ក្រង​​​ថា ​គប្បី​រៀប​​ការ​​​ជាមួយ​​មនុស្ស​​ដែល​ស្រឡាញ់​​យើង​​ ជាជាង​​រៀប​ការ​​​ជាមួយ​​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ​​​ទោះ បី​ជា​​បែប​ណា​​ ​គ្មាន​នរណា​​ម្នាក់​​​ចាប់​មនុស្ស​​ឃុំ​អស់​​មួយ​ជីវិត​​បាន​ទេ​ ហើយ​ក៏​​មិន​អាច​​​ចាប់​​ឃុំ​ចិត្ត​​​មនុស្ស​​បា​​នដែរ ។ បើ​សិន​​​ជានាង​​​ត្រូវ​គេ​​ចាប់​​បង្ខាំង​​​នោះ​ ក៏​​មិន​អាច​ទៅ​​រួច​​​ដែរ ​ប្រសិន​​​បើ​នាង​​​ស្រឡាញ់​​​​ប្តី​មែន​​​នោះ​ ច្បាស់​​ជា​បង្ហាញ​​ខ្លួន​ពេល​​ណា​មួយ​​​មិន​ខានឡើយ ។ ភក្តី​​ភាព​​ដែល​មាន​ចំពោះ​​​ភរិយា​​​ជាទី​ស្រឡាញ់​​ គឹ​ជា​​​ទឹក​ចិត្ត​​​ស្ម័គ្រ​ស្មោះ​​​គួ​រឱ្យសរសើរ​​​ តែ​បើ​ភក្តី​តែ​ម្ខាង ​​​ពិតជា​​ គ្មាន​​​តម្លៃ​​​សម្រាប់​ស្នេហា​​ប្តូរ​ផ្តាច់​​​នោះ​ទេ ។

មាន​​ពាក្យ​ខ្លះ​​និយាយ​​ថា​​ មិន​ខ្វះ​ឡើយ​​ស្ត្រីល្អ និង​​​មិន​​​ខុស​ពីពាក្យ​ថា ប្រុស​ពេញ​ដី​ ស្រី​ពេញ​នគរនោះ​ឡើយ ។ បើ​យល់​​ឃើញ​ពាក្យ​​ចុង​ក្រោយ​​នេះ​ លោក​​ថា ពេជ្រមែន​​ ប្រាកដ​​​​ជា​​មិន​​ដេក​កើត​ទុក្ខ​​ ដេក​​​ឈឺ​​ចាប់​​រហូត​​ដល់​​​​ចង់​ស្លាប់​​បែ​ប​នេះ​ទេ ៕​

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ