ជាលើកដំបូង អ្នកវិទ្យាសាស្ត្រជប៉ុនបង្ហាញចលនាអាកាសធាតុ នៅផ្នែកពេលយប់នៃផ្កាយព្រឹក

//s9.kh1.co/ef/ef334832b0db977f0601d9d75c6310eb820ed6ee.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខណៈបរិយាកាសនៃភពសុក្រវិលយ៉ាងលឿន ភពខ្លួនឯងផ្ទាល់បែរជាមានចលនារង្វិលខ្ញាល់យឺតជាងភពសំខាន់ផ្សេងៗ

បរទេស៖ នៅក្នុងការសិក្សាថ្មី ក្រុមអ្នកស្រាវជ្រាវបានបង្កើតវិធីថ្មីមួយ ដើម្បីប្រើឧបករណ៍ចាប់សញ្ញាអាំងប្រាក្រហម លើផ្កាយរណបអាកាសធាតុ Akatsuki ដែលបានមកដល់គន្លងគោចរជុំវិញភពសុក្រ (ផ្កាយព្រឹកឬផ្កាយចោរ) នៅឆ្នាំ២០១៥ ដើម្បីស្រាវជ្រាវអំពី អាកាសធាតុនៅលើភពនេះនៅពេលរាត្រី។ ឧបករណ៍ចាប់សញ្ញាទាំងនេះបានរកឃើញ ពពកនៅពេលយប់និងលំនាំនៃចរន្តខ្យល់ប្លែកៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចភពផែនដីដែរ ភពសុក្រស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាន (habitable zone) របស់ព្រះអាទិត្យ ហើយមានផ្ទៃរឹងនិងបរិយាកាសដែលមានអាកាសធាតុ។ ដើម្បីស្វែងយល់ពីអាកាសធាតុនៅលើភពនេះ អ្នកស្រាវជ្រាវសិក្សាពីចលនាពពក នៅក្នុងពន្លឺអាំងប្រាក្រហម។ ទោះជាយ៉ាងណា ខណៈបរិយាកាសនៃភពសុក្រវិលយ៉ាងលឿន ភពខ្លួនឯងផ្ទាល់បែរជាមានចលនារង្វិលខ្ញាល់យឺតជាងភពសំខាន់ផ្សេងៗ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង មានន័យថាថ្ងៃនិយប់របស់វាមានរយៈពេលយូរ ដោយពេលថ្ងៃមានរយៈពេលប្រហែល១២០ថ្ងៃ ហើយពេលយប់ក៏មានរយៈពេលប្រហែល១២០ថ្ងៃនៅលើផែនដីផងដែរ។

បរិយាកាសលើភពសុក្រមានចលនាវិលលឿន
បរិយាកាសលើភពសុក្រមានចលនាវិលលឿន

មកដល់ពេលនេះ មានតែអាកាសធាតុផ្នែកចំហៀងត្រូវពន្លឺព្រះអាទិត្យរបស់ភពសុក្រទេ ដែលអាចត្រូវបានគេសង្កេតឃើញយ៉ាងងាយស្រួល ប៉ុន្តែនៅផ្នែកពេលយប់វិញ បើទោះជាប្រើកាំរស្មីអាំងប្រាក្រហមក៏នៅពិបាកក្នុងការមើលដែរ។ ដូចនេះទើបគេមិនអាចមើលដឹងអំពីអាកាសធាតុនៅពេលយប់នៃភពមួយនេះ ឲ្យបានច្បាស់លាស់។ ដើម្បីស្វែងយល់ពីទិដ្ឋភាពអាថ៌កំបាំងនៃភពជិតខាងយើង អ្នកស្រាវជ្រាវបានងាកទៅរកផ្កាយរណប Akatsuki ដែលជាផ្កាយរណបអង្កេតដំបូងរបស់ជប៉ុន ដែលបានធ្វើដំណើរជុំវិញភពមួយផ្សេងទៀត។

ការអង្កេតត្រូវបានរចនាឡើង ដើម្បីតាមដានភពសុក្រនិងអាកាសធាតុរបស់វា ហើយរូបភាពអាំងប្រាក្រហមដដែល មិនត្រូវការពន្លឺព្រះអាទិត្យដើម្បីមើលទេ។ ទោះជាយ៉ាងណា វិធីនេះក៏មិនអាចសង្កេតមើលយ៉ាងលម្អិត នៅពេលយប់របស់ភពសុក្រដែរ។ ដោយប្រើវិធីសាស្ត្រថ្មី ដើម្បីដោះស្រាយទិន្នន័យដែលចាប់បានដោយរូបភាព ក្រុមអ្នកស្រាវអាចមើលដោយប្រយោល ចំពោះអាកាសធាតុពេលយប់ ដែលពិបាកយល់។

ភពសុក្រ
ភពសុក្រ

ពពកទ្រង់ទ្រាយតូចៗនៅក្នុងរូបភាពផ្ទាល់មានលក្ខណៈស្រាល ហើយមិនអាចបែងចែកឲ្យដាច់ពីផ្ទៃរំខាននៅពីខាងក្រោយ។ ដើម្បីពិនិត្យមើលឲ្យលម្អិត គេត្រូវការកាត់បន្ថយផ្ទៃរំខាន។ វាជារឿងធម្មតាក្នុងការផ្សំរូបភាពចូលគ្នា ព្រោះលក្ខណៈពិតក្នុងសំណុំនៃរូបភាពស្រដៀងគ្នា អាចនឹងបំបាត់ភាពរំខាន។ ទោះជាយ៉ាងណា ភពសុក្រមានលក្ខណៈពិសេសមួយ ដែលប្រព័ន្ធអាកាសធាតុទាំងមូលវិលយ៉ាងលឿន ដូចនេះគេត្រូវការប៉ះប៉ូវសម្រាប់ចលនានេះ ដើម្បីកំណត់ព័ត៌មានគួរឲ្យចាប់អារម្មណ៍ សម្រាប់ការសិក្សា។

ជាមួយនឹងវិធីសាស្ត្រវិភាគថ្មីនេះ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញខ្យល់ នៅទិសខាងជើង-ត្បូងនៃភពនៅពេលយប់ ហើយបានរកឃើញមានអ្វីប្លែក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ដំណើរបែបនេះមានភាពផ្ទុយគ្នាពីផ្នែកពេលថ្ងៃ។ ការសង្កេតនេះអាចជួយឲ្យគេបង្កើតគំរូនៃប្រព័ន្ធអាកាសធាតុភពសុក្របន្ថែមទៀត ដែលអាចសង្ឃឹមថានឹងឆ្លើយនូវសំណួរ ដែលមិនទាន់មានចម្លើយជាយូរមកហើយ។ ដោយប្រើប្រាស់វិធីសាស្ត្រថ្មីនេះ អ្នកស្រាវជ្រាវគិតថា ការសិក្សានាពេលអនាគតអាចបង្ហាញព័ត៌មានលម្អិតថ្មីៗ អំពីអាកាសធាតុនៅលើភពផ្សេងទៀត ដូចជាភពអង្គារឬភពផែនដីដោយផ្ទាល់៕

ប្រភព: Space

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T