ប្រជាជនច្រើននាក់ឆ្លងកូវីដ១៩ នៅខេត្តព្រះសីហនុ ក្រោយចូលរួមពិធីបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ

//s9.kh1.co/3d/3d713a661c01db485988ee1cfa5d205ea2f6755f.jpg
សង្គម

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១​ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៦០ នាក់ ដែលបានទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ២២ ខែកក្កដា ម្សិលមិញ យោងតាម រដ្ឋបាលខេត្តព្រះសីហនុប បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ ៦០ នាក់ ស្ថិតនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលរួមពិធីបុណ្យសព ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងទីតាំងដដែលនេះ មានករណីប្រជាពលរដ្ឋម្នាក់ ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺរ៉ាំរ៉ៃ ដែលមានរយៈពេល ៥ខែមកហើយ ។ ប៉ុន្តែជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំដល់គ្រួសារសព និងមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យនោះទេ ដោយត្រូវរង់ចាំការយកសំណាកសិន ប្រសិនបើក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណីបាន តែជាលក្ខណ:គ្រួសារនិងមិនឱ្យមានការប្រមូលផ្តុំនោះទេ។ ប៉ុន្តែបើក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពនោះទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។

បន្ទាប់មក ខាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ បានពិនិត្យឃើញថា មាន(វិជ្ជមាន)កូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាល នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពនោះទេ។

ដោយឡែក តាមព័ត៌មានដែលទទួលបាន បើទោះបីជាមិនមានការរៀបចំពិធីបុណ្យក៏ពិតមែន តែក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្យជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។

ចំពោះសកម្មភាពមួយនេះ បានបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

សូមទស្សនារូបភាពខាងក្រោម៖ 

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T