ភ្នំពេញៈ តារាចម្រៀងចំណូលថ្មី ដែលទស្សនិកជនស្គាល់ និងដាក់រហ័សនាមឲ្យថាជា តារាចម្រៀងខេមទី២ និងមានខ្លះទៀត លើកឡើងថា លោកជាកូនភ្លោះជាមួយ តារា ចម្រៀងខេម តារាចម្រៀងសំនៀងស្អក ប្រចាំផលិតកម្មថោនគឺ លោក រ៉ូមែន ដែលមាន ឈ្មោះពិតថា ធី បូរិទ្ធ បានបង្ហើបប្រាប់ពីរឿងរ៉ាវឈឺចាប់ ស្នេហាជួបភាពប្រះឆា ដោយសារតែការជំនះចិត្តចង់ ចូលប្រឡូកក្នុងវិថីសិល្បៈ សុខចិត្តបោះបង់អ្នកជាទីស្រលាញ់ ។

តារាចម្រៀងរះលើវិថីសិល្បៈ ប្រមាណជាជិត២ឆ្នាំ លោក រ៉ូមែន បានបរិយាយពីការងារ ឈឺចាប់របស់លោកប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះថា បើរំឭកទៅដល់ អតីតកាលលោកពិតជា ជួបរឿងសោកសង្រេង ឈឺចាប់តស៊ូមិនតិចទេ ទម្រាំតែលោកមានថ្ងៃនេះ សូម្បីតែក្រុមគ្រួសារ និងមនុស្ស ជាទីស្រលាញ់ក៏លោកត្រូវបង្ខំចិត្ត បោះបង់ចោលទាំងអស់ ព្រោះតែសិល្បៈតែមួយមុខគត់ ។

តារាចម្រៀងមិនទាន់មានទ្រនំជ្រក លោក រ៉ូមែន បានប្រាប់ឲ្យទៀតថា “ ដើម្បីសិល្បៈ ខ្ញុំត្រូវមករស់នៅ តែលតោលម្នាក់ឯង នៅទីក្រុង ភ្នំពេញ ទាំងដែលខ្ញុំមិនធ្លាប់ស្គាល់ ទីក្រុងទំនើបមួយនេះទាល់តែសោះ ខ្ញុំសុខចិត្តរត់មកទីក្រុងចោលគ្រួសារ និងម្ចាស់បេះដូង ខ្ញុំបាន បង្កាត់ភ្លើងស្នេហាជាមួយ សង្សារសំណព្វចិត្តរបស់ខ្ញុំ តាំងពីនៅរៀនមកម្ល៉េះ ពួកខ្ញុំទាំងពីរនាក់ ស្រលាញ់គ្នាណាស់ តែដល់ពេល ខ្ញុំសម្រេចចិត្ត មកបណ្តែតក្បូនជីវិត លើវិថីសិល្បៈ ដោយមិនចង់បានអ្វីក្រៅ ពីឱកាសល្បីឈ្មោះនោះទេ ហើយចំណងស្នេហា របស់ខ្ញុំក៏ត្រូវកាត់ផ្តាច់តាំងពីពេលនោះមកដែរ”។

តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនេះក្តីសង្ឃឹមរបស់លោក ចាប់ផ្តើមក្លាយជាការពិតហើយ លោក សប្បាយរីករាយ រំភើបចិត្តខ្លាំងណាស់ ដែលលោកមានឱកាស បានក្លាយជាតារាចម្រៀង អាចមានឱកាស ច្រៀងតាមខនសឺត ឡើងប៉ុស្តិ៍ បង្ហាញមុខតាមទូរទស្សន៍ “ខ្ញុំពិតជាមិននឹកស្មានទេថា ខ្ញុំអាចមានថ្ងៃនេះ ខ្ញុំមិនហ៊ានមានមហិច្ឆតា ខ្លាំងជាងនេះទៀតទេ ហើយចំណែក រឿងរ៉ាវស្នេហាខ្ញុំសូម បិទបេះដូង មិនចង់គិតពីរឿងនេះទៀតទេ ព្រោះថាមិនចង់ យករឿងស្នេហាមកលាយឡំជាមួយ ការងារខ្លាច ធ្លាក់ប្រជាប្រិយភាព ” ។

ជាមួយគ្នានោះដែល លោក រ៉ូមែន ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា រយៈពេល២ឆ្នាំនេះ លោកបានទទួលការងារច្រើន ទាំងឱកាសច្រៀង នៅក្នុងក្លឹប Classic Night  ហើយនិងថតខារ៉ាអូខេ ឲ្យខាងផលិតកម្មជាច្រើនទៀត ហើយថ្មីៗនេះ លោកទើបតែ ថតបញ្ចប់ ជាមួយ កាយវិការខារ៉ាអូខេបទ “កុំភ្លេចស្វាយរៀង” ជាការបកស្រាយរបស់ កញ្ញា សុគន្ធ នីសា និងលោក ពែកមី និងបទចម្រៀងជាច្រើនទៀតនេះ គឺជាលទ្ធផលដែលទទួលបានពី ការតស៊ូខំប្រឹងចេញ ពីញើសឈាមរបស់លោក លំបាកវេទនានាពេលកន្លងមក។

តារាចម្រៀងដែលទស្សនិកជន មានការយល់ច្រឡំថាជា កូនភ្លោះរបស់ លោក ខេម បានបង្ហើបប្រាប់ឲ្យដឹងថា លោកមិនធ្លាប់ គិតថាចង់ល្បី ដោយពឹងទៅលើកេរ្តិ៍ឈ្មោះ របស់ លោក ខេម ទេ គឺលោកចង់មានឈ្មោះល្បី ដោយខ្លួនឯងហើយ ចំពោះមុខនិងស្តាយ តុបតែងខ្លួននោះ លោកក៏ចង់បកស្រាយដូចគ្នា តាមពិតលោក និងលោក ខេម មិនមានខ្សែស្រឡាយជា បងប្អូនគ្នាអីនោះទេ ហើយចំណែកស្តាយ ក្នុងការ តុបតែងខ្លួន គឺលោកមានតាំង ពីមិនទាន់ចូលសិល្បៈម្ល៉េះ ។ នៅពេលដែលលោកចូលសិល្បៈ ហើយឃើញ តារាចម្រៀងល្បីឈ្មោះ លោក ខេម លោកក៏មានការភ្ញាក់ផ្អើលដូចគ្នា ម្យ៉ាងក៏មិននឹកស្មានថា មានការតុបតែងខ្លួនដូចគ្នា សំលេង ច្រៀងស្រដៀងគ្នា និងមុខមាត់ដូចគ្នានោះទេ លោកក៏ឆ្ងល់ដែរ ប្រហែលមកពីព្រហ្មលិខិត ហើយមើលទៅ៕










ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]