ភ្នំពេញ៖ មូលនិធិមួយនៅក្រៅប្រទេស កំពុងឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តឯកទេស និងមូលនិធិគិតជាទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការឧបត្ថម្ភនេះដែលជាការឧបត្ថម្ភធំបំផុតមួយ ដែលធ្វើឡើងដោយមូលនិធិឯកជននៅក្រៅប្រទេស ត្រូវបានធ្វើឡើងក្នុងនាមជា មូលនិធិពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលពីអង្គការ Digital Divide Data ដែលជាអង្គការសង្គមមួយមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។

អ្នកស្រី Lyna Lam ដែលស្ថាបនិកមូលនិធិពុទ្ធសាសនាខ្មែរ គឺជាជនភៀសខ្លួនកម្ពុជាដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងសានហ្រ្វានស៊ីស្កូ។ អ្នកស្រី Lyna បានរៀបការជាមួយលោក Chris Larsen ស្ថាបនិកក្រុមហ៊ុន Ripple ដែលជាក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល (cryptocurrency)។
អ្នកស្រី Lyna Lam ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិពុទ្ធសាសនាខ្មែរ បានថ្លែងថា៖
« យើងមានក្តីក្រៀមក្រំ ដែលបានទទួលដំណឹងអំពីស្ថានភាពជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅកម្ពុជា។ បើទោះជាយើងដឹងថា ប្រជាជនកម្ពុជាមានភាពធន់ និងមានប្រវត្តិស្ទុះងើបឡើងវិញពីភាពលំបាកខ្លាំងជាងពីពេលមុនក៏ដោយ ក៏យើងដឹងថា ការផ្គត់ផ្គង់ និងធនធានបន្ថែមអាចជួយពន្លឿនដល់ការស្ទុះងើបឡើងវិញរបស់ពួកគាត់ និងទប់ស្កាត់ការរាតត្បាតដ៏អាក្រក់នេះ។ »
អ្នកស្រីបន្ថែមថា៖
« យើងជឿងថា វាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក្នុងការជួយដល់ប្រទេសកម្ពុជា តាមមធ្យោបាយណាមួយដែលពួកគាត់អាចធ្វើបាន គឺដូចទៅនឹងពលរដ្ឋឥណ្ឌាអាមេរិកាំង ដែលបានប្រឹងប្រែងជួយក្នុងវិបត្តិកូវីដក្នុងប្រទេសឥណ្ឌាដូច្នេះដែរ។ បើអ្នកមានធនធានដែលអាចជួយបាន សូមពិចារណាជួយដោយកុំបង្អែបង្អង់។ »

យោងតាមលោក Jeremy Hockenstein ប្រធានអង្គការ Digital Divide Data បានឱ្យដឹងថា ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ ត្រូវបានចំណាយលើឧបករណ៍វេជ្ជសាស្រ្តឯកទេសនានាដូចជា ឧបករណ៍ជំនួយដកដង្ហើម (ventilators) ម៉ាស៊ីនលំហូរអុកស៊ីសែន (high-flow oxygen cannulas) ឧបករណ៍តាមដានស្ថានភាពអ្នកជំងឺ និងឧបករណ៍ចាក់ថ្នាំស្វ័យប្រវត្តិ (automatic injection pumps) ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងអំណោយជាកុំព្យូទ័រយួរដៃ និងទូរស័ព្ទចល័តជូនដល់ក្រុមការងាររបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។
ទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារផ្សេងទៀតត្រូវបានឧបត្ថម្ភដល់អង្គការ Friends-International ដែលមានមូលដ្ឋាននៅកម្ពុជា និងដៃគូរបស់អង្គការ ChildSafe Alliance សម្រាប់ជំនួយបន្ទាន់ និងការគាំទ្រដល់គ្រួសារក្រីក្រ និងអ្នកគ្មានផ្ទះសម្បែងក្នុងខេត្តចំនួន ៩ ក្នុងប្រទេសកម្ពុជា។
មូលនិធិពុទ្ធសាសនាខ្មែរ បានចំណាយពេល ២ខែដើម្បីទាក់ទងជាមួយអង្គការ Digital Divide Data ក្រុមវិជ្ជបណ្ឌិតខ្មែរដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមវិជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃថាតើឧបករណ៍មួយណាដែលជាតម្រូវការបន្ទាន់បំផុត។

ក្នុងនាមជាស្ថាបនិករបស់មូលនិធិពុទ្ធសាសនាខ្មែរ អ្នកស្រី Lyna Lam មានចិត្តចង់ជួយប្រទេសកំណើតរបស់គាត់ក្នុងការដោះស្រាយបញ្ហានានា ដែលកម្ពុជាកំពុងប្រឈមក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ អ្នកស្រី Lyna និងគ្រួសាររបស់គាត់ចំនួន ៧នាក់ គឺជាពលរដ្ឋខ្មែរ ដែលបានរត់គេចខ្លួនចេញពីប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៩ នៅពេលដែលគាត់ទើបតែមានអាយុ ៩ឆ្នាំ ក្នុងពេលដែលរបបខ្មែរក្រហមបានបញ្ចប់។ ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បានចំណាយពេលជិត ៤ឆ្នាំ។ ការចំណាយពេលលើការធ្វើដំណើរនេះ រួមទាំងការស្នាក់នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ និងហ្វីលីពីនផងដែរ។
អ្នកស្រី Lyna និយាយអំពីការធ្វើដំណើរនេះថា៖
« វាគឺជាជីវិតដ៏លំបាក មានអាហារឬទឹកតិចតួច និងមានទីឃ្លាតូចនិងគ្មានសុវត្ថិភាព ប៉ុន្តែយើងដឹងថា ជាចុងក្រោយយើងបានក្លាយជាអ្នកដែលមានសំណាង។ »
នៅពេលគាត់ និងគ្រួសាររបស់គាត់បានទៅដល់សហរដ្ឋអាមេរិក ស្ថានភាពរបស់អ្នកស្រី Lyna មានភាពប្រសើរឡើង។ ដំបូងឡើយ គាត់និងគ្រួសាររបស់គាត់បានរស់នៅក្នុងតំបន់គម្រោងលំនៅឋានមួយ ដែលសម្បូរដោយអំពើឧក្រិដ្ឋកម្មក្នុងទីក្រុង Pittsburgh រដ្ឋ California។ នៅទីនោះហើយដែលអ្នកស្រី Lyna និងគ្រួសាររបស់គាត់ទទួលបានការជួយជ្រោមជ្រែងពីស្រ្តីម្នាក់ ដែលធ្វើការងារឱ្យអាជ្ញាធរលំនៅឋានក្នុងតំបន់នោះ ដែលបានផ្តល់ជូនគ្រួសាររបស់អ្នកស្រីនូវប្រាក់ឧបត្ថម្ភធន សម្រាប់ថ្លៃជួលកន្លែងស្នាក់នៅ។
ជាច្រើនឆ្នាំកន្លងផុតទៅ បន្ទាប់ពីធ្វើការងារនៅក្នុងវិស័យកម្មវិធីកុំព្យូទ័រ អ្នកស្រី Lyna បានបើកភោជនីយដ្ឋានផ្ទាល់ខ្លួន តែក្រោយមកអ្នកស្រីបានលក់ភោជនីយដ្ឋាននេះវិញ។ អ្នកស្រីបានរៀបការជាមួយលោក Chris Larsen ក្នុងឆ្នាំ២០០៣។
ឥឡូវ អ្នកស្រី Lyna ផ្តោតលើការគាំទ្រដល់ពលរដ្ឋខ្មែរដែលរស់នៅទាំងក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកម្ពុជា និងវៀតណាម។ នាពេលបច្ចុប្បន្ន អ្នកស្រីកំពុងសាងសង់ព្រះវិហារព្រះពុទ្ធសាសនាមួយក្នុងទីក្រុង San Jose រដ្ឋ California។ អ្នកស្រីក៏ជាអ្នកឧបត្ថម្ភម្នាក់ផងដែរដល់កម្មវិធី Larsen Lam ICONIQ Impact Award ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ដំណោះស្រាយនវានុវត្តន៍ ដល់វិបត្តិជនភៀសខ្លួនក្នុងពិភពលោក។ អ្នកស្រី Lyna ក៏កំពុងផ្តល់ហិរញ្ញវត្ថុផងដែរ ដល់កម្មវិធីមួយដើម្បីចងក្រង និងធ្វើឌីជីថលនីយកម្មអក្សរខ្មែរ ដែលមានសារៈសំខាន់ខ្លាំងដល់ការរក្សាវប្បធម៌ខ្មែរ។
អ្នកស្រី Lyna បានបើកដំណើរការមូលនិធិពុទ្ធសាសនាខ្មែរនេះឡើង ក្នុងឆ្នាំ២០១៨ ពីព្រោះអ្នកស្រីបានមើលឃើញថា ការគាំទ្រ ការបង្ហាត់បង្រៀន និងទឹកប្រាក់បន្តិចបន្តួចអាចផ្លាស់ប្តូរជីវិតមនុស្សបាន ដោយប្រែក្លាយពីក្តីអស់សង្ឃឹមនិងភាពក្រីក្រ ទៅជាការបង្កើនភាពអង់អាច និងការចូលរួមចំណែកណាមួយវិញ។
អ្នកស្រីបានថ្លែងថា៖
« ខ្ញុំដឹងថា បងប្អូនខ្មែរយើងចិត្តល្អ មានការគោរពគ្នា មានសុទិដ្ឋិនិយម ហើយកន្លងមកបានបង្ហាញនូវភាពមិនចុះចាញ់។ ខ្ញុំដឹងថា ជាមួយនឹងជំនួយតិចតួចនេះ ប្រជាពលរដ្ឋខ្មែរនឹងកាន់តែមានភាពរឹងមាំឡើង។ »