ភ្នំពេញៈ ថ្មីៗកន្លងទៅនេះ តារាកំប្លែងល្បីឈ្មោះ ប្រចាំសា្ថនីយទូរទស្សន៍ ស៊ី ធី អ៉ិន លោក ចែម ចាន់តារា ហៅនាយ ពែកមី ត្រូវបានទស្សនិកជនមួយចំនួន នាំគ្នានិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយថា លោកត្រូវបានគេចាប់ដាក់គុក ទើបធ្វើឲ្យលោកអវត្តមាន មិនបានឡើងសម្តែង នៅលើកញ្ចក់ទូរទស្សន៍។ ពាក្យចចាមអារ៉ាមទាំងអស់នេះ ត្រូវបានតារាកំប្លែងរូបនេះ ចេញមុខច្រានចោល បែបភ្ញាក់ផ្អើលភ្លាមៗ បន្ទាប់ពី លោកបានទទួលព័ត៌មានបែបនេះភ្លាម ។

ការលេចឮពាក្យចចាមអារ៉ាមនេះ បានលើកឡើងតៗគ្នាទាំងខាងក្រៅ និងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ពីមួយទៅមួយថា តារាកំប្លែងនាយ ពែកមី ត្រូវបានសមត្ថកិច្ច ចាប់ដាក់គុកក្រោយពីលោកឃោសនា គណបក្សខុសហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវខាងស្ថានីយទូរទស្សន៍ ហាមឃាត់មិនឲ្យឡើងប៉ុស្តិ៍ សម្តែងទៀតទេ ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដូច្នេះហើយ បានជាលោក អាក់ខានមិនបានចូលរួមសម្តែងកំប្លែង កាលពីពេលកន្លងទៅនេះ ។ ហើយសន្ទុះកេរ្តិ៍ឈ្មោះរបស់លោក ក៏ប្រហែលជាធ្លាក់កូដ ទៅតាមហ្នឹង ហើយដោយសារតែត្រូវបាត់មុខ ពីវិស័យសិល្បៈ និងមិនបានឡើងបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ដូចពេលមុនទៀតនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក ពែកមី បានទូរស័ព្ទមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដោយផ្ទាល់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នេះដោយលោកបានច្រានចោល ព័ត៌មានទាំងអស់នោះ គឺមិនមែនជារឿងពិតនោះទេ ហើយពេលនេះលោកក៏នៅតែ មានវត្តមានបន្តអាជីពចាស់ ដដែលមិនបានបាត់វត្តទៅណា ឬក៏ជាប់គុកដូចការលើកឡើង នាពេលកន្លងមកនោះទេ។

តារាកំប្លែងសម្បូរវោហាររូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ណាស់នៅពេលដែលឮព័ត៌មានបែបនេះ ត្រូវកើតឡើងលើខ្ញុំទាំងដែលខ្ញុំ មិនបានដឹងខ្លួនទាល់តែសោះ ខ្ញុំទើបតែដឹងនៅពេលឃើញទស្សនិកជន និងបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងសួរខ្ញុំពីរឿងនេះ ” ។

នាយ ពែកមី បានប្រាប់ឲ្យដឹងទៀតថា “ តាមពិតទៅខ្ញុំនៅតែបន្តលេងដដែល ហើយការដែលខ្ញុំបាត់វត្តមាន មួយសប្តាហ៍នោះ គឺដោយសារតែខ្ញុំឈឺមិនមែន មានបញ្ហាដូចការលើកឡើង ខាងលើទេហើយខ្ញុំពាក់មី នៅតែបន្តអាជីពនេះដដែល ហើយខ្ញុំសង្ឃឹមថាក្រោយពីខ្ញុំចេញមុខ បកស្រាយរឿងនេះរួច និងធ្វើឲ្យទស្សនិកជនលែងយល់ច្រឡំទៀត ” ។

លោក ចែម ចាន់តារា ហៅនាយ ពែកមី គឺជាតារាកំប្លែងប្រុសមួយដួង ដែលមានភាពលេចធ្លោខ្លាំង នៅក្នុងក្រុមកំប្លែងល្បី ឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ចាប់តាំងពីលោកចូលប្រឡូក ក្នុងវិស័យសិល្បៈលោកធ្លាប់ជួបប្រទះ និងរឿងអាស្រូវ ស្នេហាជាមួយ តារាស្រីល្បីឈ្មោះរួមក្រុម នាង ខ្ញុង តែព័ត៌មាននេះ ត្រូវបានសាបរលាប ទៅវិញ មិនបានប៉ុន្មាន ផង ។ ស្រាប់តែថ្មីៗនេះ លោកបានជំពប់និងរឿងថ្មីមួយទៀត ដែលមានការលើកឡើងតៗគ្នា លោកត្រូវបានសមត្ថកិច្ច ចាប់ដាក់គុក និងលែងបាន បង្ហាញមុខនៅលើ កញ្ចក់ទូរទស្សន៍ទៀតហើយ តែជុំវិញព័ត៌មាននេះត្រូវ បានលោកចេញមុខបកស្រាយ និងច្រានចោលភ្លាមៗ៕





ដោយ៖ Looking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី