សិល្បករ សិល្បការិនីទទួលបានការគាំទ្រ និងជោគជ័យជាបន្តបន្ទាប់ ក្រោយពីពួកគេទទួលបានពានអាណាចក្រតារា កាលពីឆ្នាំ២០១២។

កម្មវិធីអាណាចក្រតារារៀប ចំកាលពីឆ្នាំមុន ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ កម្មវិធីផ្ដល់ពានដល់សិល្បករ ដ៏ធំជាងគេនៅកម្ពុជាមួយនេះ បានជួយលើកកម្ពស់មុខមាត់សិល្បករ សិល្បការិនី ជាតឹកតាង សិល្បករ សិល្បការិនីកាន់តែមានសន្ទុះទីផ្សារកាន់តែខ្លាំងនៅក្នុង វិស័យសិល្បៈ បន្ទាប់ពីទទួលបានពានកាលពីឆ្នាំទៅមិញរួចមក។

ជាក់ស្ដែងកញ្ញា គង់ ចាន់ស្រីមុំ ដែលទទួលពានផ្នែកតារាស៊ីវិល័យ ប្រចាំឆ្នាំ២០១២ មានទីផ្សារខ្ពស់ ដោយមានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនានា ទាក់ទងនាងឱ្យថតឱ្យ។ ក្នុងឆ្នាំ២០១២ នេះដែរ តារាសម្ដែង sexy រូបនេះ បានបង្ហាញវត្តមានខ្សែភាពយន្តខ្នាតធំ ជាមួយតារាចម្រៀងល្បីឈ្មោះ គឺលោក ខេមរៈ សិរីមន្ត ក្នុងរឿង ”វិញ្ញាណបិសាចជញ្ជក់ឈាម” ដោយទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ មួយវិញទៀត កាលពីពេលថ្មីៗនេះកញ្ញា គង់ ចាន់ស្រីមុំ ទើបតែវិលត្រឡប់ពីសិង្ហបុរីដើម្បីថតស្ប៉តធំឱ្យក្រុមហ៊ុនខ្មែរ សហការជាមួយប្រទេសសិង្ហបុរី។

ងាកទៅពិធីករល្បីឈ្មោះរបស់ MYTV តាប៊ុយ វិញឃើញថា តាំងពីក្លាយជាពធីករមក តារារូបនេះមិនដែលបង្ហាញវត្តមានក្នុងទីផ្សារភាពយន្តម្ដងណាទេ។ ប៉ុន្តែក្រោយពីទទួលពានអាណាចក្រតារាឆ្នាំ២០១២ផ្នែកពិធីករមានប្រជាប្រិយភាពប្រចាំឆ្នាំ ឃើញ ថា ទីផ្សារលោកបានហក់ឡើងខ្ពស់។ លោក តាប៊ុយ ទើបបង្ហាញវត្តមានខ្សែភាពយន្តដំបូងរបស់លោកគឺរឿង “ខ្លាចអី? សើចតើ!” ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទន្ទឹមគ្នានេះ លោកក៏ត្រៀមបង្ហាញវត្តមានវគ្គពីរនៅក្នុងខ្សែភាពយន្តនេះផងដែរ។

និយាយពីជយលាភីផ្នែកតារាថ្មី លេចធ្លោប្រចាំឆ្នាំ កញ្ញា សារ៉ាយ សក្ខណា វិញឃើញថា កញ្ញាមិនដែលមានពេលសម្រាកនៅផ្ទះទេ ក្រោយពីទទួលបានពាននេះនៅក្នុងឆ្នាំ២០១២។ កញ្ញាបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តជាច្រើនដូចជា “តើអ្នកធ្លាប់ស្រលាញ់ខ្ញុំទេ?” សម្ដែងជាមួយលោក ព្រាប សុវត្ថិ ដឹកនាំដោយផលិតករម៉ាឡេស៊ី រឿង ”កុមារី២៥ឆ្នាំវគ្គពីរ” និងរឿងជាច្រើនទៀត។ មិនត្រឹមតែសម្ដែងខ្សែភាពយន្តកញ្ញា សារ៉ាយ សក្ខណា ថែមទៀតទទួលថតស្ប៉ត និងធ្វើជាពិធីការិនីទៀតផង។

ក្រឡេកមើលទៅអ្នកនាង កែវ ស្រីនាង ដែលទទួលពានតារា សម្ដែងប្រជាប្រិយភាពប្រចាំឆ្នាំ២០១២ឯណោះវិញក៏មិនសូវខុសប្លែកពី តារាៗខាងលើប៉ុន្មានដែរ ពោលគឺអ្នកនាងមានប្រជាប្រិយភាពកាន់តែខ្ពស់បន្ទាប់ពីទទួលពាន នេះ។ ជាក់ស្ដែង កញ្ញាបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿង ”តើអ្នកធ្លាប់ស្រលាញ់ខ្ញុំទេ?” ដោយសម្ដែងជាមួយលោក ព្រាប សុវត្ថិ និងកញ្ញា សារ៉ាយ សក្ខណា ដឹកនាំដោយផលិតករម៉ាឡេស៊ី។ ថ្មីៗនេះអ្នកនាងទើបបញ្ចប់ខ្សែភាពយន្តថ្មីគឺរឿង ”ទេវតាធ្លាក់ពីលើមេឃ” ជាមួយនាយក្រឹម។ ក្រៅពីការថតរឿងនៅមានស្ប៉តជាច្រើនទៀតដែលតារាសម្ដែងល្បីឈ្មោះរូបនេះបានថត។

ដោយឡែកនិយាយពីលោក អូន ឧស្សាហ៍ ដែលទទួលពានផ្នែកតារាស៊ីវិល័យប្រចាំ ឆ្នាំ២០១២វិញឃើញថាហាក់មានទីផ្សារខ្ពស់ប្លែកក្រោយពីទទួលពាន នេះ។ ជាក់សម្ដែងនៅពេលទទួលបានពាននេះភ្លាមលោកត្រូវបានម្ចាស់ផលិតកម្ម ក្នុងស្រុកនានាហៅឱ្យថតសម្ដែងរឿងជាញឹកញាប់រកតែពេលសម្រាក គ្មាន។

លោក អូន ឧស្សាហ៍ ធ្លាប់បញ្ជាក់ថា ៖“ខ្ញុំរំភើបសប្បាយរីករាយ ក្រោយពីទទួលបានពានពីកម្មវិធី “អាណាចក្រតារា” ។ ពានរង្វាន់នេះបានកែប្រែមុខមាត់របស់ខ្ញុំនៅក្នុងសិល្បៈ។ ផលិតកម្មមួយចំនួនដូច ថោន ហង្សមាស ជាដើម ខ្ញុំមិនដែលបានបង្ហាញខ្លួននោះទេកាលពីមុន។ ប៉ុន្តែក្រោយពីទទួលបានពានភ្លាមផលិតកម្មទាំងនោះចាប់ផ្ដើម ទំនាក់ទំនងខ្ញុំ ធ្វើឲ្យទីផ្សាររបស់ខ្ញុំកើនឡើង”។

លោកបានបន្តថា ដោយទីផ្សារផ្នែកសម្ដែងកើនឡើង ធ្វើឲ្យតម្លៃខ្លួនរបស់លោកបានកើនឡើងផងដែរ ដែលខុសប្លែកពីមុនមិនសូវមានទីផ្សារ ហើយតម្លៃខ្លួនក៏ទាបដែរ។ ជាមួយគ្នានេះដែរ លោកក៏បានបដិសេធន៍ការថតរឿងពីរផ្សេងទៀត ដោយសារមិនមានពេលទំនេរ។

មិនត្រឹមតែតារាៗខាងលើប៉ុន្មាននាក់នេះទេដែលទទួលបានទីផ្សារខ្ពស់នៅពេលទទួលបានពានអាណាចក្រតារា តែនៅមានតារាៗផ្សេងទៀតក៏ទទួលបានទីផ្សារខ្ពស់ផងដែរក្រោយពី ទទួលបានពានអាណាចក្រតារាកាលពីឆ្នាំ២០១២។ ចាំមើលថា តើនៅឆ្នាំ២០១៣នេះតារារូបណាខ្លះនឹងទទួលបានពានអាណាចក្រតារា ដែលប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែសីហាខាងមុខ? ម្យ៉ាងទៀតចាំមើលថាតើតារាទាំងនោះនឹងមានទីផ្សារបែបណានៅពេល ទទួលបាននេះ៕









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ