ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ!

//s9.kh1.co/2f/2fdca16e6da094928c3ba722d827865aaaef7a3b.jpg
យល់ដឹង

 ១៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្ន​នេះ ការ​ពាក់​ម៉ាស​ពិត​ជា​ចាំ​បាច់​ណាស់​​ក្នុង​ការ​ការពារ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ម៉ាស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព​ស្បែក​មុខ​ផង​ដែរ​។

បច្ចុប្បន្ន​នេះ ការ​ពាក់​ម៉ាស​ពិត​ជា​ចាំ​បាច់​ណាស់​​ក្នុង​ការ​ការពារ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ម៉ាស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព​ស្បែក​មុខ​ផង​ដែរ​។ ពាក់​ម៉ាស​យូរ​អាច​ធ្វើ​ឲ្យ​មុខ​ឡើង​មុន របក​ស្បែក ឡើង​រមាស់ និង​កន្ទួល​ជា​ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ឯកទេស​ខាង​រោគ​សើស្បែក​បាន​ណែ​នាំ​តិចនិក​មួយ​ចំនួន​ដល់​ស្រីៗ​ ដើម្បី​ការពារ​ស្បែក​មុខ​។

១. សម្អាត និង​ផ្ដល់​សំណើម​ដល់​មុខ​ជា​ប្រចាំ​

ក្នុង​មួយ​ថ្ងៃ​ៗ​បើ​យើង​ធ្វើ​ការ​ ឬ​ចេញ​ក្រៅ​ផ្ទះ​ច្បាស់ជា​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មិន​ខាន។ ដូច​នេះ ស្រីៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​មុខ និង​ផ្ដល់​សំណើម​ដល់​មុខ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់។ ការ​ថែទាំ​ស្បែក​មុខ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រួច​ផុត​ពី​បញ្ហា​បង្ក​ដោយ​ការ​ពាក់​ម៉ាស​។

ពេល​លាង​សម្អាត​មុខ ចូរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​ណា​ដែល​មិន​មាន​ក្លិន​​ និង​​មិន​មាន​ជាតិ​អាល់កុល​។ ក្រោយ​ពី​លាង​សម្អាត​មុខ​ហើយ គ្នា​យើង​មាន​ស្បែក​មុខស្ងួត ឬ​រមាស់​គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​បន្ថែម​ទៀត​។

ការ​ជ្រើស​រើស​ផលិត​ផល​ផ្ដល់​សំណើម​ គួរ​ពិនិត្យ​លើ​ប្រភេទ​ស្បែក​មុខ​​ និង​គួរ​ប្រើ​មុន និង​ក្រោយ​ពាក់​ម៉ាស​៖

  • ស្បែក​មុខ​ខ្លាញ់ គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​ប្រភេទ​ជែល​
  • ស្បែក​មុខ​ធម្មតា គួរ​ប្រើ​ផលិត​ផល​ឡេ​ផ្ដល់​សំណើម​
  • ស្បែក​មុខ​ស្ងួត គួរ​ប្រើ​ប្រភេទ​ក្រែម​​ផ្ដល់​សំណើម

២. ការ​ពារ​បបូរ​មាត់​ដោយ​ប្រេង​ចាហួយ

ស្បែក​ស្ងួត និង​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​ទូទៅ​មួយ​កើត​មាន​លើ​ស្បែក​ដោយសារ​ការ​ពាក់​ម៉ាស​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​។ យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​លាប​ប្រេង​ចាហួយ​នៅ​លើ​បបូរ​មាត់​ បន្ទាប់ពី​លាង​សម្អាត​មុខ​រួច មុន​ពាក់​ម៉ាស និង​មុន​ពេល​ចូល​គេង​។

៣. ផ្អាក​តុប​តែង​មុខ​

បើ​យើង​ជា​អ្នក​ធ្វើ​ការ​ងារ​ណា​មួយ​ប្រឈម​នឹង​ជំងឺ​​កូវីដ១៩ និង​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មួយ​ថ្ងៃៗ គ្នា​យើង​គួរ​ផ្អាក​ការ​តុប​តែង​មុខ​។ ការ​តុប​តែង​មុខ​ហើយ ត្រូវ​ពាក់​ម៉ាស​ពី​លើ​មុខ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្ទះ​រន្ធ​រោម នាំ​ឲ្យ​កើត​មុន​បាន​។ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​តែ​តុប​តែង​មុខ គ្នា​យើង​គួរ​ជ្រើស​រើស​ផលិត​ផល​ណា មាន​សរសេរ​បញ្ជាក់​ថា​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​។

៤. ដោះ​ម៉ាស​ចេញ​ខ្លះ​

រាល់​បួន​ម៉ោង​ម្ដង គ្នាយើង​គួរ​ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​។ មាន​ការ​រក​ឃើញ​ថា បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ អាច​កែ​ខៃ​បញ្ហា​ស្បែក​មុខ​បាន​ដោយ​ធ្វើ​របៀប​នេះ។​ យ៉ាងណា បើ​យើង​ជា​មនុស្ស​ប្រឈម​នឹង​កូវីដ១៩ ខ្លាំង មុន​នឹង​ដោះ​ម៉ាស​ចេញ​ត្រូវ​ប្រាកដ​ថា​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ដោះ​ម៉ាស​ក្រោយ​លាង​សម្អាត​ដៃ​រួច​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T