មនុស្សមិនតិចទេ ដែលចំអកឡកឡើយថា ចប់ទី១២ បែរទៅរៀន ផ្នែកអក្សរសាស្រ្ត តែតាមការពិត ផ្នែកនេះ មានឱកាសរកលុយ ជាងផ្នែកផ្សេងៗផង

//s9.kh1.co/6b/6baf692f08c3d6a5cd7d54e88fa43da4a2f8b29e.jpg
យល់ដឹង

 ២៦-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

តើការរៀនជំនាញអក្សរសាស្រ្តខ្មែរមានសារៈសំខាន់អ្វីខ្លះ? ខាងក្រោមនេះ ជាគុណសម្បតិ្ត និងឱកាសការងារ ដែលអតីតនិស្សិតបញ្ចប់ការសិក្សាជំនាញ អក្សរសាស្ត្របានលើកឡើង!

យល់ដឹង ៖ ការរើសជ្រើសជំនាញរៀន របស់សិស្សដែលបញ្ចប់ថ្នាក់ទី១២ ឬយើងហៅថា បាក់ឌុប សម្រាប់អ្នកដែលមានបំណងចង់បន្តថ្នាក់បរិញ្ញាបត្រតែងមានគោលបំណង រៀនជំនាញអ្វីមួយ ដែលនាពេលអនាគតអាចចាប់យកជំនាញដែលបានរៀននោះទៅធ្វើអ្វីបានខ្លះ ហើយអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិឲ្យរីកចម្រើនរុងរឿងទៅបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ចំពោះសិស្សានុសិស្សដែលឈានជើងចូលរៀនជានិស្សិតនៅសាកលវិទ្យាល័យតែងតែមានគោលបំណងច្បាស់លាស់ ហើយដឹងថាទាក់ទងនឹងជំនាញដែលខ្លួនរៀននេះ ពេលចប់ទៅអាចស្វែងរកឱកាសការងារបែបណាបានខ្លះ ហើយបច្ចុប្បន្នជំនាញដែលរៀននេះ សាកសមនឹងតម្រូវការរបស់សង្គមដែរឬទេ?

យ៉ាងណាមិញ ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សិស្សានុសិស្សប្រាកដជាគិតដល់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ដោយ​ហេតុថា នាពេលបច្ចុប្បន្ននេះ​កម្រិតសិក្សាត្រឹមថ្នាក់បាក់ឌុប​ពុំអាច​ឆ្លើយតបនឹងតម្រូវការរបស់សង្គមបានល្អនៅឡើយ​ ​ដូច្នេះ​ហើយ​សិស្សានុសិស្សគ្រប់រូបត្រូវតែ​បោះជំហានបន្តក្នុងការសិក្សាថ្នាក់​បរិញ្ញាបត្របន្ថែមទៀត​​ ឬអាចលើសនឹងកាន់តែប្រសើរ​។

កម្រងរូបភាពរបស់និស្សិតអក្សរសាស្រ្តខ្មែរ
កម្រងរូបភាពរបស់និស្សិតអក្សរសាស្រ្តខ្មែរ

ការសិក្សាថ្នាក់បរិញ្ញាបត្រក៏ត្រូវ​​គិតគូរ​ឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តសិក្សាលើ​មុខជំនាញណាមួយនោះ ចៀសវាងមាន​ការសោក​ស្ដាយ​ក្រោយ អំឡុងពេលយើងសិក្សាដល់ឆ្នាំទី២ ឬទី៣ទៅ​ហើយ​។ ការសោកស្ដាយនេះ​មិនមែនបានន័យថា​មុខជំនាញនោះមិនល្អនោះទេ​ វាគ្រាន់តែ​ខុស​ពីទេពកោសល្យធម្មជាតិ​របស់យើង និង​គោលដៅនៃបេះដូងរបស់និស្សិត​តែប៉ុណ្ណោះ​។​  

ជំនាញនៅសាកលវិទ្យាល័យគឺមានច្រើនណាស់សម្រាប់និស្សិតជ្រើសរើស គឺអាស្រ័យលើសាមីខ្លួនផ្ទាល់ចង់រៀន ហើយស្រលាញ់ ហើយចំពោះជំនាញរៀននៅ សាកលវិទ្យាល័យមានច្រើនដូចជា ៖ ខាងផ្នែកពេទ្យ វិស្វករ អ្នកគូរប្លង់ ជំនាញអក្សរសាស្រ្តខ្មែរ វិទ្យាសាស្រ្ត គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ទីផ្សារ គណនី​ បច្ចេកវិទ្យា ព័ត៌មានវិទ្យា ទេសចរណ៍ ជំនួញ សេដ្ឋកិច្ច សណ្ឋាគារ សិល្បៈ តន្រ្តី និងជំនាញពាក់ព័ន្ធនឹងការបង្រៀនក្នុងវិស័យអប់រំ ពេលរៀនចប់អាចប្រឡងចូលគ្រូបង្រៀន ភាសាខ្មែរ គណិត​ រូប គីមី ប្រវត្តិ ភូមិ ភាសាបរទេសជាដើម ព្រមទាំងជំនាញជាច្រើនទៀត ដែលអាស្រ័យលើសាមីខ្លួនផ្ទាល់ស្រលាញ់ ហើយពេញចិត្តរៀន។

ហើយការសម្រេច​ចិត្តសិក្សាលើជំនាញផ្សេងៗក្នុងថ្នាក់បរិញ្ញាបត្រ វា​ក៏ជារឿង​​ពិបាកមួយសម្រាប់ប្អូនៗសិស្សានុសិស្ស​មួយ​ចំនួនធំ​ ប៉ុន្តែគប្បីគិតថារាល់ជំនាញទាំងអស់គឺសុទ្ធតែមានគុណសម្បត្តិ និងឱកាសការងារដូចគ្នា ដោយថ្ងៃនេះ​ ខ្មែរឡូត នឹង​ណែនាំជំនាញមួយដែលមានសារប្រយោជន៍​ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយជំនាញដែលយើងចង់បង្ហាញ​នោះ គឺ ជំនាញ «អក្សរសាស្រ្តខ្មែរ» នេះតែម្ដង។

ជាការពិតណាស់ ជំនាញ អក្សរសាស្រ្តខ្មែរ គឺជាជំនាញសំខាន់មួយក្នុងចំណោមជំនាញផ្សេងៗទៀត ដែលក្រៅពីនិស្សិតបានចូលរួមលើកស្ទួយវិស័យ អក្សរសាស្រ្តជាតិ ហើយនោះ ថែមទាំងជំនាញមួយនេះក៏ជាឯកទេសដែលសាងឱកាសការងារច្រើន ត្រូវជាមួយទីផ្សារការងារបានយ៉ាងទូលំទូលាយ​ខ្លាំង ធ្វើឲ្យអ្នកនឹកស្មានមិនដល់ផងដែរ។

អាចថាមាននិស្សិតមួយចំនួន មិនទាន់ជ្រាបច្បាស់ពីគុណសម្បត្តិ និងឱកាសការងារក្រោយបញ្ចប់ការសិក្សាជំនាញអក្សរសាស្រ្តខ្មែរនេះ រហូតដល់មានសំណួរជាច្រើនលើកឡើងជាហូរហែថា ៖

តើការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនេះមានសារៈសំខាន់អ្វីខ្លះ?

ក្រៅពីរៀនចប់ប្រឡងចូលគ្រូបង្រៀនហើយ និស្សិតអាចទៅធ្វើអ្វីបានខ្លះទៀត?...

ដើម្បីជាការស្រាយបំភ្លឺនូវ «គុណសម្បត្តិ និងឱកាសការងាររបស់និស្សិតក្រោយបញ្ចប់ការសិក្សាជំនាញ អក្សរសាស្រ្តខ្មែរ» យើងសូមបង្ហាញពីគំនិត ក៏ដូចជាការយល់ឃើញរបស់ អតីតនិស្សិតមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញបត្រ «អក្សរសាស្ត្រខ្មែរ» ផ្ទាល់ ហើយបច្ចុប្បន្នពួកគាត់កំពុងធ្វើការងារសមរម្យ ជាមួយជំនាញដែលពួកគាត់បានរៀនផងដែរ។

កម្រងរូបភាពរបស់និស្សិតអក្សរសាស្រ្តខ្មែរ
កម្រងរូបភាពរបស់និស្សិតអក្សរសាស្រ្តខ្មែរ

ស្របនឹងនេះដែរ ការយល់ឃើញរបស់អតីតនិស្សិត អក្សរសាស្រ្តខែ្មរ លោក កង សំនាង ពាក់ព័ន្ធនឹង «គុណសម្បត្តិ និងឱកាសការងាររបស់និស្សិតក្រោយបញ្ចប់ការសិក្សាជំនាញអក្សរសាស្រ្តខ្មែរ» លោកបានលើកឡើងថា ៖

«ចំពោះគុណសម្បត្តិនៃការរៀនអក្សរសាស្រ្តខ្មែរ គឺទី១ យល់ដឹងពីវប្បធម៌ សិល្បៈ ជំនឿ សាសនា ដែលជាកេរ្តិ៍មត៌កដូនតាបានបន្សល់ទុកមក។ ទី២ បានចូលរួមថែរក្សា និងការពារកេរម៌តកអក្សរសាស្តជាតិតាមរយៈជំនាញសិក្សា។ ទី៣ រក្សាបាននូវអត្ដសញ្ញាណជាតិខ្មែរ។ ទី៤ ផ្ដល់ជាជំនាញគិត វិភាគ និងដោះស្រាយបញ្ហាផ្សេងៗ។ ទី៥ ផ្ដល់ជាជំនាញទន់សម្រាប់ការទាក់ទង ឬក៏សម្រាប់ទំនាក់ទំនងជាមួយនឹងសង្គម។ គុណសម្បត្តិមួយទៀត នៃការរៀនអក្សរសាស្រ្តខ្មែរ គឺនិស្សិតអាចមានឱកាសប្រកួតប្រជែងចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា (Exchange Program) លក្ខណៈរយៈពេលខ្លី ឬក៏លក្ខណៈ ១ឆ្នាំ ទៅក្រៅប្រទេស ដូចជាប្រទេសជប៉ុនជាដើម»

ទាក់ទងនឹងឱកាសការងារ អតីតនិស្សិតរូបនេះបានបន្តថា ៖

«ចំពោះឱកាសការងារ ក្រោយពីបញ្ចប់ការសិក្សាជំនាញ អក្សរសាស្រ្តខ្មែរ ទី១ យើងអាចក្លាយជាគ្រូបង្រៀនក្របខណ្ឌរដ្ឋ ឬក៏ឯកជន ហើយយើងអាចក្លាយជាគ្រូបង្រៀនភាសាខ្មែរទៅក្រៅប្រទេស ។ ទី២ ជាអ្នកសារព័ត៌មាន អ្នកអានព័ត៌មាន អ្នកការសែត ពិធីករ ពិធីការនី។ ទី៣ ជាអ្នកបកប្រែភាសា។ ទី៤ ជាជំនួយការរដ្ឋបាល ឬក៏ជំនួយការរដ្ឋបាលទាំងស្ថាប័នរដ្ឋ និងឯកជន។ ទី៤នោះគឺ អាចក្លាយជាមន្ត្រីនៅតាម ក្រសួងនានា តាមរយៈការឆ្លងកាត់ការប្រឡង ដូចជាក្រសួងវប្បធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវ ជាដើម»

ជាចុងក្រោយ កង សំនាង បានបង្ហាញពីការយល់ឃើញចំពោះជំនាញ អក្សរសាស្រ្តខ្មែរ បន្ថែមថា ៖

«ចំពោះភាសានិងអក្សរសាស្រ្តជាតិយើង ប្រសិនបើថ្ងៃនេះ យើងជាខ្មែរ មិនខំសិក្សាភាសានិងអក្សរសាស្រ្តជាតិយើង ១០០ ឆ្នាំក្រោយ យើងនឹងប្រើប្រាស់ភាសានិងអក្សរសាស្រ្តជាតិដទៃមិនខាន។ ភាសា និងអក្សរសាស្រ្តខ្មែរ ជាកាតព្វកិច្ចសិក្សារបស់កូនខ្មែរគ្រប់ៗរូប»

កង សំនាង
កង សំនាង

ចំណែកឯ អតីតនិស្សិត អក្សរសាស្រ្តខែ្មរ លោក ខឿន​ សុខខេង បានលើកឡើងថា ៖

«គុណសម្បត្តិ នៃការសិក្សាមុខវិជ្ជា អក្សរសាស្រ្តខ្មែរ គឺ ទី១ យល់ដឹងពីឫសគល់នៃភាសាខ្មែរ។ ទី២ ដឹងពីមធ្យោបាយក្នុងការការពារ អភិរក្ស និងអភិវឌ្ឍអក្សរសាស្រ្តជាតិ។ ទី៣ មើលឃើញពីបញ្ហាដែលកើតមានឡើងក្នុងភាសាខ្មែរ។ ទី៤ មានចំណេះ និងជំនាញច្បាស់លាស់ដែលអាចវិភាគ វែកញែក បកស្រាយ និងបំពេញបន្ថែមលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ។ ទី៥ មានសមត្ថភាពពេញលេញក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងអាន និយាយ និងសរសេរត្រឹមត្រូវទៅតាមក្បួនវេយ្យាករណ៍។ ទី៦ យល់ដឹងពី តម្លៃ និងសារសំខាន់លើសពីអ្នកសិក្សាទូទៅ។ ទី៧ អាចយកជំនាញដែលបានមកពីការសិក្សាមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ទៅបម្រើការងារ ទៅតាមក្រសួង ស្ថាប័នផ្សេងៗ»

ឱកាសការងារសម្រាប់និស្សិតអក្សរសាស្រ្តខ្មែរ ក្រោយបញ្ចប់ការសិក្សា លោក ខឿន សុខខេង បានបង្ហាញថា ៖

 «ឱកាសការងារសម្រាប់និស្សិតអក្សរសាស្រ្តខ្មែរ ក្រោយបញ្ចប់ការសិក្សា ទី១ ជាអ្នកនិពន្ធ (និពន្ធសៀវភៅ៖ សំណេរ កំណាព្យ ប្រលោមលោក, និពន្ធអត្ថបទភាពយន្ត បទចម្រៀង...)។ ទី ២ ជាបណ្ណាធិការ ដែលទទួលខុសត្រូវលើសារព័ត៌មាន (វិទ្យុ ទស្សនាវដ្ដី ឬទូរទស្សន៍...)។ ទី៣ ជាអ្នកបោះពុម្ពផ្សាយ អត្ថបទ និងសៀវភៅ។ ទី៤ ជាអ្នកកែសម្រួលអត្ថបទនានា ទៅតាមស្ថាប័ន ឬក្រសួងដែលពាក់ព័ន្ធ ពិសេសពិនិត្យទៅលើបច្ចេកសព្ទ ក្បួនវេយ្យាករណ៍ និងនីតិវិធីក្នុងការសរសេរលិខិតរដ្ឋបាល ឬលិខិតស្នាមផ្សេងៗ។ ទី៥ ជាបុគ្គលិកអប់រំ (គ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរ ទាំងសាលារដ្ឋ និងឯកជន)។ ទី៦ ជាអ្នកសម្របសម្រួល ឬរៀបចំកម្មវិធីសិក្សាភាសាខ្មែរគ្រប់កម្រិត (រដ្ឋ និងឯកជន)»

ខឿន​ សុខខេង
ខឿន​ សុខខេង

ទន្ទឹមនឹងនេះដែរ អតីតនិស្សិត អក្សរសាស្រ្តខែ្មរ លោក តាំង ធីណា បានផ្ដល់ជាយោលបល់ ពាក់ព័ន្ធថា ៖

 «ទាក់ទងនឹងគុណសម្បត្តិ និងឱកាសការងាររបស់និស្សិតក្រោយបញ្ចប់ការថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ មុននឹងចូលខ្លឹមសារ​ សូមនិយាយពីទិដ្ឋភាពខ្លះៗផ្សារភ្ជាប់ជាមួយនឹងជំនាញដែលនិស្សិតគាត់បានជ្រើសរើស និងជ្រើសបន្តសិក្សានៅមហាវិទ្យាល័យ។ ជំនាញនោះគឺជំនាញមាន ៣ ទី១ គឺជំនាញដែលខ្លួនពេញចិត្ត ស្រលាញ់ តែគ្មានការងារ និងឱកាសការងារធ្វើ មានន័យថាជំនាញនឹង គឺគាត់ស្រលាញ់ពេញចិត្តមែនទែន ប៉ុន្តែនៅពេលដែលគាត់សិក្សា ហើយគឺអត់មានការងារធ្វើ ជំនាញគាត់អត់ផ្សារភ្ជាប់ជាមួយសង្គម។ ជំនាញមួយទៀតគឺជំនាញដែលខ្លួនអត់ពេញចិត្តទេ តែជំនាញហ្នឹងពេលដែលរៀនចប់ហើយ មានឱកាសការងារ និងស្វែងរកការងារធ្វើ អញ្ចឹងមានន័យថាជំនាញគាត់អត់ស្រលាញ់តែពេលដែលរៀនចប់គាត់មានការងារធ្វើ។ ហើយត្រង់ជំនាញទី៣ គឺជានាញដែលគាត់ស្រលាញ់ពេញចិត្ត ហើយមានទីផ្សារការងារ មានន័យថាពេលដែលគាត់រៀនចប់ហើយ គាត់អាចស្វែងរកឱកាសការងារធ្វើបាន អាចមានឱកាសយកការងារទៅផ្សារភ្ជាប់ជាមួយសង្គម និងដើម្បីបម្រើសង្គម ប្រទេសជាតិឲ្យមានការរីកចម្រើនតទៀត។​ ចំពោះជំនាញទាំង ៣ នេះ ខ្ញុំសូម Recommend ថា និស្សិតមួយចំនួនត្រូវតែមើលឲ្យគ្រប់ជ្រុងជ្រោយ មុននឹងខ្លួនជ្រើសរើសជំនាញដើម្បីបន្តការសិក្សារដល់ថ្នាក់មហាវិទ្យាល័យ»

ងាកមកជំនាញអក្សរខ្មែរវិញម្ដង លោក បានពន្យល់ថា ៖

«តាមបទពិសោធន៍នៃការឆ្លងកាត់កន្លងមក តាំងពីថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ​ រហូតមកដល់ថ្នាក់អនុបណ្ឌិត ភាសាវិទ្យា ដែលជាជំនាញរបស់ខ្ញុំនោះ យល់ឃើញថាគុណសម្បត្តិនៃការសិក្សារៀនអក្សរសាស្រ្តខ្មែរ ទី១ គឺលើកស្ទួយអក្សរសាស្រ្តជាតិ តាមរយៈការជួយផ្សព្វផ្សាយ មានន័យថា ពេលដែលរៀនអក្សរខ្មែរគាត់យកជំនាញនោះទៅជួយផ្សព្វផ្សាយ ដើម្បីឲ្យបរទេស​ក៏ដូចជាអ្នកដែលមិនបានរៀនជ្រៅជ្រះ​ យល់ដឹងទៅលើផ្នែកអក្សរសាស្រ្តខ្មែរ។ មួយវិញទៀតនោះ យល់ដឹងកាន់តែច្បាស់អំពីប្រភពនៃដើមកំណើតអក្សរសាស្រ្តខ្មែរ ដែលមានការវិវត្ត ផ្លាស់ប្ដូរពីសម័យកាលមួយទៅសម័យកាលមួយ រហូតមកដល់បច្ចុប្បន្ន មានន័យថា ពេលដែលយើងរៀនអក្សរសាស្រ្តខ្មែរ គឺយើងបានដឹងពីប្រភពនៃការកកើតអក្សរសាស្រ្តខ្មែរថាមកពីណា ហើយការកត់ត្រាលើអក្សរសាស្រ្ត យកអក្សរទៅសរសេរកើតចេញពីប្រភពណា​? ទី៣ គឺយល់ដឹងកាន់តែច្បាស់ពីការសរសេរ អក្ខរាវិរុទ្ធត្រូវទៅតាមវចនានុក្រម វាជួយកាត់បន្ថយយើងទៅលើការសរសេរពាក្យខុសមួយចំនួន ដោយយើងយកគោលទៅតាមវចនានុក្រមដែលបានដាក់ចេញជាផ្លូវការ។ ចំណុចទី ៤ កាន់តែជាក់ច្បាស់អំពីប្រព័ន្ធវេយ្យាករណ៍ នៅក្នុងប្រព័ន្ធវេយ្យាករណ៍នេះទៀតសោត យើងអាចយល់ដឹងទៅលើប្រព័ន្ធ សទ្ទ សព្ទ វចនៈ ល្បះ ឃ្លា ប្រយោគ កថាខណ្ឌ ជាដើម។ ចំណុចមួយទៀត នោះគឺចេះប្រើប្រាស់ ពាក្យនិយាយឲ្យបានត្រឹមត្រូវតាមការជាក់ស្ដែង ចេញពីការចេះភាសា»

លោក តាំង ធីណា ក៏បានបង្ហាញពីឱកាសការងារមួយចំំនួនដូចជា ៖

«បើសិនជាយើង និយាយទៅលើឱកាសការងារ ក្រោយនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរនោះ និស្សិតអាចស្វែងរកការងារបានទៅតាមសមត្ថភាពដែលខ្លួនឯងមាន នៅក្នុងនោះ  គឺឱកាសការងារជាអ្នកសរសេរសារព័ត៌មាន  អ្នករាយការណ៍ព័ត៌មានផ្សេងៗជាដើម ជាអ្នកអានសារព័ត៌មាន អាចដាក់ខាងផ្នែកតែងនិពន្ធអត្ថបទ។ នៅក្នុងអត្ថបទនេះ យើងមានជាប្រលោមលោក មានជាកំណាព្យផ្សេងៗ មួយវិញទៀតគឺខាងផ្នែករដ្ឋបាល និស្សិតអាចចូលធ្វើការងាររដ្ឋបាល អាចវាយអត្ថបទបាន អាចកែអក្ខរាវិរុទ្ធផ្សេងៗបាន ជាគ្រូបង្រៀន អាចមានសិទ្ធប្រឡងចូលក្របខណ្ឌផ្សេងៗ ជាក់ស្ដែងដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម និងមានឱកាសការងារផ្សេងៗទៀត»

តាំង ធីណា
តាំង ធីណា

បន្ថែមលើសនេះទៅទៀត អតីតនិស្សិត អក្សរសាស្រ្តខែ្មរ លោក ចន្ថា ​កក្កដា បានបកស្រាយតាមគំនិតផ្ទាល់ខ្លួនថា ៖

«ចំណុច​ដំបូងដែលគួរចាប់អារម្មណ៍លើមុខជំនាញនេះ គឺទាក់ទង​ជាមួយនឹង​អក្សរជាតិនេះ​តែម្ដង​។ ការឲ្យតម្លៃលើអក្សរជាតិ ប្រើប្រាស់អក្សរជាតិ​បានត្រឹមត្រូវ​ ទៅតាមក្បួនវេយ្យាករណ៍ មានន័យថា​យើងបានចូលរួម​លើកកម្ពស់ និងថែរក្សាមរតក​អក្សរសាស្ត្រ​ជាតិឲ្យគង់វង្សស្ថិតស្ថេរ​ជាអមតៈហើយ​។​ កាលណាអក្សរសាស្ត្រជាតិ​គង់វង្សស្ថិតស្ថេរ​ និងមានភាព​រីកចម្រើន ក៏ជាសញ្ញាមួយ​ចង្អុលបង្ហាញថាស្ថេរភាពសង្គម និងការអភិវឌ្ឍសង្គម​ក៏​ល្អប្រសើរដូចគ្នា​។ បន្ថែម​លើ​នេះ​ទៀត ​ ការសិក្សាអក្សរសាស្ត្រ​ខ្មែរ​ នឹងធ្វើឱ្យយើង​​ដឹងពីប្រវត្តិដើមនៃការកកើតអក្សរខ្មែរកាន់តែច្បាស់ មិនមែនលំៗ​ដូចនៅកម្រិតមធ្យមសិក្សា​ទេ​​។​ ការស្គាល់អក្សរសាស្ត្រ​ជាតិ​ច្បាស់លាស់ត្រឹមត្រូវ​ ប្រៀបបាននឹងយើងស្គាល់ខ្លួនឯងច្បាស់លាស់​ដូច្នេះដែរ​។ ការស្គាល់ខ្លួនឯង​​ ជាធាតុសំខាន់បំផុត​ក្នុងការសម្រេចចិត្ត ក៏ជាកត្តាសំខាន់​ជំរុញ​ជំហានក្នុងដំណើរ​បំពេញកិច្ចការ​អ្វីមួយនោះ សម្រេចតាម​ក្ដី​​បំណងដូចបេះដូងប្រាថ្នា»​។​

ប្រសិនបើយើងនិយាយពីឱកាសការងារក្នុងវិស័យ អក្សរសាស្ត្រនេះ​ លោក ចន្ថា កក្កដា បន្តថា ៖

«មនុស្សស្ទើរតែ ​៩០% បានគិតថា​ ក្រោយបញ្ចប់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រខ្មែរ​ ប្រាកដជាធ្វើគ្រូបង្រៀន​ជាមិនខាន។​ គំនិតនេះ​ខ្ញុំក៏មិន​បដិសេធ ហើយ​គាំទ្រពេញទំហឹង ដោយរបរគ្រូបង្រៀន​គឺជាវិស័យ​ស្នូលយ៉ាងសំខាន់សម្រាប់ជាតិ​ ព្រោះវិស័យនេះបាន​​អប់រំទូន្មាន ប្រៀនប្រដៅ និង​បណ្ដុះធនធានមនុស្សមានសមត្ថភាពប្រកបដោយពុទ្ធិ។ ក្រៅពីវិស័យអប់រំ​ ជំនាញអក្សរសាស្ត្រខ្មែរ​ ​ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់​ក្នុងវិស័យតែងនិពន្ធ​ ដោយ​បានផ្ដល់នូវ​ចំណេះ​ដឹងទាក់ទង់នឹងសិល្ប៍វិធីនិពន្ធ បែបបទនិពន្ធ ប្រភេទរឿងក្នុងការនិពន្ធ សិល្ប៍វិធីតែងកាព្យ បទកំណាព្យផ្សេងៗ​ជាច្រើនទៀត​។ ​ លើលពីនេះទៅទៀត​ ជំនាញអក្សរសាស្ត្រខ្មែរ​ ក៏​អាចបម្រើការងារគ្រប់ក្រសួងស្ថាប័នទាំងអស់​ លើកលែងតែស្ថាប័ននោះពុំយកភាសាខ្មែរ​ជាគោលប៉ុណ្ណោះ។ ​ ទាំងនេះ​ជាអ្វីដែល​ខ្ញុំបានរៀបរាប់ត្រួសៗទាក់ទង់នឹងជំនាញអក្សរសាស្ត្រខ្មែរ​ តែអ្វីដែលសំខាន់យើងត្រូវ​ស្គាល់ខ្លួនឯង​ តើយើងគឺជានរណា? យើងខ្លាំងអ្វី ហើយខ្សោយអ្វី? តើយើងមានទេពកោសល្យលើជំនាញអ្វី​?​ នៅពេលយើងស្គាល់ខ្លួនឯងច្បាស់ យើងនឹង​មិនមានពាក្យថាស្ដាយក្រោយឡើយ ព្រោះអ្វីដែលយើងធ្វើគឺតាមបេះដូងរបស់យើង»។​

មុននឹងបញ្ចប់ លោកបានបន្ថែមថា៖

«សូមបញ្ជាក់ចុងក្រោយបន្តិច​ ការសិក្សាជំនាញអក្សរសាស្ត្រខ្មែរ ​ ថ្លៃសិក្សានោះមិនថ្លៃកប់ពពកនោះទេ​ អ្នកដែលមានជីវភាពមធ្យម ក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សាអក្សរសាស្ត្រជាតិនេះដែរ​»។​

ចន្ថា ​កក្កដា
ចន្ថា ​កក្កដា

មិនទៅណាឆ្ងាយពីមតិខាងលើនេះ អតីតនិស្សិត អក្សរសាស្រ្តខែ្មរ កញ្ញា ឆើត ស្រីនុត ក៏បានរួមបញ្ចេញយោបល់ផងដែរថា ៖

«បន្ទាប់ពីខ្ញុំបានរៀនផ្នែកអក្សរសាស្រ្តរួចហើយ ធ្វើឲ្យខ្ញុំបានយល់ដឹងពីអក្សរសាស្ត្ររបស់ជាតិខ្លួនមានការប្រែប្រួលក៏ដូចជាការផ្លាស់ប្ដូរបែបណា ព្រមទាំងបណ្ដុះស្មារតីឆន្ទៈឲ្យស្រលាញ់អក្សរសាស្ត្រ ថែមទាំងយល់ដឹងអំពីការប្រើប្រាស់អក្សរជាតិឲ្យបានត្រឹមត្រូវ ក៏ដូចជាបានចូលរួមថែរក្សាការពារចៀសវាងការបាត់បង់អក្សរ ភាសាខ្មែរ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យយើងដឹងអំពីទំនៀមទម្លាប់ សាសនា សិល្បៈតាមរយៈអក្សរផងដែរ»។ ចំពោះឱកាសការងារវិញ កញ្ញា ក៏បានលើកឡើងមិនខុសពីអតីតនិស្សិតប៉ុន្មានរូបខាងលើដែរ។

ឆើត ស្រីនុត
ឆើត ស្រីនុត

ដោយឡែក អតីតនិស្សិត អក្សរសាស្រ្តខែ្មរ កញ្ញា ឈិម ស្រីម៉ៅ វិញយល់ឃើញថា ៖

«ទី១ ចំណេះដឹងខាងអក្សរសាស្រ្តខ្មែរ ហ្នឹងវាទូលំទូលាយ បើយើងគិតឲ្យមែនទែនទៅ ដោយសារតែរាល់អ្វីៗគ្រប់យ៉ាងគឺយើងត្រូវយល់ដឹងអំពីផ្នែកអក្សរសាស្រ្ត ដូចជា អក្ខរាវិរុទ្ធ ការប្រើឃ្លាឃ្លោងជាដើម។ បើយើងត្រូវការសរសេរ លិខិតមួយដែលមានលក្ខណៈជាផ្លូវការ គឺចាំបាច់ត្រូវតែអ្នកអក្សរសាស្រ្តនឹងខ្លាំងដែរ។ មួយវិញទៀតទាក់ទងទៅនឹងអត្ថន័យ ឧទាហរណ៍ថា បើយើងប្រើពាក្យនៅក្នុងសង្គមយើង ជាពិសេសវិស័យច្បាប់ ក៏មានផ្នែកអក្សរសាស្រ្តនេះខ្លាំងដែរ មូលហេតុអី? កាលណាយើងប្រើពាក្យអត់ច្បាស់លាស់ អត្ថន័យគឺវាប្រែប្រួលភ្លាម នេះយើងគ្រាន់តែការលើកឧទាហរណ៍ទាក់ទងនឹងវិស័យច្បាប់។ ដោយសារតែវិស័យច្បាប់ ធម្មតាវាមានលក្ខណៈចាប់បង្ខំ អញ្ចឹងតែយើងប្រើពាក្យខុស ទោសក៏ធ្ងន់ដែរ ឬក៏បញ្ហានឹងក៏ធំដែរ  ឬក៏មួយទៀត អាចថាទោសធ្ងន់ទៅជាទោសស្រាល ហេតុនេះការប្រើប្រាស់ពាក្យគឺសំខាន់»

ឈិម ស្រីម៉ៅ
ឈិម ស្រីម៉ៅ

ឆ្លងតាមការបកស្រាយរបស់ និស្សិតខាងលើនេះហើយបានសបញ្ជាក់ឲ្យឃើញថា ការសិក្សាជំនាញ «អក្សរសាស្រ្តខ្មែរ» នេះគឺពិតជាសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយភាសាជាតិ យល់ដឹងពីដើមកំណើតរបស់ភាសា ការប្រើប្រាស់ពាក្យឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ហើយក៏ជាជំនាញសំខាន់មួយដែលសាកសមទៅនឹងទីផ្សារការងារជាច្រើន និងក៏សមស្របទៅនឹងតម្រូវការរបស់សង្គមយើងចប្ចុប្បន្ន។

ក្នុងនាមយើងជាកូនខ្មែរ គប្បីចូលរួមថែរក្សា មរតករប្បធម៌របស់បុព្វបុរសដូនតាខ្មែរ យើងបានដែលបានបន្សល់ទុកឲ្យនូវ សម្បត្តិវប្បធម៌ ជំនឿ ទំនៀមទម្លាប់ប្រពៃណី សិល្បៈ ចម្លាក់ សំណង់ស្ថាបត្យកម្ម ប្រាសាទបុរាណ គំនូរ របាំ ឧបករណ៍ភ្លេង ចម្រៀង ល្ខោន ព្រមទាំងមរតកសំខាន់ៗជាច្រើនទៀត ជាពិសេស ភាសា អក្សរសាស្រ្តជាតិ របស់យើងនេះតែម្ដង ដោយយើងគួររួមគ្នារក្សាឲ្យបានគង់វង្ស និងយូរអង្វែងតរៀងទៅ ព្រមទាំងចូលរួមបណ្ដុះគំនិតកូនខ្មែរជំនាន់ក្រោយឲ្យចេះស្រលាញ់ មានស្មារតីស្នេហាជាតិ ស្គាល់ពីតម្លៃគុណបុណ្យទឹកដីប្រទេសជាតិមាតុភូមិ និងចូលរួមលើកស្ទួយមុខមាត់ជាតិខ្មែរនៅលើឆាកអន្តរជាតិ និងបណ្ដុះស្មារតី ភក្ដីភាព ស្មោះត្រង់ មានមោទនភាពចំពោះជាតិខេមរាជានិរន្តរ៍៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T