ភ្នំពេញៈ បុរសវ័យ ៦៣ឆ្នាំ ម្នាក់ត្រូវបាន កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលា ម៉ោង១០ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ខណៈដែលតាចាស់ នេះ បានយកស្ករកៅស៊ូ ដែលទំពាររួច បិទទៅលើនិមិត្តរូប ទង់ជាតិ របស់ប្រទេសជប៉ុន នៅលើសួនច្បារ ត្រង់ចំណុចស្លាកមិត្តភាព កម្ពុជា-ជប៉ុន លើផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា តាចាស់ ដែលបានបង្កឱ្យខូចសណ្តាប់ធ្នាប់ សាធារណៈនោះ ឈ្មោះប៊ុន ហៀង ស្នាក់នៅផ្ទះលេខ១១២E0 ផ្លូវលេ៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានមុខរបរនៅផ្ទះ ។

សាក្សី បានឱ្យដឹងថា មុនកើតហេតុ នាព្រឹកថ្ងៃទី១៨ ខែមេសា គេបានឃើញតាចាស់ ខាងលើ បានជិះម៉ូតូចេញពីផ្ទះ យកមកផ្ញើទុកនៅ នៅខាងកើត ផ្សារកណ្តាល ហើយក៏បានទិញ ស្ករកៅស៊ូ ៤គ្រាប់តម្លៃ៥០០រៀល នៅក្បែនោះ រួចយកមកទំពារ ដើរសម្តៅទៅ រកស្លាកនិមិត្តសញ្ញា កម្ពុជា-ជប៉ុន ។ សាក្សីបន្តថា លុះទៅដល់ចំណុច កើតហេតុ តាចាស់ ក៏បានយកស្ករកៅស៊ូ ពីមាត់បិទទៅលើរូបទង់ ជាតិ របស់ជប៉ុន ដែលឆ្លាក់នៅស្លាកនិម្មិតរូបនេះ ជាបន្តបន្ទាប់ បណ្តាលឱ្យប្រឡាក់ ពេញនិមិត្តរូបនេះ ប៉ុន្តែពុំបានបិទទៅលើនិមិត្តរូបទង់ជាតិ របស់ព្រះរាជាណាចក្រ កម្ពុជានោះទេ ភ្លាមៗនោះ ក៏មាន អ្នករាយការណ៍ រហូតឈានដល់ការចាប់ខ្លួន តាចាស់នោះតែម្តង។

ទោះជា យ៉ាងណា ចំពោះករណីនេះ តាចាស់ បានឆ្លើយបំភ្លឺថា រូបគាត់មានរោគសសៃប្រសាទ ប៉ុន្តែ ពុំមានសំបុត្រ បញ្ជាក់ពី មន្ទីរពេទ្យនោះទេ ប៉ុន្តែអ្វី ដែលគួរឱ្យភ្ជាក់ផ្អើលនោះ គឺថា កន្លែងដែលគាត់បិទ ដែលជារូបចម្លាក់ ទង់ជាតិ ជប៉ុននោះ គឺធ្លាប់មាន ប្រឡាក់ស្ករកៅស៊ូ ចំនួន២ ទៅ៣ដងរួចមកហើយ ហើយសមត្ថកិច្ច ក៏ធ្លាប់បានស្រាវជ្រាវ រកមើល ជនដែលបំពាន លួចបិទស្កកៅស៊ូ ទៅលើនិមិត្តរូបមិត្តភាព កម្ពុជា-ជប៉ុននេះ ដើម្បីយកមកព្រមាន និងផ្តន្ទាទោស ព្រោះ វាធ្វើឱ្យខូចដល់ សណ្តាប់ធ្នាប់សាធារណៈ និងបំផ្លាញសម្បតិ្តរដ្ឋផងដែរ ទម្រាំរកឃើញអ្នកបំពាន ដែលជាតាចាស់ ម្នាក់នេះ ។

បច្ចុប្បន្ន តាជាប់សង្ស័យ ត្រូវបាននគរបាល ខណ្ឌដូនពេញ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

ដោយៈគឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]