ភ្នំពេញ៖ បន្ទាប់ពីអ្នកនាង សោម ម៉ាល័ក្ខ បានឡើងតុលាការលែងលះស្វាមី ក្រោយពីរៀបការបានជិត១ឆ្នាំ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា បានធ្វើឲ្យពួកគេទាំងពីរនាក់ សម្រេចចិត្តដើរដល់ផ្លូវបំបែក រហូតដល់លែងលះគ្នាជាផ្លូវការ ។ ក្រោយពីនាងមានឈ្មោះ ថាស្រីមេម៉ាយនោះ ស្រាប់តែគេឃើញនាង រៀបចំពិធីខួបកំណើត ជួបជុំជាមួយមិត្តភក្តិ ជប់លៀងយ៉ាងសប្បាយរីករាយ ហាក់ដូចជាចង់បន្លប់ការឈឺចាប់ ក្រោយពីនាងមានឈ្មោះថា ជាស្រីមេម៉ាយទាំងវ័យក្មេង ។

ស្រីស្រស់សម្បុរខ្មៅស្រអែម ទម្រង់មុខញញឹមស្រស់ អ្នកនាង សោម ម៉ាល័ក្ខ បានសម្រេចចិត្តចូលរោងការ ជាមួយកំលោះរូបសង្ហាមាឌធំ ដែលគេស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសបណ្តូលចិត្ត របស់អ្នកស្រី ពាន់ ភួងបុប្ផា កាលពីដើម ខែធ្នូ ឆ្នាំ២០១១ ដោយមានវត្តមានភ្ញៀវសិល្បៈ ចូលរួមអបអរគូស្វាមីភរិយា ថ្មោងថ្មីមួយគូនេះយ៉ាងច្រើនកុះករ ព្រោះគេសង្ឃឹមថា ក្រោយពីរៀបការរួចពួកគេ នឹងរស់នៅជាមួយគ្នា ដោយសុភមង្គលសាងភាពផ្អែមល្ហែម។ តែការសង្ឃឹមទុក របស់ទស្សនិកជន ក៏ដូចជាមិត្តក្នុងសិល្បៈនោះមិនមែនជាការពិតនោះទេ ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍មួយនេះ ប្រែក្លាយជាថ្នាំពុល ល្វីងជូរចត់ធ្វើឲ្យនាង រស់នៅជាមួយក្តីទុក្ខ ការឈឺចាប់ ។ នាងមិនបានទទួលភាពកក់ក្តៅ ពីស្វាមីដូចជាភរិយាដទៃនោះទេ ក្រោយពីរៀបការរួច ព្រោះនាងនិងស្វាមី ត្រូវបែងចែកប្រទេសគ្នារស់នៅ។

ចំណងអាពាហ៍ពិពាហ៍ របស់តារាស្រី សោម ម៉ាល័ក្ខ ក៏ត្រូវបានបញ្ចប់ទៅវិញ ដោយពួកគេទាំងពីរនាក់ បានដឹកដៃគ្នាឡើងតុលាការ ដាក់ពាក្យលែងលះ ទៅតាមផ្លូវច្បាប់ ។ បន្ទាប់ពីនាងចំណាយពេលវេលា ក្នុងការព្យាបាលបេះដូងប្រះស្រាំ អស់មួយខ្យល់ធំរួមមក តែគ្មានប្រសិទ្ធិភាព។ គេសង្កេតឃើញថា ម៉ាល័ក្ខ ហាក់មានភាពស្រស់ស្រាយជាងមុនច្រើន ទោះជាពេលនេះនាងមាន ឈ្មោះថា ជាស្រីមេម៉ាយទាំងវ័យក្មេងក៏ដោយ។

ជាក់ស្តែងថ្មីៗនេះ ម៉ាល័ក្ខ បានរៀបចំកម្មវិធីជប់លៀង ខួបកំណើត បែបលក្ខណៈគ្រួសារ នៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ បង្ហាញពីភាពសប្បាយរីករាយ បើទោះជាពេលនេះ នាងគ្មាន ស្វាមីរស់នៅក្បែរ គ្មានស្វាមីចាំធ្វើអ្វីគ្រប់យ៉ាង យកចិត្តទុកដាក់លើនាងក៏ដោយ ក៏នាងព្យាយាមធ្វើឲ្យអ្នកនៅជុំវិញខ្លួន ឃើញ ពីភាពរឹងមាំរបស់នាង ។ ម៉ាល័ក្ខ បានរៀបចំពិធីខួបកំណើត រំសាយក្តីកង្វល់ ក៏ដូចជាស្តែងឲ្យអតីតស្វាមីឃើញថា ទោះជាពេលនេះ នាងមានឈ្មោះ ថាជាស្រីមេម៉ាយ ក៏នាងនៅតែមានក្តីសុខ មិនសម្ងំឈឺចិត្តស្អិតទ្រូងតែម្នាក់ឯងនោះទេ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]