ពោធិ៍សាត់៖ មុខសញ្ញាចោរ ប្លន់ម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកបាកានឃាត់ខ្លួនបាន ខណៈដែល ជនសង្ស័យរូបនេះ រួមគំនិតជាមួយនិងបក្ខពួក របស់ខ្លួន ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ មួយគ្រឿងបានដោយសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ នៅលើខ្នងប្រឡាយ ស្ថិតក្នុងភូមិកំប្រាក់កូន ឃុំខ្នាទទឹង និងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តពោធិ៍សាត់លោកវរសេនីយ៍ត្រី ចាប សុផុន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ថា ជនសង្ស័យជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដំណាក់ធ្នុង ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងដោយមានសាក្សីច្បាស់លាស់ ព្រមទាំង មានវត្ថុតាងកម្ទេចបាក់បែកម៉ូតូរបស់ជនសង្ស័យចោលនៅកន្លែងកើតហេតុ និងសាក្សីនៅកន្លែងកើតហេតុបាន ចង្អុលអំពីស្លាកលេខម៉ូតូច្បាស់លាស់របសជនសង្ស័យក្នុងអំពើប្លន់ម៉ូតូរបស់ ជនរងគ្រោះកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ កន្លងមកនោះទើបសមត្ថកិច្ចឈានដល់ការចាប់ ខ្លួនបានជនសង្ស័យនេះតែម្តង។

លោកនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដដែលក៏បានបន្តទៀតថា បើទោះបីជនសង្ស័យ រូបនេះមិនព្រមឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងអំពើប្លន់ម៉ូតូជា មួយ និងបក្ខពួក របស់ខ្លួនដែលបានគេចខ្លួនបាត់យ៉ាងណា ក៏សមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដែរ ព្រោះ សមត្ថកិច្ចផ្អែកលើសាក្សី និងជនរងគ្រោះដែលជាម្ចាស់ម៉ូតូចង្អុលបង្ហាញច្បាស់។ ម្យ៉ាងទៀត សមត្ថកិច្ចពិនិត្យ ទៅលើកន្លែងកើតហេតុ និងតាមដានការសាកសួរជនរងគ្រោះ គឺបក្ខពួកជនសង្ស័យ បានបាញ់ កាំភ្លើងចំនួន ៤គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ ហើយជនសង្ស័យរួម និងបក្ខពួកពេលធ្វើ សកម្មភាពប្លន់ គឺសុទ្ធសឹងតែស្លៀកពាក់ឯកសណ្ឋានប៉ារ៉ាទាំងអស់។ រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ ខ្លួនបក្ខពួកក្រុមចោរប្លន់នេះបន្តទៀត៕

ដោយ៖ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]