កំពង់ចាម៖ កាកសំណល់ អេឡិចត្រូនិច ដែលមាន ទម្ងន់រហូតដល់ ៧២តោន ស្មើនឹង៣កុងតឺន័រ កាលពីពាក់ កណ្តាល ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ត្រូវបានគេដឹកចូល ប្រទេសកម្ពុជាតាម ច្រកព្រំដែន កម្ពុជា-វៀតណាម ទន្លេចាម ក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម ។

ការនាំចូល កាកសំណល់គ្រឿង អេឡិចត្រូនិចនេះ មានរយៈពេលជាង១០ថ្ងៃ ទើបបានដឹងដល់ អាជ្ញាធរ ខេត្តកំពង់ចាម ខណៈក្រុមឈ្មួញ បានយកកាកសំណល់ ទាំងនោះ មកស្តុកទុក នៅក្នុងបរិវេណ កាស៊ីណូ ច្រកជាំក្រវៀន ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។

ប្រភពសុំមិនចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលឲ្យ ដឹងថា ក្នុងអំឡុងថ្ងៃទី១៣-១៤ ខែមិថុនា  ឆ្នាំ២០១៣កន្លងទៅនេះ ទំនិញកាកសំណល់ អេឡិចត្រូនិច ត្រូវបានគេដឹកយកមក ស្តុកនៅក្នុងបរិវេណ កាស៊ីណូ ច្រកជាំក្រវៀន ។ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ទើបដំណឹងនោះ បានដឹងដល់ លោក លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ។ បន្ទាប់មក លោកអភិបាលខេត្ត បានរៀបចំគណៈកម្មការ មួយចុះត្រួតពិនិត្យ ទំនិញនោះ រួមមាន មន្ត្រីច្រើនស្ថាប័ន ចូលរួម ដឹកនាំដោយ លោក ជឹម លាវ អភិបាលរងខេត្ត ជាប្រធានគណៈកម្មការនេះ។

ជាលទ្ធផល ក្នុងការចុះត្រួតពិនិត្យនោះ លោក ជឹម លាវ ប្រធានគណៈកម្មការ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលតាមទូរស័ព្ទថា ទំនិញទាំងនោះ ត្រូវបានគេលួចដឹក ចូលប្រទេសកម្ពុជា ដោយគ្មានច្បាប់ទេ ។ លោកប្រធានគណៈកម្មការ បានមានប្រសាសន៍ទៀតថា ក្នុងការចុះពិនិត្យនោះ ខាងគណៈកម្មការ បានវាយតម្លៃ ទំនិញនោះ ជា គ្រឿងអេឡិចត្រូនិចចាស់ៗ មានទម្ងន់៧២តោន បើផ្ទុកក្នុងរថយន្ត គឺ(៣កុងតឺន័រ) នេះបើតាមរបាយការណ៍ របស់មន្ត្រីគយ។ លោក ជឹម លាវ ឲ្យដឹងទៀតថា ទំនិញទាំងអស់ ត្រូវបានលោក អភិបាលខេត្តកំពង់ចាម ចេញបញ្ជាឲ្យ

លើកដាក់ក្នុង រថយន្ត វិញ អស់ហើយ ចំនួន៣កុងតឺន័រ ហើយបានបញ្ជាឲ្យ ដឹកយកទៅចត នៅក្រៅបារ៉ាស់ ច្រកព្រំដែន កម្ពុជា-វៀតណាម ច្រកទន្លេចាម ក្នុង ឃុំជាំក្រវៀន (ក្នុងតំបន់សនៃព្រំដែន) ដើម្បីរង់ចាំចំណាត់ការបន្ត ពីគណៈកម្មការចម្រុះ របស់រាជរដ្ឋាភិបាល ចុះត្រួតពិនិត្យ ។  ដោយឡែក ទំនិញទាំងនោះ នាពេលបច្ចុប្បន្ន អាជ្ញាធរ ខេត្តកំពង់ចាម បានចេញវិធានការ ឲ្យមន្ត្រីគយ ខេត្តកំពង់ចាម រកកុងតឺន័រ មកស្តុកកាកសំណល់ អេឡិចត្រូនិចទាំងនោះ ជាបណ្តោះអាសន្ន ព្រោះខ្លាចត្រូវទឹកភ្លៀង នាំឲ្យជះឥទ្ធិពល អាក្រក់ផ្សេងៗ ចេញពីកាកសំណល់នោះ ប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ ។

 ទាក់ទិននិងករណីខាងលើនោះ លោក ឃី តាំងឡាយ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាម និងជាក្រុមគណៈកម្មការ ចុះត្រួតពិនិត្យដែរនោះ មិនហ៊ានធ្វើអត្ថាធិប្បាយទេ ទាក់ទងទៅ និងផលប៉ះពាល់ បរិស្ថាន នៃកាកសំណល់ ទាំងនោះ ដោយលោក បានប្រាប់ថា អាជ្ញាធរខេត្ត កំពុងតែតាមដាន ករណីនេះដែរ។ យ៉ាងនោះក្តី លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងដែរថា កាកសំណល់ទាំងនោះ មកដល់បច្ចុប្បន្ននេះ ដោយ

សារតែមិនទាន់មាន ការបំពេញបែបបទត្រឹមត្រូវ ខាងគណៈកម្មការ បានឲ្យម្ចាស់ទំនិញដឹក យកទៅទុកនៅតំបន់ ស នៃច្រកព្រំដែន កម្ពុជា-វៀតណាម ក្នុងឃុំជាំក្រវៀន ស្រុកមេមត់។ ទំនិញបំណែកចាស់ៗ គ្រឿងអេឡិចត្រូនិច ទម្ងន់៧២តោន ដែលបានឈ្មួញនាំចូល អត់ច្បាប់ យកមកស្តុកទុក នៅក្នុងកាស៊ីណូ ក្នុងដីកម្ពុជា យ៉ាងយូរទើបបែកការណ៍ ដល់លោក អភិបាលខេត្តកំពង់ចាម ត្រូវបានគេសង្ស័យថា អាចទំនងជាមានការ ឃុបឃិតគ្នា រវាងមេគយ ច្រកទ្វារ និងមន្ត្រីសាលាខេត្ត ដែល ឈរជើងនៅ ច្រកទ្វារនោះទើបឈ្មួញ អាចដឹកទំនិញចូលដីកម្ពុជា បានដោយអត់ច្បាប់ នូវទម្ងន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ។

យ៉ាងណាក៏ដោយ លោក ផល្លី ជាមេគយប្រចាំច្រកព្រំដែន ឃុំជាំក្រវៀន បានប្រាប់ដើមមជ្ឈមណ្ឌលព័ត៌មាន អម្ពិលតាមទូរស័ព្ទថា ទំនិញខុសច្បាប់នោះ ខាងលោក បានឃាត់ទុកហើយ រង់ចាំការសម្រេចពីថ្នាក់លើ ។ មជ្ឈដ្ឋានមួយចំនួន យល់ឃើញថា នេះជាកំហុស មេគយ ប្រចាំច្រកមួយនេះ និងសមត្ថកិច្ចពាក់ព័ន្ធ ដូច្នេះគួរពិចារណា ក្នុងការសម្រេច ដំណែង មន្រ្តីទាំងនេះ៕   







ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ