ខេត្ដកណ្ដាល ៖ លំនៅឋាន៥ខ្នងមាន៥គ្រួសារ នៅតាមមាត់ច្រាំងទន្លេបាសាក់ ក្នុងផ្សារឈូងលៀប ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង បានបង្ខំចិត្ដរុះរើចេញជាបន្ទាន់ ដោយសារការបាក់ច្រាំងទន្លេដល់ផ្ទះ និងជិតឈានដល់ផ្លូវជាតិលេខ២១Aហើយ ។ 

បាតុភូតធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ កក្កដា ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងបាក់ពាក់កណ្ដាល និងបង្ខំចិត្ដរុះរើចេញភ្លាមៗ ប៉ុន្ដែមិនមានអ្នករងគ្រោះថ្នាក់ឡើយ តែសម្ភារមួយចំនួនបានខូចខាត ។ បានជាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារតែប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមុន ។

នេះជាការបាក់ច្រាំងទន្លេមួយថ្មីទៀត ដែលជាប្រការគួរឱ្យព្រួយបារម្ភ ខ្លាចបាក់ដល់ផ្លូវជាតិ បន្ទាប់ពីមានការបាក់ច្រាំងទន្លេដល់ ផ្លូវជាតិលេខ២១B ម្ដងមកហើយ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង កាលពីដើមខែ មិថុនាកន្លងទៅ ។ កន្លែងដែលបាក់ច្រាំងនេះត្រូវបាន អាជ្ញាធរអះអាងថា មិនមានការបូមខ្សាច់នៅទីនោះទេ គឺដោយសារចរន្ដទឹកហូរបុកមកចំ ។

លោក ស៊ុន ផៃ មន្ដ្រីកងរាជអាវុធហត្ថស្រុកស្អាង ជាម្ចាស់ផ្ទះរងគ្រោះដោយការបាក់ច្រាំង ទន្លេកាលពីព្រឹកថ្ងៃទី១៧ កក្កដា ឱ្យដឹងថា ចំណុចដែលបាក់ច្រាំងនេះគឺ នៅក្នុងផ្សារឈូងលៀប ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។ ច្រាំងទន្លេបានបាក់ជាបន្ដបន្ទាប់តាំងពីកន្លះខែមុនមក អស់ផ្ទះអ្នកផ្សារ៥ខ្នងត្រូវ បង្ខំចិត្ដរុះរើចេញជាបន្ដបន្ទាប់ ។ នៅព្រឹកថ្ងៃទី១៧ កក្កដា ច្រាំងបានបន្ដបាក់ដល់ផ្ទះរបស់គាត់ទៀត ធ្វើឱ្យខូចខាតអស់ពាក់កណ្ដាល ហើយគាត់បង្ខំចិត្ដរុះរើជាបន្ទាន់ផងដែរ ។ ចំណុចដែលបាក់ច្រាំងនេះ មិនមានគេបូមខ្សាច់ទេ ប៉ុន្ដែកាលពីមុនមានគេបូមខ្សាច់នៅក្បែរនោះ ។ ពេលនេះគឺបាក់មកដល់ជាប់ផ្លូវជាតិលេខ២១A ហើយ ។

លោក ឈឿន ឆូរ មេឃុំរកាខ្ពស់ឱ្យដឹងថា នៅចំណុចច្រាំងបាក់នេះ គឺមិនមានបូមខ្សាច់ទេ ប៉ុន្ដែទឹកហូរមកបុកចំចំណុចនេះ ដែលធ្វើឱ្យច្រាំងទន្លេស្រុត និងបាក់ម្ដងបន្ដិចៗជាបន្ដបន្ទាប់។

ប្រជាពលរដ្ឋមានផ្ទះនៅក្បែរនោះកំពុងព្រួយបារម្ភខ្លាំង ខ្លាចបាក់ដល់ផ្ទះរបស់ពួកគាត់ទៀត ។ ទីនោះជាទីប្រជុំជនផ្សារក្នុងឃុំ មានអ្នករស់នៅជាប់មាត់ទន្លេបាសាក់ច្រើនគ្រួសារ ។ ប្រជាពលរដ្ឋបន្ដថា បើមិនមានការទប់ស្កាត់ទាន់ពេលទេ កំណាត់ផ្លូវជាតិលេខ២១A ចំណុចនេះអាចនឹងបាក់ចូលក្នុងទន្លេ និងកាត់ផ្ដាច់ការធ្វើដំណើរនៅពេលណាមួយ ។

នេះជាបាតុភូតធម្មជាតិថ្មីមួយទៀត បន្ទាប់ពីច្រាំងទន្លេនៅភូមិព្រែករុន ឃុំព្រែកគយ បានបាក់ដល់ផ្លូវជាតិលេខ២១B កាលពីដើមខែ មិថុនា ហើយមិនទាន់មានសកម្មភាពទប់ស្កាត់នៅឡើយ ។ ពេលនេះបើទោះបីច្រាំងទន្លេមិន បានបន្ដបាក់ទៀតក៏ដោយ តែនៅរដូវទឹកឡើងហូរខ្លាំងនាពេលខាងមុខ អាចនឹងបាក់បន្ដទៀតជាមិនខាន ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ