ស្វាយរៀង៖ ស្ត្រីជាមេឃាតក និងកូនប្រុសជាជនដៃដល់ ដែលបានអារកមនុស្ស ប៉ងសម្លាប់មិនបានសម្រេច ហើយសព្វថ្ងៃ តុលាការខេត្តស្វាយរៀង មានកេរ្តិ៍ឈ្មោះមិនល្អ បានដោះលែងឲ្យនៅក្រៅឃុំនោះ បាននិយាយបញ្ឈឺជនរងគ្រោះថា សុខចិត្ត ឲ្យលុយតុលាការ គឺមិនឲ្យជនរងគ្រោះទេ ហើយចង់ប្តឹងដល់ណាក៏បានដែរ។

សំដីបញ្ឈឺ របស់ជនល្មើសខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនបានឮ ផ្ទាល់ត្រចៀក ពីស្រ្តីជាមេឃាតក និងកូន ប្រុសជាជនដៃដល់នោះទេ ប៉ុន្តែបានឮចេញពី មហាជន អ្នកភូមិ អ្នកផ្សារ ដែលបានឃើញ ឮ ដឹងរឿងឃាតកម្មនេះ និយាយថា ទាំងម្តាយ និងកូនប្រុស ដើរនិយាយក្នុងភូមិ និងផ្សារថា ពួក គេមិនព្រមចុះចាញ់ ក្នុងរឿងអារកមនុស្ស សម្លាប់មិនបានសម្រេច នេះទេ ហើយគេសុខចិត្ត ចាយលុយឲ្យមន្ត្រីតុលាការវិញ ប្រសើរជាងឲ្យលុយជនរងគ្រោះ។

ស្ត្រីជាមេឃាតក ដែលតុលាការខេត្តស្វាយរៀង មានឈ្មោះមិនល្អ ករណីអភិបាលក្រុងបាវិត ឈូក បណ្ឌិត បាញ់កម្មការិនី ឲ្យ រងរបួស៣នាក់ ដោះលែងឲ្យនៅក្រៅឃុំ និងកូនប្រុសជាជនដៃដល់ បន្ទាប់ពីរត់គេចខ្លួនអស់ប៉ុន្មានថ្ងៃ ឥឡូវត្រឡប់មកផ្ទះ វិញ សមត្ថកិច្ចមិនព្រមចាប់ខ្លួន ដើរនិយាយបញ្ឈឺជនរងគ្រោះនេះ ត្រូវបានមហាជនរិះគន់ខ្សឹបខ្សាវតៗគ្នា ហើយអ្នកខ្លះដែលមិន ខ្លាចហ៊ានរិះគន់ទាំងចំហថា អាងមានលុយ និងស្គាល់អ្នកធំមានអំណាច ចង់ដើរយកដីគេ ចង់អារកអ្នកណា សម្លាប់ចោល ស្រេចតែចិត្ត មិនមានទោសឬ? ក្នុងករណីនេះ មានអ្នកខ្លះទៀត ស្អប់ដល់អាជ្ញាធរ ដែលមិនបានចាប់ជនដៃដល់ រួចស្អប់ដល់ តុលាការ ដែលមានរឿងអាស្រូវ ម្តងហើយម្តងទៀត បានដោះលែងស្ត្រី ជាមេឃាតកឲ្យ នៅក្រៅឃុំ។

ពាក់ព័ន្ធ នឹងការដោះលែង ឧក្រិដ្ឋជនឲ្យនៅក្រៅឃុំនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចទាក់ទង ចៅក្រម ឃី ឆៃ បន្ទប់ «ង» ដែលកាន់សំណុំរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះ។ ប៉ុន្តែបើតាម លោក សៅ សេង ជាប្អូនថ្លៃ ជនរងគ្រោះ ដែលបានទៅជួបចៅក្រមនេះផ្ទាល់ បានស្រង់សម្តីចៅក្រមនោះឲ្យដឹងថា មូលហេតុដែលតុលាការ សម្រេចដោះ លែង «ចៅក្រម បាននិយាយថា ជនល្មើស បានតម្កល់លុយ ១.០០០ដុល្លារ ហើយនៅពេលណា តុលាការកោះហៅ ជនល្មើស ត្រូវតែមកបំភ្លឺនៅតុលាការ បើមិនមក តុលាការនឹងមានវិធានការ ជាបន្តបន្ទាប់»។

ប៉ុន្តែការដោះលែង ឲ្យនៅក្រៅឃុំនេះ មេធាវីមួយចំនួន បានមានប្រសាសន៍ថា តុលាការមិនគួរដោះ លែងជនល្មើសឲ្យនៅក្រៅ ឃុំទេ ពីព្រោះវាជាអំពើឧក្រិដ្ឋ។ ពេលនេះ ជនរងគ្រោះ បានចេញពីមន្ទីរពេទ្យហើយ ដោយសារភាពក្រីក្រ មិនមានលុយបង់ ឲ្យពេទ្យ មុខរបួសក៏មិនសូវធ្ងន់ធ្ងរ និងមិនមានកូនចៅណា ហ៊ានទៅចាំស្រែ និងសត្វមាន់ ទា ដែលជនរងគ្រោះ ចិញ្ចឹមនៅវាល ស្រែ ក្បែរព្រំដែនវៀតណាម ដាច់ស្រយាល ដោយខ្លាចក្រុមជនល្មើស ព្យាយាមទៅធ្វើបាប។

ចំណែកអ្នកភូមិ ដែលបានដឹងរឿងនេះ កំពុងចាំមើលថា តើដបស្រា កំប៉ុងស្រាបៀរ ដែលក្រុមគ្រួសារជនល្មើស ហៅអ្នកមាន អំណាច និងក្រុមសមត្ថកិច្ចមកផឹកស៊ី ព្រមទាំងដុល្លារសូកមន្ត្រីតុលាការ អាចវាយកម្ទេចយុត្តិធម៌ នៅលើទឹកដីខេត្ត ស្វាយរៀង បានដែរឬទេ បន្ទាប់ពីរឿងអាស្រូវ ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិតនោះ?

ជនរងគ្រោះឈ្មោះ កឹម ថន អាយុ៦១ឆ្នាំ ជាកសិករក្រីក្រ មិនស្គាល់អ្នកធំ មានអំណាច ដូចគ្រួសារជនល្មើស បានឲ្យ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា ស្ត្រីឈ្មោះ ទេព ចន្ធី បានបញ្ជាឲ្យកូនប្រុស របស់ខ្លួនអារករូបលោក បំរុងសម្លាប់ចោល «ឥឡូវនេះ ទោះបីខ្ញុំចេញពីពេទ្យ ហើយទៅដេក នៅខ្ទមចាំស្រែក៏ដោយ ក៏មិនមែនបានន័យថា ខ្ញុំមិនខ្លាចនោះទេ គឺខ្ញុំខ្លាចពួក គេមកធ្វើបាបខ្ញុំទៀត តែបើខ្ញុំមិនមកយាម គ្មានកូនចៅណាគេហ៊ានមកទេ គ្រាន់តែខ្ញុំប្រយ័ត្នជាងមុន និងហៅបងប្អូន កូនចៅ ខ្លះទៅដេកជាមួយ»។

តាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ វេលា ម៉ោង ៩ព្រឹក ជនរង គ្រោះបានដើរទៅស្រែ ហើយក៏បានឃើញកម្មករ ៣នាក់ និងកូនប្រុសរបស់ជនល្មើស ទេព ចន្ធី ឈ្មោះ ឡុង ដែលជនទាំងបួន នាក់នេះ បានលើកយកដាយរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះ បានស្រែកថា «នែ!ពួកឯង យកដាយអញទៅណា ហើយ» ខណៈនោះឈ្មោះ ទេព ចន្ធី បានស្រែកថា «ហែង! នៅអីទៀត ចាត់ការវាទៅ»។ ពេលនោះ កម្មករ៣នាក់ និងកូនប្រុស របស់ស្រ្តីនេះ បានមកចាប់ក្រៀកក រុញផ្តួល រួចឈ្មោះ ឡុង បានយកកាំបិទខ្វាងមកអារក ជនរងគ្រោះតែម្តង ហើយស្រ្តីជា មេខ្លោងបានស្រែកថា «យកវាទៅផ្ទះយើងកាត់ក ផឹកឈាមវាតែម្តង»។ ឮសម្រែកបញ្ជាដូចនេះ កម្មករទាំង៣នាក់ បានចាប់ ជនរងគ្រោះក្រៀកក ទៅផ្ទះរបស់ ទេព ចន្ធី ហើយឈ្មោះ ឡុង និង ចន្ធី បានដើរពីក្រោយ កាន់កាំបិត ខ្វែវ ខណៈនោះ ជនរង គ្រោះបានស្រែកថា «លែងខ្ញុំ!» ជនល្មើស មិនបានលែងទេ បណ្ដើរជនរងគ្រោះ បានប្រហែល ២០០ម៉ែត្រ ជនរងគ្រោះស្រែកថា «លែង» ប៉ុន្តែជនល្មើស នៅតែមិនព្រមលែងទៀត។ នៅពេលនោះ ជនរងគ្រោះ ឃើញឈាមហូរជោកខ្លួន ទើបជនរងគ្រោះ រក ទូរស័ព្ទរបស់ខ្លួន រួចទូរស័ព្ទហៅឲ្យគេជួយ «គេអារកខ្ញុំ សម្លាប់ខ្ញុំហើយ បងប្អូនអើយជួយខ្ញុំផង»។ ពេលនោះ ជនរងគ្រោះ បាន ឃើញឈ្មោះ ឡូក ជួយស្រែកថា «កុំទៅផ្ទះគេ»។ កម្មករទាំង៣នាក់ ជាជនល្មើស បានក្រៀកជនរងគ្រោះជាប់ តែជនរងគ្រោះ ខំរើរួច ហើយក៏រត់រួច ទាំងឈាមហូរដាបខ្លួន។

សូមជម្រាបថា ដំណើររឿងរ៉ាវ ដែលនាំឲ្យមានគំនុំគ្នា រហូតកើតជាករណីប៉ងសម្លាប់នេះ គឺកើតចេញពី ទំនាស់បញ្ហាទឹក ប្រឡាយ និងដីធ្លី ដែលមានដំណើររឿងដូចតទៅ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៤ ជនរងគ្រោះ កឹម ថន និងភរិយា ជា ជនក្រីក្រ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឈ្មោះ ប្រាក់ កុសល់ ដែលមាន ប្រពន្ធឈ្មោះ ទេព ចន្ធី (ជនល្មើស) នូវទំហំដីស្រែ បណ្តោយ ៤០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ជីកប្រឡាយនាំទឹក តចេញពីទន្លេ យ៉ាផូង មកធ្វើស្រែប្រាំង នៅចំណុច ឡាំពែរួមគ្នា។ ប៉ុន្តែចំពោះទឹកប្រើប្រាស់ ក្នុងកិច្ចសន្យានោះ លោក កឹម ថន (ជនរងគ្រោះ) ជាម្ចាស់ដី មានសិទ្ធិប្រើរហូត ដោយ គ្មានកំណត់។ ក្រោយមកភាគីលោក ប្រាក់ កុសល បានកំណត់ឲ្យលោក កឹម ថន ប្រើទឹក ធ្វើស្រែប្រាំង មានកំណត់ចំនួនហិកតា លើសពីនេះ លោក ប្រាក់ កុសល យកលុយ។ ពេលនោះ លោក កឹម ថន ក៏កើតជា កំហឹង ហាមមិនឲ្យលោក ប្រាក់ កុសល ប្រើទឹកប្រឡាយនោះឡើយ ទើបនាំឲ្យកើតមានជាកំហឹង ប៉ងធ្វើឃាតអារកជន រងគ្រោះនេះ។

ក្រៅពីទំនាស់ រឿងប្រើប្រាស់ទឹកប្រឡាយនេះ អ្នកភូមិជាច្រើន បានឲ្យដឹងថា លោក ប្រាក់ កុសល នេះ បានក្លែងឯកសារ យក ដីប្រឡាយរបស់រដ្ឋ និងដីស្រែ របស់ប្រជាពេលរដ្ឋ មួយចំនួនទៀត ដែលឃុបឃិតគ្នា ជាមួយមន្ត្រីអាជ្ញាធរមួយចំនួន និង បច្ចុប្បន្ន អាងស្គាល់អ្នកធំ មានអំណាច នៅខេត្តស្វាយរៀង ព្រមទាំងអាងមានលុយកាក់ទៀតផង។ ក្នុងទំនាស់ដីធ្លី ក្នុងករណី ផ្សេងទៀត ដែលមានជនរងគ្រោះ ជាច្រើននាក់នោះ ជនរងគ្រោះ កឹម ថន ជាបង្គោលក្នុងការចេញមុខ តតាំងជាងគេ ជាមួយ លោក ប្រាក់ កុសល ជាប្តី របស់ស្រ្តីមេឃាតក ទេព ចន្ធី៕



ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ