ភ្នំពេញ ៖ បុរសពីរនាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេ ជិះម៉ូតូគុបជ្រុងមួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង របស់អ្នកមានអំណាច បានបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៖៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម មុខរោងកុនលុច្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ដោយបានជិះក្នុងល្បឿនលឿនល្មម ខណៈជិះមកដល់ចំណុច កើតហេតុខាងលើនេះ ស្រាប់តែរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាករ៉ងរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 V 9996 បើកបរដោយ កូនអ្នកមានអំណាច បានបើកបុកម៉ូតូគុបជ្រុងយ៉ាងពេញទំហឹង ពីក្រោយបណ្តាលឲ្យម្ចាស់ម៉ូតូ ត្រូវរងរបួសធ្ងន់ធ្ងរ និងម៉ូតូខូចខាត ចំណែករថយន្តបង្កហេតុ ក៏ខូចខាតមិនអាចបន្តដំណើរទៅមុខរួច ។ 

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ម្ចាស់រថយន្តរ៉ង់រ៉ូវែ បានទូរស័ព្ទហៅរថយន្ត ស៊េរីទំនើបមួយគ្រឿងទៀត ពាក់ស្លាកលេខ ខេមរភូមិន្ទ មកអន្តរាគមន៍ ដាក់ខ្សែសណ្តោងរថយន្តរ៉ង់រ៉ូវែ ជិះរត់គេចខ្លួនដោយ មិនចាំទទួលខុសត្រូវនៅចំពោះមុខច្បាប់។ ទង្វើនេះបញ្ជាក់ឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុ ជាមនុស្សគ្មានខួរ ព្រោះមានលុយ មានអំណាច តែធ្វើចរិតថោកទាប មិនគោរពច្បាប់ ។

លើសពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់ មានក្រុមអ្នកកាសែតនិងទូរទស្សន៍ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីថតយកទិដ្ឋភាពនេះ ប៉ុន្តែមានបុរស ២ទៅ៣នាក់ បានរត់សម្រុកមកចាប់យក ម៉ាស៊ីនថតពីយុវជនម្នាក់ ដែលជាបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍១ កំពុងថតយកទិដ្ឋ ភាពហេតុការណ៍ ដែលអ្នកមានអំណាចបង្កឲ្យមាន គ្រោះថ្នាក់ហើយមិនទទួលខុសត្រូវ ។

ក្នុងហេតុការណ៍នេះក្រុម បើកបររថយន្តបង្កហេតុ ក៏បានគំរាមឲ្យអ្នកកាសែត លុបរូបភាពទាំងអស់ និងបានអូសយុវជន ជាអ្នកកាសែតម្នាក់ ចូលក្នុងរថយន្តថែមទៀតផង ប៉ុន្តែដោយសារមានការពន្យល់ណែនាំ ពីសំណាក់យុវជនរូបនោះ ទើបអស់លោក កូនអ្នកមានអំណាច បានសម្រួលអារម្មណ៍បែរជា ប្រញាប់ទៅបើករថយន្ត គេចខ្លួនទៅវិញ ។ 

ពាក់ព័ន្ធនិងករណី គ្រោះថ្នាក់ចរាចរណ៍ នេះគឺត្រូវបានសាក្សីដែលឃើញ ហេតុការណ៍នោះបានឲ្យដឹងថា ដឹងថាកើតឡើង អស់រយៈពេលជាង ១ ម៉ោង តែសមត្ថកិច្ចមូលដ្ឋាន មិនឃើញមកសូម្បីតែម្នាក់ ដោយទុកឲ្យជនបង្ករត់គេចខ្លួន បាត់ទើប លេចមុខមកអន្តរាគមន៍ ។ មហាជនដែលឃើញ ទិដ្ឋភាពនេះបានរិះគន់ យ៉ាងខ្លាំងចំពោះ អ្នកបើកបររថយន្តបង្កហេតុ ជាពិសេសរិះគន់ចំពោះ សមត្ថកិច្ចមូលដ្ឋានដែលគ្មានចិត្ត ក្នុងការចុះជួយ អន្តរាគមន៍ ដល់ជនរងគ្រោះត្រូវគេបុក ឲ្យរបួស ធ្ងន់រហូតដល់ទៅ ២នាក់ ហើយរថយន្តបង្ករត់គេចខ្លួនបាត់ ទើបឃើញវត្តមាន របស់លោកសមត្ថកិច្ចចុះមកដល់ ។

ដោយប្រជាពលរដ្ឋបានស្គាល់ និងបានថតរូបភាព ស្លាកលេខរថយន្តបង្កហេតុ បាននោះ ដូច្នេះសូមអំពាវ នាវដល់សមត្ថកិច្ចដែលពាក់ព័ន្ធ និងការដោះស្រាយករណី ខាងលើនេះមេត្តាជួយ ស្រាវជ្រាវតាមចាប់ក្រុមអ្នក បើកបរថយន្តមិនគោរពច្បាប់ និងមិនទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេនេះ យកមកដោះស្រាយចំពោះមុខច្បាប់ផង ដើម្បីជាការធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តជឿជាក់ថា សមត្ថកិច្ច ពិតជាមានស្រវេស្រវា ក្នុងការជួយប្រជាជនរងគ្រោះ ៕






ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ