កត្តា ៤យ៉ាង រំខានដល់​វដ្ដរដូវ​របស់ស្រីៗ!

//s9.kh1.co/ef/efa117ae3ba5d61c19e847275fc90c7671721682.jpg
យល់ដឹង

 ២៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កត្តា​មួយ​ចំនួន​អាច​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រីៗ​ ធ្វើ​ឲ្យ​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​ផង​ក៏​មាន​។

កត្តា​មួយ​ចំនួន​អាច​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រីៗ​ ធ្វើ​ឲ្យ​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​ផង​ក៏​មាន​។ ជា​ធម្មតា​វដ្ដ​រដូវ​ស្រ្តី​មាន​រយៈពេល​ជា​មធ្យម​២៨​ថ្ងៃ តែ​អ្នក​ជំនាញ​ខាង​រោគ​ស្រ្តី​បញ្ជាក់​ដែរ​ថា​វដ្ដ​អាច​មាន​រយៈពេល​ពី​២១​ថ្ងៃ​ទៅ៣១​ថ្ងៃ ក៏​ចាត់​ទុក​ថា​ធម្មតា​ដែរ​។ ចុះ​ការ​បាត់​រដូវ ឬ​រដូវ​មិន​ទៀង ព្រោះ​កត្តា​អ្វី​ខ្លះ?​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ហាត់​ប្រាណ​ខ្លាំង​ៗ ឬ​ធ្វើ​ការ​ធ្ងន់​

ស្រីៗ​ធ្វើ​ការ​ងារ​ធ្ងន់ ឬ​ក៏​ជា​អ្នក​រត់​ប្រណាំង​ជា​ដើម ​​អាច​នឹង​ជួប​បញ្ហា​វដ្ដ​រដូវ​។ ការ​ធ្វើការ​ធ្ងន់​ញឹកញាប់ ឬ ហាត់​ប្រាណ​ខ្លាំង​ៗ​ញឹក​ញាប់ បូក​រួម​នឹង​ខ្លាញ់​នៅ​ក្រោម​ក្បាល​ពោះ​ដាក់​សម្ពាធ​លើ​រាង​កាយ​ផង ​អាច​បង្ក​ឲ្យ​មាន​សញ្ញា​បញ្ជូន​ទៅ​ខួរ​ក្បាល​​ដើម្បី​បញ្ឈប់​ការ​ផលិត​អ័រម៉ូន​បន្ត​ពូជ​។

ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​​ចូល​ចិត្ត​ហាត់​ប្រាណ​ខ្លាំងៗ​ មាន​ប្រហែល​ពាក់​កណ្ដាល​មាន​បញ្ហា​រដូវ​មិន​ទៀង​ ប៉ុន្តែ​ថា​ការ​មក​រដូវ​យឺត​ពីរ​បី​ថ្ងៃ​មិន​ចាត់​ទុក​ថា​ជា​បញ្ហា​នោះ​ទេ។ យ៉ាងណា បើ​ស្រី​ៗ​យើង​បាត់​រដូវ​យូរ​ជាង​បី​ខែ គួរ​តែ​ទៅ​ជួប​ពេទ្យ​។​

២. លើស​ទម្ងន់​

បើ​​ជា​មនុស្ស​លើស​ទម្ងន់ យើង​នឹង​មាន​ខ្លាញ់​ច្រើន ហើយ​ខ្លាញ់​ដែល​លើស​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​កើន​ឡើង ដែល​អាច​​ទៅ​បញ្ឈប់​ក្រពេញ​អូវែ​មិន​ឲ្យ​បញ្ចេញ​ស៊ុត​។ ជាមួយ​គ្នា​នោះ​ដែរ ជញ្ជាំង​ស្រទាប់​ស្បូន​ក៏​ឡើង​ក្រាស​ដែរ​។

ដូច​គ្នា​ដែរ​ស្រ្តី​ដែល​ធាត់​ពេក​ក៏​អាច​​ជួប​បញ្ហា​រដូវ​មក​ច្រើន ឬ​មិន​សូវ​មក​រដូវ ឬ​ក៏​រដូវ​មក​រយៈពេល​យូរ​ផង​ដែរ​។ បើ​សិន​ជា​យើង​លើស​ទម្ងន់​ និង​មាន​រោគ​សញ្ញា​ទាំង​នេះ កុំ​គិត​ថា​វា​មិន​អី​នោះ​។ ការ​មាន​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​កើន​ឡើង​ច្រើន​ ក្នុង​រយៈពេល​វែង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ ដើម្បី​បន្ថយ​ហានិភ័យ​នេះ ស្រីៗ​លើស​ទម្ងន់​គួរ​ហាត់​ប្រាណ​សម្រក​ទម្ងន់ ឬ​បើ​ទម្ងន់​នៅ​តែ​មិន​ស្រក គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​​បាន​ដឹង​ថា​អាច​មាន​ថ្នាំ​ជំនួយ​ឬ​យ៉ាងណា​។​

៣. មិន​គ្រប់​គីឡូ ឬ​ស្គម​ពេក​

រាង​កាយ​របស់​យើង​នឹង​មាន​ប្រតិកម្ម​បញ្ច្រាស​នៅ​ពេល​ទម្ងន់​ខ្លួន​មិន​គ្រប់​តាម​ស្ដង់​ដារ​សុខភាព​ត្រឹម​ត្រូវ​ ឬ​ស្គម​ពេក​ ដែល​នាំ​ឲ្យ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ក៏​មិន​គ្រប់​គ្រាន់​ដែរ​។ ស្រ្តី​គ្រប់​រូប​ត្រូវ​ការ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​សម​ស្រប​មួយ​ដើម្បី​បង្កើត​ជញ្ជាំង​ស្បូន និង​ធ្វើ​ឲ្យ​មាន​ឈាម​​រដូវ​។ យ៉ាង​ណា​បើ​​ស្រីៗ​យើង​​មាន​ទម្ងន់​ទាប​ជាង​ធម្មតា​តិច​តួច នោះ​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​សុខ​ៗ​យើង​បែរ​ជា​ស្រក​គីឡូ​ច្រើន​ភ្លាម​ៗ​​នោះ​អាច​នឹង​ប៉ះពាល់​វដ្ដ​រដូវ​ដែរ​។ យ៉ាងណា បើ​យើង​ស្រក​ទម្ងន់​ច្រើន​មែន តែ​ទម្ងន់​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ល្អ​ចំពោះ​សុខភាព​ដដែល នោះ​រាង​កាយ​នឹង​កែសម្រួល​វដ្ដ​រដូវ​ឲ្យ​ល្អ​ប្រសើរ​វិញ​នៅ​ពីរ​បី​ខែ​បន្ទាប់​។

៤. បរិស្ថាន​មាន​ជាតិ​ពុល​

ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​នៅ​កសិដ្ឋាន​ដែល​មាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន មាន​បញ្ហា​រដូវ​មិន​ទៀង និង​បាត់​រដូវ​ញឹក​ញាប់ ខុស​ពី​ស្រ្តី​ដែល​ធ្វើ​ការ​នៅ​តាម​កសិដ្ឋាន​ដែល​មិន​មាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ ​
​​​
សារធាតុ​ពុល​នេះ​បង្ក​ការ​​រាំង​ស្ទះ​ដល់​អ័រម៉ូន​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​​ប្រព័ន្ធ​អង់​ដូគ្រីន​ដំណើរ​ការ​មិន​បាន​ប្រក្រតី​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ អ្នក​ជំនាញ​ណែ​នាំ​ឲ្យ​ស្រីៗ​យើង​កាត់​បន្ថយ​ការ​ប៉ះពាល់​សារធាតុ​ពុល​ទាំង​នេះ​ឲ្យ​បាន​ច្រើន​បំ​ផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T