ភ្នំពេញ៖ ចៅក្រមស៊ើបសួរ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ បានសម្រេចឃុំខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ពីរនាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូ និងរថយន្តបុក មនុស្សស្លាប់ និងរបួស ក្នុងករណីពីរផ្សេងគ្នា។ ការសម្រេចឃុំខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានធ្វើឡើងក្រោយពេល ដែលកម្លាំង នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំងពីរនាក់នេះ ទៅកាន់តុលាការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រម ភូ ពៅស៊ុន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ បានបញ្ជាឲ្យសមត្ថកិច្ច បញ្ជូនជនសង្ស័យឈ្មោះ យ៉ែម សុប៉ុន អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្ដកំពង់ចាម ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយពីបើកម៉ូតូបុក ម៉ូតូសន្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើក ម៉ូតូសន្តោងរ៉ឺម៉ក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង វេលាម៉ោង ៣ និង ៥០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត នៅលើផ្លូវលេខ ៨៨ កែងផ្លូវព្រះមុនីវង្ស សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។

ដីកាបង្គាប់ឲ្យឃុំខ្លួន បានចោទប្រកាន់ ជននេះពីបទ បង្កឲ្យស្លាប់ដល់អ្នកដទៃ ដោយអចេតនា តាមមាត្រា៨២ នៃច្បាប់ចរាចរណ៍ជើងគោក។ សូមបញ្ជាក់ថា អ្នកបើកម៉ូតូសន្ដោងរ៉ឺម៉កបាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពី ម៉ូតូរបស់ខ្លួន បុកជាមួយម៉ូតូស្មាស់មួយ គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា កាលពីវេលាម៉ោង ៣ និង ៥០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត នៅលើផ្លូវលេខ ៨៨ កែងផ្លូវព្រះមុនីវង្ស សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ មានករណី គ្រោះថ្នាក់ចរាចរ ក្រោយពីអ្នកបើកម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-0067 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៨៨ ក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុចកើតហេតុខាងលើបត់ឆ្វេង ឆ្លងតាម មហាវិថីព្រះមុនីវង្ស ក្នុងទិសដៅទៅត្បូង ស្រាប់តែបុកជាមួយម៉ូតូសន្ដោងរ៉ឺម៉ក មួយគ្រឿង ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះ មុនីវង្ស បណ្ដាលឱ្យអ្នកបើកម៉ូតូសន្ដោងរ៉ឺម៉ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

មន្ដ្រីនគរបាល ចរាចរជើងគោកបានឱ្យ ដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យ មនុស្សស្លាប់ខាងលើនេះ ឈ្មោះ យ៉ែម សុប៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្ដកំពង់ចាម រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ សន្ដោងរ៉ឺម៉ក ឈ្មោះ អឿន អាង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូសន្ដោងរ៉ឺម៉ក  រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បើយោងតាមមន្ដ្រីនគរបាលចរាចរបាន  ឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបណ្ដាលមក ពីអ្នកបើកម៉ូតូស្មាស់ បើកលឿន និងមាន ជាតិអាល់កុល០.២៥មីលីក្រាម ក្នុង១លីត្រ ខ្យល់ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរនេះ នាយ រងការិយាល័យ ចរាចរជើងគោក លោកវរ សេនីយ៍ត្រី ប៉ែន ឃុន បានថ្លែងឱ្យដឹងថា ក្រោយកើតហេតុ ទាំងម៉ូតូសន្ដោងរ៉ឺម៉ក របស់ជនរងគ្រោះ ជនបង្ក និងម៉ូតូរបស់គេ ត្រូវបាននាំមកកាន់ការិយាល័យ ចរាចរជើង គោក និងបានកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣នេះ ។

ដោយឡែក ករណីទី២ លោកចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កែវ មុនី នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ បានសម្រេចឃុំខ្លួនជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ឈ្មោះ វ័យ វុធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំពុធស ស្រុកបាទី ខេត្ដតាកែវ ក្រោយបើករថយន្ត បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ ក្រោយពេលដែលបញ្ជូន ទៅកាន់មន្ទីរពេទ្យ  កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅមុខ ដេប៉ូតេលា អូបែកក្អម លើផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការសម្រេចឃុំខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលកម្លាំង នគរបាលចរាចរជើងគោក បានបញ្ជូនជននេះ ទៅកាន់តុលាការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣។

បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន បានចោទប្រកាន់ជននេះពីបទ បង្កឲ្យស្លាប់ដល់អ្នកដទៃដោយអចេតនា តាមមាត្រា៨២ នៃច្បាប់ចរាចរណ៍ជើងគោក។ សូមបញ្ជាក់ថា អ្នកបើករថយន្ដ បង្កគ្រោះ ថ្នាក់ចរាចរ បុកម៉ូតូពីក្រោយចំនួន ២គ្រឿង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់ត្រូវបាន កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បញ្ជូនខ្លួន និងកសាងសំណុំរឿងទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដែល បណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសព្រម ទាំងធ្វើឱ្យខូចខាតរថយន្ដ និងម៉ូតូទាំង ៣ គ្រឿងខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅមុខ ដេប៉ូតេលា អូបែកក្អម លើផ្លូវលេខ ២៧១  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោករាជធានីភ្នំពេញ បានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរនេះ បានកើតឡើងក្រោយពី រថយន្ដ១គ្រឿងម៉ាក DAEWOO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2T-1823 បានធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ បានបុកម៉ូតូចំនួន ២គ្រឿង ដែល កំពុងធ្វើដំណើរស្របទិសគ្នា ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-4654  និង ១គ្រឿងទៀត ម៉ាក City 100 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1G-2750 បណ្ដាលឱ្យស្លាប់ និងរបួស ២នាក់។ បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដែលជិះម៉ូតូវីវ៉ា នោះ ឈ្មោះ ឌិន វុត្ថា ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ រីឯអ្នកបើក ម៉ូតូ City 100 ឈ្មោះ នួន ផាត់ ភេទប្រុស អាយុ ៤៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់អូរ ឫស្សីទី១ ខណ្ឌ ៧មករា ។

ដោយឡែកអ្នក បើករថយន្ដបង្កឈ្មោះ វ័យ វុធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំពុធស ស្រុកបាទី ខេត្ដតាកែវ ។ នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យ ដឹងថា ក្រោយពីមានគ្រោះថ្នាក់ចរាចរនេះ កើតឡើង កម្លាំងសមត្ថកិច្ចរបស់លោក បានចុះទៅជួយអន្ដរាគមន៍តាមរយៈការ ឃាត់ម្ចាស់រថយន្ដ រួចហើយបញ្ជូនទាំង មនុស្ស និងរថយន្ដមកកាន់ការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ កសាង សំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ។

បើយោងតាម មន្ដ្រីនគរបាលចរាចរបាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើង ដោយសារតែអ្នកបើករថយន្ដបើក លឿន ខ្វះការប្រុងប្រយ័ត្ន ៕





























ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ