ភ្នំពេញ៖ យុវជនម្នាក់ ផឹកស្រាជោគជាំ រហូតបាត់បង់ស្មារតី ដេកប្រកាច់ បែកពពុះមាត់ម្នាក់ឯង ត្រូវបាន នគរបាល សង្កាត់ស្នោដើរល្បាត ក្នុងមូលដ្ឋាន ប្រទះឃើញ រួចហើយក៏មានការភ្ញាក់ផ្អើល ដំបូងសង្ស័យថា ប្រហែលជា ត្រូវថ្នាំសណ្តំ ប៉ុន្តែបើតាមការបញ្ជាក់ពីក្រុមសង្គ្រោះវិញ គឺស្រវឹងស្រា បណ្តាលឲ្យបាត់បង់ស្មារតី ។ ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាល ពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតមាត់ស្រះ ក្បែរភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាល នៅកន្លែងកើតហេតុបានឲ្យដឹងថា យុវជនប្រមឹក ខាងលើមានពុំត្រូវបាន គេស្គាល់ឈ្មោះទេ មានអាយុប្រហែល២០ឆ្នាំជាង ពាក់អាវពណ៌ត្រួយចេក កម្ពស់ប្រហែលជា១ម៉ែត្រ៦០ ហើយក៏ពុំដឹងថា ស្នាក់នៅទីណាដែរ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ដោយអនុវត្តន៍តាមការណែនាំរបស់ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ បានដាក់បញ្ជាយ៉ាងតឹងរ៉ឹងឲ្យកម្លាំង នគរបាលក្នុងមូលដ្ឋាន ខិតខំដើរល្បាតនៅក្នុង មូលដ្ឋានដើម្បីរក្សាសន្តិសុខសណ្តាប់ ជាពិសេសបង្កាកុំ ឲ្យមានបទល្មើសកើតឡើង នៅក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលខិតខំ ដើរល្បាតគ្រប់ច្រកល្ហក ទាំងអស់ ហើយក៏បានប្រទះឃើញ ជនរងគ្រោះ ដេកប្រកាច់បែកពពុះមាត់ ម្នាក់ឯងនៅចំណុច ក្បែរមាត់ស្រះ ទើបមានការភ្ញាក់ផ្អើលឡើង ហើយបានហៅក្រុមរថយន្តសង្គ្រោះ របស់អង្គភាព ៧១១កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ កាន់មន្ទីរពេទ្យ លោកសង្ឃ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ដោយមុនដំបូងសង្ស័យថា ទំនងជាត្រូវថ្នាំសណ្តំ របស់គេបាត់ បង់អ្វីមួយ ប៉ុន្តែក្រុមគ្រូពេទ្យពិនិត្យរួចទើបដឹងថា ជាករណីស្រវឹងស្រានោះទេ ។

បើតាមសាក្សីពីកន្លែងកើតហេតុវិញបានឲ្យដឹងថា ជនក្មេងមិនទាន់បាត់ក្លិនទឹកដោះផង ផឹកស្រាស្រវឹង ហើយប្រកាច់បែកពពុះមាត់ ពេលដែលប្រជាពលរដ្ឋ ជាច្រើនចោមរោមទៅមើល និងនគរបាលជាច្រើនផងដែរ រហូតដល់ទៅ៣សង្កាត់ ចុះទៅអន្តរាគមន៍ បែកជាយុវជន ប្រមឹកនេះស្រែកជេទាំងក្រុមសង្គ្រោះ និងនគរបាលពេញមាត់ៗ បង្កផលលំបាក ក្នុងការជួយសង្គ្រោះ ។

ប៉ុន្តែបើតាមការបញ្ជាក់ពី ក្រុមសង្គ្រោះ បានឲ្យដឹងថា ជននេះបង្កឲ្យមានការភ្ញាក់ផ្អើល នគរបាលជាច្រើនរហូតដល់ ៣សង្កាត់ និងប្រជាពលរដ្ឋ១ភូមិ ហើយពេលដែលដឹកទៅ ដល់មន្ទីរពេទ្យលោកសង្ឃ ជននេះបានអុកឡុកផ្អើល ពេញពេទ្យស្រែកជេ គ្មានសល់នរណាម្នាក់ ។ ប្រជាពលរដ្ឋបានបន្តថា យុវជនទាំងអស់បានដឹងហើយសូមចៀសឲ្យ ផុតពីបញ្ហានេះ ពីព្រោះការផឹកស្រារហូតបាត់បង់ស្មារតីបែបនេះ ធ្វើឲ្យបាត់បង់តម្លៃខ្លួនឯង ។  បច្ចុប្បន្នយុវជនខាងលើកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕




ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ