ខេត្តកំពង់ចាម ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារត្រូវយុវជនម្នាក់ទៀត កាប់ក្បាលមួយកាំបិតផ្គាក់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៥ កក្កដា នៅផ្ទះប្រជាពលរដ្ឋក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខណៈអ្នកទាំងពីរនាក់ទាស់សម្តីគ្នាក្នុង វង់ផឹកស៊ីជាមួយគ្នា ។

មន្ត្រីប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះ ពិន សុភារិទ្ធ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងស្នាយ ចំណែកយុវជនដៃដល់ឈ្មោះ ស ចំបុី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ។ មុនពេលកើតហេតុ យុវជនទាំងពីរនាក់បានផឹកស្រា ជាមួយមិត្តភក្តិ៤-៥នាក់ទៀតនៅផ្ទះឈ្មោះតួ ។

ពេលផឹកស៊ីស្រវឹងរៀងៗខ្លួន ឈ្មោះ ពិន សុភារិទ្ធ បានចាប់ផ្តើមនិយាយច្រើន ដោយនិយាយតែម្នាក់ឯង មិនឱ្យអ្នកផឹកស៊ីជាមួយនិយាយទេ ទើបឈ្មោះ ស ចំបុី ខឹងក៏ហាមឱ្យផ្អាកនិយាយ ហើយកើតរឿងឈ្លោះគ្នា ។ ភ្លាមនោះឈ្មោះ ស ចំបុី បានទាញកាំបិតផ្គាក់កាប់ក្បាលឈ្មោះ ពិន សុភារិទ្ធ មួយកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកមក មណ្ឌលសុខភាពឃុំដែលនៅជិតនោះ ប៉ុន្តែដោយរបួសធ្ងន់ពេក ក៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្តង។

គ្រូពេទ្យនិយាយថា ជនរងគ្រោះរបួសធ្ងន់ដោយ របើកលលាដ៍ក្បាលប៉ុនកូនដៃ ។ ដោយឡែក ជនដៃដល់ក្រោយពីកាប់ជនរងគ្រោះ ហើយបានគេចខ្លួនបាត់តែម្តង ដែលពេលនេះនគរបាលកំពុងស្វែងរកចាប់ខ្លួន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ