ខេត្តកំពង់ចាម ៖ ប្តីចិត្តអប្រិយម្នាក់បានកាប់ប្រហារ នឹងកាំបិតបុ័ងតោមកលើប្រពន្ធ យ៉ាងសាហាវឃោរឃៅ បណ្តាលឱ្យនាងរងរបួសជាទម្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ ចំណែកឯបុរសជាប្តីចិត្តឃោរ ឃៅកាចសាហាវព្រៃផ្សៃនោះ ក្រោយពីកាប់ប្រហារមកលើប្រពន្ធហើយ ក៏រត់គេចខ្លួនបាត់ ។ ហេតុការណ៍អំពើហិង្សានេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ កក្កដា ស្ថិតនៅភូមិអូរប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ស្ត្រីរូបនេះគឺជាប្រពន្ធទី៣ រីឯប្រពន្ធទី១ ក៏ធ្លាប់ត្រូវបុរសនេះវាយដល់សន្លប់ ចំណែកឯប្រពន្ធទី២ ក៏ធ្លាប់ត្រូវប្តីវាយទម្លាក់ពីលើផ្ទះផងដែរ ។ បុរសចិត្តអប្រិយរូបនេះឈ្មោះ អុ៊ក យឿន អាយុ៤២ឆ្នាំ ជាជនចូលចិត្តប្រើហិង្សាវាយតប់ និងប្រើកាំបិតបុ័ងតោកាប់មកលើប្រពន្ធ ។ ស្ត្រីរងគ្រោះជាប្រពន្ធទី៣ ឈ្មោះ ហួត សុភា អាយុ៣៣ឆ្នាំ បានឱ្យដឹងថា នៅពេលមុនកើតហេតុប្តីឈ្មោះ យឿន បានមកសុំលុយទិញកាតទូរស័ព្ទ០៩៧ ចំនួន១ដុល្លារ ប៉ុន្តែគាត់បានឱ្យ លុយរហូតដល់ទៅ៥.០០០រៀល។

ក្រោយពីប្តីមកពីទិញកាតទូរស័ព្ទវិញ ស្របពេលដែលគាត់ (ប្រពន្ធ) កំពុងតែបីកូនតូចរបស់អ្នកភូមិម្នាក់ អាយុជាង១ខួបដែលមានផ្ទះនៅទល់មុខគ្នា ហើយត្រូវម្តាយស្លាប់ចោល គ្រាន់តែដាក់កូនតូចនោះចេញពីដៃបានតែបន្តិច បម្រុងទៅដងទឹកអណ្តូងនៅខាងក្រោយផ្ទះ ក៏ត្រូវបានប្តីដើរមកដល់រករឿងស្តីបន្ទោស គំហកដាក់ឱ្យនាងជាប្រពន្ធទាំងសម្តីធំថា ស្អែកទៅណា ? រំពេចនោះគាត់ក៏បាន ឆ្លើយតបវិញថា ទៅលក់ពោតដែលកាច់មកពីចម្ការ ។

ស្ត្រីរងគ្រោះបន្តទៀតថា ខណៈនោះប្តីរបស់គាត់ក៏បាន ចោទថា ស្រឡាញ់ក្មេងនោះជាងខ្លួនជាប្តី បន្ទាប់មកប្តីបានមកចាប់គាត់ក្រៀកជាប់ ហើយក៏យកកាំបិតបុ័ងតោមកកាប់គាត់ជា ប្រពន្ធត្រូវចំនួន៥កន្លែង ក្នុងនោះក្បាល៣កាំបិត ស្មាស្តាំ១កាំបិត និងក.១កាំបិត បណ្តាលឱ្យឈាមហូរ ស្រោចពេញខ្លួនប្រាណ ។ ក្រោយពេលកើតហេតុ ប្តីចិត្តអប្រិយនេះក៏បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯរូបគាត់ត្រូវបានសាច់ញាតិដឹកតាម រថយន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ទង្វើរបស់ប្តីនេះត្រូវបានស្ត្រីរងគ្រោះនិយាយថា មិនអាចអត់ឱនឱ្យបាននោះទេ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅតាមច្បាប់ ហើយនៅពេលស្នាមរបួសជាសះស្បើយ គាត់ក៏មិនអាចយកបុរសនោះ មកធ្វើជាប្តីបន្តទៀតឡើយ ។ ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា គាត់បានយកបុរសនោះជាប្តីទើបតែបាន៦ខែប៉ុណ្ណោះ  ហើយក្នុងពេលរស់ជាមួយគ្នានៅភូមិអូរប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក៏ត្រូវបានអ្នកភូមិគេលួចប្រាប់គាត់ថា ប្តីឈ្មោះ អុ៊ក យឿន នេះធ្លាប់ប្រើអំពើហិង្សាវាយប្រពន្ធទី១ ខណៈពេលមានផ្ទៃពោះ៦ខែរហូតដល់សន្លប់ ឯប្រពន្ធទី២ ពេលឆ្លងទន្លេបាន៣ខែត្រូវបានប្តីវាយទម្លាក់ពីលើផ្ទះ ហើយប្រពន្ធទាំងពីរនាក់នេះត្រូវបានលែងគ្នាជាបន្តបន្ទាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ