ភ្នំពេញ ​៖ ​ក្រុម​ស្ទាវ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​​នៅ​ពេល​ដែល​ក្រុម​ក្មេង​ស្ទាវ​២​នាក់​នោះ​ប្រើ​ច្រវាក់​សោ​ម៉ូតូ​វាយ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរឈាម​ដេរ​៦​ថ្នេរ។​

អំពើហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១២ វេលា​ម៉ោង៩និង ៣០នាទី​នៅតាម​បណ្ដោយ​ផ្លូវ៣៣៦ ផ្សារ​ដើម​គរ សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក។

ក្រុម​ក្មេង​ស្ទាវ​ដែល​ត្រូវ​ឃាត់ខ្លួន២នាក់​ខាងលើ​នោះ មាន ឈ្មោះ តាំង ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧ឆ្នាំ ជា​សិស្ស​ស្នាក់​នៅផ្ទះ​លេខ ២៤Eo ផ្លូវ ២២៣ សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក ជា​ជន​ដៃដល់ និង​ឈ្មោះ ហេង ដុល្លា​ទី​សាក់ ភេទ​ប្រុស អាយុ ១៨ឆ្នាំ ជា​សិស្ស ស្នាក់នៅ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក។

ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ គឹម លីដា​ណា ភេទ​ប្រុស អាយុ ១៧ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សន្ធរម៉ុក​ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​រង​របួស​បែកក្បាល​ដេរ​ចំនួន៦ថ្នេរ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ ​ក្រុម​ជនល្មើស​មាន​គ្នា២នាក់ បាន​ជិះ​ម៉ូតូ ១គ្រឿង មក​ឈប់​នៅ​តាម​ផ្លូវ៣៣៦ ផ្សារ​ដើម​គរ ដើម្បី​ហូប​មីឆា ហើយ​ក្រុម​ជនរងគ្រោះ​មាន​គ្នា៤នាក់​ជិះ​ម៉ូតូ២គ្រឿង ​ក៏បាន​ចូល​ហូប​មីឆា​កន្លែង​តែមួយ​នេះ​ដែរ។ ខណៈ​ពេល​ហូប​មីឆា​នោះ ក្រុម​ជនរងគ្រោះ​បាន​មើល​មុខ​ក្រុម​ជនល្មើស ធ្វើ​ឲ្យ​មាន​ទំនាស់​ពាក្យសំដី​កើតឡើង តែ​មិន​មាន​អំពើហិង្សា​ទេ។ ភ្លាមៗនោះ​ក្រុម​ជនរងគ្រោះ៤នាក់​បាន​ជិះ​ម៉ូតូ​ចេញ ហើយ​ក្រុម​ជនល្មើស​ក៏​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​រហូត​ឈាន​ដល់​ការប្រើ​អំពើ​ហិង្សា ដោយ​ក្រុម​ជនល្មើស​ប្រើ​ច្រវាក់​វាយ​ទៅលើ​ជនរងគ្រោះ​បែកក្បាល​ហូរឈាម​តែម្ដង ហើយ​ក្រុម​ជនល្មើស​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស ប៉ុស្ដិ៍​ផ្សារ​ដើម​គរ​ឃាត់​បាន​ភ្លាមៗដែរ។

ក្រុម​ជនល្មើស​ទាំងពីរ​នាក់​នោះ បច្ចុប្បន្ន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស កំពុងតែ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាក់​ការ​ទៅតាម​ផ្លូវច្បាប់៕

ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]