អង្គុយយូរម៉ោងមួយថ្ងៃៗ ប្រឈមបញ្ហាសុខភាពយ៉ាងតិច៥យ៉ាង!

//s9.kh1.co/75/753dd736f11f4f18a6edd47cd2b6b4304310dc87.jpg
យល់ដឹង

 ២៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទម្លាប់​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​មិន​សូវ​​ធ្វើ​ចលនា​រាង​កាយ​ដូច​ជា​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​ខុស​ភាព​។

ទម្លាប់​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​មិន​សូវ​​ធ្វើ​ចលនា​រាង​កាយ​ដូច​ជា​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​ខុស​ភាព​។ ការណ៍​ដែល​យើង​អាច​ធ្វើ​ចលនា​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ អាច​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ផ្សេង​បាន​ច្រើន និង​ធ្វើ​ឲ្យ​សុខ​ភាព​កាន់​តែ​ប្រសើរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហានិភ័យ​សុខភាព​បណ្ដាល​មកពី​អង្គុយ​យូរ​ម៉ោង​រាល់ថ្ងៃ​

​មនុស្ស​យើង​ធម្មជាតិ​បង្កើត​​មក​ដោយ​ឲ្យ​មាន​ជំហរ​ត្រង់ ដែល​ការណ៍​នេះ​ជួយ​ដល់​​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព​ល្អ​។ ដូច​គ្នា​ដែរ ពោះ​វៀន​យើង​ក៏​ដំណើរការ​បាន​ល្អ​ពេល​ដង​ខ្លួន​យើង​ឈរ​ត្រង់​ល្អ។ ដូច​គ្នា​យើង ធ្លាប់​ដឹង​ហើយ​ថា​អ្នក​ដែល​មិន​សូវ​បាន​ធ្វើ​ចលនា ឬ​ដេក​ស្ងៀម​រយៈ​ពេល​យូរ អាច​មាន​បញ្ហា​ក្នុង​ការ​បន្ទោបង់។

១. ជើង និង​សាច់ដុំ

ការ​ដែល​យើង​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​អាច​នាំ​ឲ្យ​យើង​ខ្សោយ​ជើង និង​សាច់ដុំ​នៅ​ត្រង់​ជើង​មិន​​រឹង​មាំ​។ សាច់​ដុំ​ធំ​នៅ​ជើង មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​លំនឹង និង​ដើរ។ បើ​សិន​ជា​សាច់​ដុំ​ជើង​ខ្សោយ​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ដួល និង​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ហាត់​ប្រាណ​។​

២.​ទម្ងន់​

ការ​ធ្វើ​ចលនា​បាន​ច្រើន ជួយ​ឲ្យ​រាង​កាយ​​យើង​បំបែក​ខ្លាញ់ និង​ស្ករ​ដែល​យើង​ញ៉ាំ​បាន​ល្អ​។ បើ​សិន​ជា​យើង​ចំណាយ​ពេល​អង្គុយ​ច្រើន​​ម៉ោង ការ​រំលាយ​អាហារ​មិន​មាន​ប្រសិទ្ធ​ភាព​ ដូច​នេះ​នាំ​ឲ្យ​ស្ករ និង​ខ្លាញ់​ទាំង​នោះ​ស្តុក​នៅ​ក្នុង​រាង​កាយ​របស់​យើង និង​ឡើង​ទម្ងន់​​។

ទោះ​បី​យើង​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​ក៏​ដោយ តែ​ការ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អង្គុយ​​ក៏​នៅ​តែ​អាច​បង្ក​ជា​បញ្ហា​សុខ​ភាព​ដូច​ជា បញ្ហា​ធាត់​ជ្រុល សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ល្អ​ចុះ​ទាប និង​មាន​ភាព​ធន់​អាំងស៊ុយ​លីន​ជា​ដើ​ម​។ បើ​យើង​ជា​មនុស្ស​អង្គុយ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ការសិក្សា​ថ្មីៗ​នេះ​ណែ​នាំ​ឲ្យ​ហាត់​ប្រាណ​កម្រិត​មធ្យម ដូច​ជា​ដើរ រត់ ជិះ​កង់ ឬ​ហែលទឹក​ឲ្យ​បាន​ចន្លោះ​ពី​៦០​ទៅ​៧៥​នាទី​ក្នុង​មួយ​ថ្ងៃ មិន​មែន​ត្រឹម​៣០​នាទី​នោះ​ទេ​។

៣. ត្រគាក​ និង​ខ្នង​

បើ​​យើង​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​អង្គុយ​ក្នុង​មួយ​ថ្ងៃៗ ត្រគាក និង​ខ្នង​របស់​យើង​ក៏​លែង​សូវ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទ្រ​ដង​ខ្លួន​ទៀត​ដែរ​។ ការ​មាន​ទម្លាប់​អង្គុយ​យូរ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​សាច់ដុំ​សន្លាក់​នៅ​ត្រគាក​រួញ​ខ្លី ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សន្លាក់​ត្រង់​ត្រគាក​។

ដូច​គ្នា​ដែរ ការ​អង្គុយ​យូរ បូក​រួម​ឥរិយាបថ​អង្គុយ​មិន​ល្អ​ផង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​ខ្នង​ដែរ​ ដូច​ជា​មាន​សម្ពាធ​លើ​ឌីស​ឆ្អឹង​ខ្នង និង​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​។

៤. ជំងឺ​មហារីក​

ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​ គ្រោះ​ថ្នាក់​បង្ក​មកពី​ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​អាច​នាំឲ្យ​យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក​សួត មហារីក​ស្បូន និង​មហារីក​ពោះ​វៀន​ធំ។ ហេតុ​ផល​នៅ​ពី​ក្រោយ​រឿង​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​។

៥. ជំងឺ​បេះដូង

ការ​អង្គុយ​យូរ​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង​។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​បុរស​ដែល​អង្គុយ​មើល​ទូរទស្សន៍​យូរ​ជាង​២៣​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ មាន​ឱកាស​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​៦៤​ភាគរយ​ខ្ពស់​ជាង​បុរស​ដែល​អង្គុយ​មើល​ទូរទស្សន៍​ត្រឹម​១១​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។​

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​មនុស្ស​ដែល​មិន​សូវ​បញ្ចេញ​សកម្មភាព​រាងកាយ និង​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មាន​អត្រា​ប្រឈម​នឹង​កើត​ជំងឺ​គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​បេះដូង​ដល់​ទៅ​១៤៧​ភាគ​រយ។​

៦. ជំងឺ​ទឹកនោម​ផ្អែម​

ការ​សិក្សា​បង្ហាញ​ថា គ្រាន់​តែ​ដេក​ស្ងៀម​នៅ​លើ​គ្រែ​ត្រឹម​ចំនួន​ប្រាំ​ថ្ងៃ​ជាប់​គ្នា​ក៏​អាច​នាំ​ឲ្យ​រាង​កាយ​យើង​ប្រឈម​​បញ្ហា​ធន់​នឹង​អាំងស៊ុយលីន​ដែរ​ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លើសកម្រិត​ធម្មតា​។ ការ​សិក្សា​លើក​ឡើង​ថា​អ្នក​ចំណាយ​ពេល​ច្រើន​អង្គុយ​ក្នុង​មួយ​ថ្ងៃៗ អាច​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​ដល់ទៅ​១១២​ភាគ​រយ​។

បើ​គ្នា​យើង​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​យើង​គួរ​៖

  • ឡើង​ចុះ​ជណ្ដើរ​ជើង ជា​ជាង​ប្រើ​ជណ្ដើរ​យន្ត
  • ដើរ​ទៅ​ជជែក​ជា​មួយ​អ្នក​រួម​ការងារ ជា​ជាង​ផ្ញើសារ​
  • ដើរ​ទៅ​រក​ទិញ​អាហារ​ខាង​ក្រៅ ជា​ជាង​ហៅ​មក​ញ៉ាំ​ក្នុង​បន្ទប់​
  • ​ដើរ​ទៅ​ចាក់​ទឹក​ញ៉ាំ​ឲ្យ​បាន​ញឹក​ញាប់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T