យោងតាមការស្រាវជ្រាវថ្មីៗនេះរបស់វិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរកឃើញថា នៅប្រទេសកម្ពុជា មានក្រពត (សន្តានត្រីម្យ៉ាងធ្មេញមុត) ចំនួន១០ប្រភេទ ក្នុងនោះ ៥ប្រភេទមានសារធាតុពុល ។ សារធាតុនោះមានឈ្មោះថា Tetrodotoxins ជាប្រភេទសារធាតុពុល ប្រព័ន្ធសរសៃប្រសាទ ពុលខ្លាំង មិនរលាយដោយសារការចម្អិនទេ ។

ក្រពតទាំង៥ប្រភេទនោះ គឺក្រពតកូសាំងស៊ីន ក្រពតអុចធំ ក្រពតភ្នែកក្រហម ក្រពតអុចបៃតង និងក្រពតខ្មៅ។
១-ក្រពត កូសាំងស៊ីន (ប្រភេទពុល) មានលក្ខណៈសម្គាល់ គឺភ្នែកពណ៌ក្រហម, ក្តោងច្រមុះខ្លី, ទ្រនុងព្រុយគូទមានចំនួន១០ទៅ១១ ។ ស្នាមអុចក្រហមរាងរង្វង់មូលនៅចំកណ្តាលចំហៀងខ្លួនខាងក្រោយ ព្រុយខ្នង លុះពេលធំស្នាមអុចប្រែជាខ្មៅ ។ ច្រឹបស៊ីស្រកីត្រី ព្រុយត្រីជាអាហារ និងច្រឹបមនុស្ស ។

២-ក្រពតអុចធំ (ប្រភេទពុល) គឹលក្ខណៈសម្គាល់រន្ធច្រមុះមានគម្របសន្ទះនៅខាង និងខាងក្រោយដោយស្រទាប់ស្តើងនៅខាងក្នុង, ទ្រនុងព្រុយខ្នងមានចំនួន៩ទៅ១៦, ត្រនុងព្រុយគូទមានចំនួន៨ទៅ១៥ ។ ដងខ្លួនមានស្នាមពណ៌ខ្មៅ មានរង្វង់មូលពណ៌លឿងនៅខាងក្រោមព្រុយខ្នង និងនៅជិតគល់កន្ទុយ ។ ចំណែកព្រុយកន្ទុយស្មើ ។ ច្រឹបស៊ីសិប្បីជាតិអដ្ឋិចម្មសត្វ ប្លង់តុងសត្វជាហារ និងច្រឹបមនុស្ស ។

៣-ក្រពតភ្នែកក្រហម (ប្រភេទពុល) គឺលក្ខណៈសម្គាល់ភ្នែកពណ៌ក្រហម, ទ្រនុងព្រុយខ្នងមានចំនួន១០ទៅ១២ ។ ក្តោងច្រមុះខ្លី បបូរមាត់ខាងលើ និងខាងក្រោមស្មើគ្នា ។ ស្នាមគូសខ្មៅប្រទាក់ក្រឡាគ្នាលើដងខ្លួន តែគ្មាននៅផ្នែកពោះទេ ។ ស្នាមខ្មៅនៅគល់ព្រុយខ្នង និងពោះ ។ កន្ទុយរាងមូល និងជាប្រភេទតូចជាងគេក្នុងចំណោមប្រភេទក្រពតទាំងអស់ ។

៤-ក្រពតអុចបៃតង (ប្រភេទពុល) គឺលក្ខណៈសម្គាល់ច្រមុះរាងខ្លី ហើយរន្ធច្រមុះមានសន្ទះស្តើងគ្របពីលើ, ទ្រនុងព្រុយខ្នងមានចំនួន៩ទៅ១៦, ទ្រនុងព្រុយគូទមានចំនួន៨ទៅ១៥ ។ ផ្នែកខាងលើនៃដងខ្លួនមានស្នាមអុចតូចៗ និងព្រុយកន្ទុយមានស្នាមខ្មៅមានចំនួន១ឡើងទៅ ។

៥-ក្រពតខ្មៅ (ប្រភេទពុល) គឺមានលក្ខណៈសម្គាល់ រន្ធច្រមុះមានសន្ទះស្តើងគ្របពីលើ, ទ្រនុងព្រុយខ្នងមានចំនួន១៥ទៅ១៨ ហើយទ្រនុងព្រុយគូទមានចំនួន១៣ទៅ១៥ ។ ដងខ្លួនមានស្នាមជាំខ្មៅធំដែលព័ទ្ធជុំវិញដោយពណ៌លឿងនៅលើខ្នង និងមានស្នាមខ្មៅច្រើននៅព្រុយកន្ទុយ ។

លើសពីនេះ សារធាតុពុលនៅក្នុងក្រពតប្រែប្រួលទៅតាមរដូវកាល គឺកម្រិតពុលខ្ពស់បំផុតរដូវពងកូនបន្តពូជដែលធម្មតា ចាប់ពីខែកុម្ភៈដល់ខែកញ្ញា។ ចំពោះសារធាតុពុលនៅក្នុងខ្លួនក្រពតក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមមានសារធាតុពុលខ្ពស់ជាងគេ បន្ទាប់ពីថ្លើម ពោះវៀន ស្បែក និងសាច់។ សូមបញ្ជាក់ថា ចំពោះអ្នកដែលបានបរិភោគក្រពតទាំង៥ប្រភេទខាងលើអាចបណ្តាលឱ្យឈឺ ក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង។

ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខ ភាព និងអាយុជីវិតរបស់យើង សូមប្រជាពលរដ្ឋទាំងអស់មេត្តាពិនិត្យប្រភេទក្រពតដែលបរិភោគឱ្យ បានច្បាស់លាស់ ជាពិសេសក្រពតទាំង៥ប្រភេទ ដូចជម្រាបជូនខាងលើ ហើយសូមកុំបរិភោគគ្រឿងក្នុង និងស្បែកឱ្យសោះ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ