យុវជនខ្មែរ ដែលជាប់អាហារូបករណ៍មួយរូប ឈ្មោះ ចាន់ បញ្ញា អាយុ២២ឆ្នាំ បានទទួលការសិក្សា លើជំនាញផលិតគំនូរជីវចល ឬតុក្កតារយៈពេល ៤ឆ្នាំ នៅប្រទេសបារាំង ខណៈដែលការសិក្សាបែបនេះ មានតម្លៃខ្ពស់នៅស្រុកគេ ប៉ុន្តែបែរជាមិនសូវមានអ្នកចាប់អារម្មណ៍នៅកម្ពុជា ដូចជា គណនេយ្យ, ធនាគារ, ទេសចរណ៍, សេដ្ឋកិច្ច, គ្រប់គ្រងទូទៅ, ភាសាបរទេស, ច្បាប់, វិស្វកម្ម, ពេទ្យជាដើមនោះទេ។

យុវជនចាន់ បញ្ញា ដែលចេះភាសាអង់គ្លេស និងបារាំងល្មមនិយាយ បានចែករំលែកទស្សនៈថា ការផ្អើលរៀនជំនាញដូចគ្នាជាច្រើន វាអាចជាអាវុធមុខ២ គឺអាចថា សំបូរទីផ្សារការងារងាយរកការងារធ្វើបាន ប៉ុន្តែបើមានមនុស្សចេះគរលើគ្នាច្រើនពេកទៅ ក៏សល់មនុស្សដែរ ដូច្នេះវាអាចធ្វើឱ្យតម្លៃការងារថោក  ឬពិបាករកកន្លែងចូល ព្រោះតែគេមានមនុស្សចេះជំនាញអស់ទាំងនោះច្រើនទៅហើយ ប៉ុន្តែបើជំនាញមួយណាដែលមិនសូវមានគេចេះមិនសូវមានគេនិយម រៀន... ពិតមែនតែមិនសូវសំបូរទីផ្សារការងារ ប៉ុន្តែនៅពេលមានកន្លែងចូល ឬពេលគេត្រូវការ គឺតម្លៃខ្ពស់តែម្តង ហើយអាចរកចំណូលបានច្រើនទៀតផង ព្រោះអ្នកចេះមានតិចតួចដូចរូបខ្ញុំរៀនផលិតគំនូរជីវចល ឬតុក្កតានេះជាដើម។

បញ្ញានិយាយថា ការគូរគំនូរ គឺជាមូលដ្ឋានគ្រឹះនៃគំនូរជីវចល ឬគំនូរតុក្កតា ហើយការដែលនាំឱ្យរូបគេចាប់យកជំនាញនេះ គឺវាដូចជាមានដុង ឬចំណូលចិត្តស្រាប់របស់ខ្លួន... ជំនាញនេះនៅក្នុងប្រទេសកម្ពុជាកម្រមានអ្នកចេះ ដូច្នេះប្រសិនជាខ្លួនចេះបានខ្ពង់ខ្ពស់លើជំនាញគំនូរជីវចល ឬតុក្កតា ខ្លួននឹងមានតម្លៃក្នុងការងារ និងបន្តចំណេះដឹងនេះទៅអ្នកជំនាន់ក្រោយៗទៀត ។

បញ្ញាឱ្យដឹងថា ខ្លួនបានចូលរៀនគូរគំនូរតាំងពីឆ្នាំ២០០២ មកេម៉្លះ មកដល់ឆ្នាំ២០០៨ ខ្លួនបានចូលធ្វើការជាមួយអង្គការហ្វារ ផ្នែកផលិតរូបភាពតុក្កតា ខណៈគេត្រូវការអ្នកចេះគំនូរឱ្យចូលធ្វើការក្នុងស៊ូឌីយ៉ូម ផលិតរូបភាពតុក្កតារបស់អង្គការហ្វារ នោះឯង ។ ឆ្នាំ២០១០ រូបគេក៏បានក្លាយជាគ្រូបង្រៀននៅក្នុងស្ទីឌីយ៉ូូមផលិតរូបភាព តុក្កតានោះផ្នែករចនារូបភាពខាងក្រោយ (Background Designer of Animation) ។ 

នៅស្ទូឌីយ៉ូមនោះ តែងតែមានក្រុមអ្នកជំនាញបរទេសផ្នែកគំនូរជីវចលចុះទៅចែករំលែក បទពិសោធន៍ផ្សេងៗដល់យុវជនខ្មែរដែលហ្វឹកហាត់ការងារនៅទី នោះ  ហើយរូបគេក៏មានទំនាក់ទំនងល្អជាមួយអ្នកជំនាញបរទេសជាច្រើន ស្រាប់តែពេលនោះលោកនាយកសាលាគំនូរជីវចលដែលមានទីតាំងនៅ ទីក្រុង Nantes ប្រទេសបារាំង ឃើញចាប់អារម្មណ៍លើរូបគេ ក៏ផ្តល់អាហារូបករណ៍ឱ្យទៅសិក្សានៅប្រទេសបារាំងរយៈពេល៤ ឆ្នាំឯណោះ កាលពីឆ្នាំ២០១២ កន្លងទៅ គឺសាលា Ecole Pivaut នៅទីក្រុង Nantes ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ