បាត់ដំបងៈ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចគម្ពោតព្រៃ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជាប់ ចោទពីបទរំលោភសេពសន្ថវៈ លើអនីតិជន២នាក់ នាំយមមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅ ស្នងការខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជូនបន្ត ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ដើម្បីចាត់ការបន្តតាមច្បាប់។

លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា យោងតាមរបាយ ការណ៍ របស់លោកអធិការស្រុកកំរៀង បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងម្តាយ ជនរងគ្រោះមានឈ្មោះ ហែម សុផល ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១ មានអាយុ ៦ឆ្នាំ ទី២ មានអាយុ ៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ។

តាមសម្តីជនរងគ្រោះ នៅក្នុងរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើហេតុ ក្មេងៗដូចគ្នាបាននាំគ្នា រត់លេងដីនៅ ជិតកន្លែងកើតហេតុ ហើយជនសង្ស័យ បានហៅក្មេងៗទាំងនោះ ឲ្យជួបនៅកៀនគម្ពោតព្រៃ ហើយបានចាប់ស្រាតខោ រួចយក ម្រាមដៃស្ទាបអង្អែល រុកប្រដាប់ភេទលេង ចំនួន២ដងម្នាក់ ឯម្នាក់ទៀត បានហៅមកជួប ចាប់ស្រាតខោ ហើយដេកក្រាបពីលើ រំលោភម្នាក់ម្តងៗ ដោយបានប្រាប់ថា មិនឲ្យនិយាយប្រាប់គេទេ។ ដោយសារតែក្មេងរងគ្រោះ មានការឈឺប្រដាប់ភេទបខ្លាំង ទ្រាំមិនបាន ក៏បានស្រែកយំ រួចរត់ទៅប្រាប់ម្តាយឲ្យដឹងរឿង។ ក្រោយពីម្តាយ បានដឹងរឿងហើយ ក៏បានទៅប្តឹងមេភូមិ រួចមេ ភូមិរាយការណ៍ ជូនទៅប៉ុស្តិ៍នគរបាលឃុំ ដើម្បីដាក់ពាក្យបណ្តឹង ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបាន ទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ច បានចុះធ្វើការឃាត់ខ្លួន នាំយកមកសាកសួរ។

ជនសង្ស័យ មិនបានឆ្លើយសារភាពទេ ដោយបានអះអាងថា ខ្លួនគ្រាន់តែហៅពួកវា មកជិះលើជើងខ្លួន យោលទោងលេង ប៉ុណ្ណោះ ពេលយោលជើងលេង វារកធ្លាក់ ខ្លួនក៏បានយកដៃចាប់ទាញ ខ្លាចធ្លាក់ ហើយដៃក៏បាន ប៉ះប្រដាប់ភេទក្មេងទាំងនោះ មែន តែត្រង់ថារំលោភនោះ គឺខ្លួនមិនបានប្រព្រឹត្តទេ ព្រោះនៅកន្លែងកើហេតុ មានមនុស្សជាច្រើនាក់ នៅទីនោះដែរ ម្យ៉ាងទៀត ប្រដាប់ភេទខ្លួនអសមត្ថភាព មិនដំណើរការជាយូរមកហើយ គឺគ្មានអារម្មណ៍ណា គិតដល់នឹងនោះទេ។

 ក្រោយពីបាន បញ្ជូនជនរងគ្រោះទាំងពីរនាក់ មកដល់ស្នងការ នគរបាលខេត្ត ហើយអង្គការអន្តរជាតិមួយ មានឈ្មោះថា  អង្គភាពការពារកុមារ Child Protection Unit (CPU) បាននាំក្មេង និងអាណាព្យាបាល ទៅធ្វើកោសល្យវិច័យ និងជួយចេញ សោហ៊ុយធ្វើដំណើរ ដល់ជនរងគ្រោះផងដែរ។

លោក សេង លុច បានបញ្ជាក់ថា ទោះជាជនសង្ស័យ បានបដិសេធ មិនព្រមសារភាពក៏ដោយ ផ្អែកលើសាក្សី និងចម្លើយ ក្មេងស្រីរងគ្រោះ លោកព្រះរាជអាជ្ញា សាលាដំបូងខេត្ត និងលោកស្នងការខេត្ត បានបញ្ជាឲ្យការិយាល័យ ជំនាញកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ ដើម្បីចាត់ការតាមច្បាប់៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ