កោះកុងៈ រដូវវស្សា បានឈានចូលមកដល់ ដងផ្លូវនានា នៅទូទាំង ទីរួមខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដានេះ ត្រូវបាន គ្របដណ្តប់ដោយ ទឹកលិច ខណៈដែលមានភ្លៀងធ្លាក់ អស់រយៈពេល ១ថ្ងៃ១យប់មកហើយ នៅមិនទាន់រាំង ។

ជំនន់ហូរហៀ ដោយទឹកភ្លៀងនេះ គេសង្កេតឃើញ មានការលិចលងដងផ្លូវ និង លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ មួយចំនួន ប៉ុន្ដែមិនបណ្តាលឱ្យមាន គ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណាម្នាក់នោះទេ គ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ ពីកន្លែងមួយ ទៅកន្លែងមួយ តែប៉ុណោ្ណះ។ ទោះជាយ៉ាងណា ទឹកភ្លៀងនេះ បានធ្វើឱ្យប្រជាលរដ្ឋ ដែលរស់នៅ តាមតំបន់ដីកោះ និងរស់នៅតាមតំបន់ មាត់ព្រែកពិបាក ប្រកបមុខរបរ នេសាទ ព្រោះមានភ្លៀង ខ្យល់ធ្លាក់យ៉ាងខ្លាំង ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ភ្លៀងធា្លក់១ថ្ងៃ១យប់ហើយ មិនទាន់រាំងនេះ បានធ្វើឱ្យមានការ លិចផ្លូវភូមិ៣ ក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ថែមទៀត។

មជ្ឈដ្ឋានពីប្រជាពលរដ្ឋ បាននិយាយថា ខេត្ដកោះកុង ជាខេត្ដមួយ ដែលនៅជាប់មាត់សមុទ្រ មិនគួរណាមានភ្លៀងលិច ផ្លូវសោះ នេះមកពី ប្រព័ន្ធលូតូច ហើយសំបូរទៅដោយ ល្បាបភក់ស្បោង គ្មានការស្ដារ នៅពេលខែប្រាំង ហើយណាមួយប្រព័ន្ធផ្លូវទឹក ត្រូវអ្នកមានលុយ និង អ្នកមាន អំណាចរំកិល ម្ដងបន្ដិចធ្វើឱ្យប្រព័ន្ធផ្លូវ ត្រូវនៅតូច ហើយកន្លែងខ្លះ មានផ្លូវតែគ្មានប្រព័ន្ធលូឡើយ នេះជាហេតុដែល ធ្វើឱ្យទឹកហូរចុះ ទៅសមុទ្រមិនទាន។

មតិជាច្រើន បានរិះគន់អាជ្ញាធរ និងមន្ទីរសាធារណការ និង ដឹកជញ្ជូន ដោយពុំបានពិនិត្យមើល បញ្ហានេះឱ្យច្បាស់លាស់ ទោះជាដឹងថា រដូវវស្សា មកដល់ហើយក៏ដោយ។ ហេតុនេះហើយទាំង អាជ្ញាធរទាំងមន្ទីរ ដែលពាក់ព័ន្ធ ទាំងអស់ គួរតែពិនិត្យមើលផង មិនត្រូវនៅតែក្នុងផ្ទះទេ ហើយមុនពេល កសាងផ្លូវ នីមួយៗ ក៏ត្រូវសិក្សា ឱ្យបានច្បាស់លាស់ផងដែរ ពីព្រោះពេលលិចម្ដងៗ ទាំងអាជ្ញាធរ ក៏ដូចជា ប្រជាពលរដ្ឋ មូលដ្ឋាន សុទ្ធតែពិបាក ដូចគ្នា ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ