រាជធានីភ្នំពេញ ៖ រឿងក្តីសំណងរដ្ឋប្បវេណីដល់ ភាគីជនរងគ្រោះក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួស បានកើតឡើងកាលពីខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ រវាងរថយន្តរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាមួយនឹងក្រុមហ៊ុន SK ដោយអូសបន្លាយពេល ជិតកន្លះឆ្នាំមកហើយនោះ នឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ។

តារាកំប្លែងចាស់វស្សា លោក ជួង ជី ហៅកុយ ដែលជាភាគីក្រុមគ្រួសារជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់ ដែលបានចូលស្តាប់ដំណើរការក្តីរឿង មួយនេះនៅឯខេត្តព្រះសីហនុ បានអះអាងប្រាប់កោះសន្តិភាពតាម ទូរស័ព្ទកាលពីថ្ងៃទី១៥ កក្កដាម្សិលមិញថា ក្រោយពីការអូសបន្លាយពេល ជាច្រើនខែមកចំពោះការប្តឹងទាមទារសំណង ពីភាគីជនរងគ្រោះទាំងអស់ដល់ក្រុមហ៊ុន SK នោះមក តុលាការក្រុងព្រះសីហនុ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ ។

លោកបញ្ជាក់ថា កន្លងមក មេធាវីខាងក្រុមហ៊ុន SK មិនបានទទួលស្គាល់អំពីការបង្ក គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសាររថយន្តរបស់ខ្លួនឡើយ គឺគេបានចោទប្រកាន់មកលើរថយន្តរបស់លោក ខេមរៈ សិរីមន្ត ជាអ្នកខុស ដោយសារតែរថយន្តនោះបាន ប្រើប្រាស់នូវភ្លើងឡាស៊ែរ ។ ប៉ុន្តែនៅពេលមានការតតាំងពី មេធាវីរបស់ភាគីជនរងគ្រោះ បូករួមការមិនអាចរកឃើញភស្តុតាងចោទប្រកាន់ថា រថយន្តរបស់លោក ខេមរៈ សិរីមន្ត បានបំពាក់ភ្លើងឡាស៊ែរដូចការចោទប្រកាន់នោះ ទើបខាងមេធាវីខាងក្រុមហ៊ុន SK ព្រមទទួលយក ។

បើទោះបីជាការប្រកាសសាលក្រមនៅ មិនទាន់បានចេញជារូបរាងនៅឡើយក្តី ក៏តារាកំប្លែងចាស់វស្សារូបនេះ បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ភាគីជនរងគ្រោះទាំងអស់នឹងទទួលបានយុត្តិធម៌ និងទទួលបានសំណងតាមចំនួន ដែលខ្លួនបានទាមទារ ។ តារាកំប្លែងរូបនេះអះអាងថា យើងមានសង្ឃឹមច្រើនក្នុងរឿងក្តីមួយនេះ ដោយហេតុថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ យើងមិនមែនជាអ្នកខុសឡើយ ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តរបស់ក្រុមហ៊ុន SK បានមកបុករថយន្តភាគីរងគ្រោះនៅផ្នែកខាងស្តាំ ហើយមេធាវីខាងយើងក៏បានបង្ហាញនូវចំណុច ជាក់លាក់ជាច្រើនទៀតពីការបង្កកំហុស របស់ភាគីអ្នកបើកបរឱ្យរថយន្តក្រុមហ៊ុន SK ។

នាយកុយ បានបញ្ជាក់បន្ថែមថា បើទោះបីជាខាងភាគីក្រុមហ៊ុន SK ព្រមទទួលសងក៏ដោយ ប៉ុន្តែរូបលោក និងភាគីជនរងគ្រោះទាំងអស់ នៅមិនទាន់ច្បាស់នៅឡើយទេថា តើខាងភាគីបង្កគេអាចសងត្រឹមចំណុចណា ។ នៅពេលសួរថា ប្រសិនបើការសងរបស់ក្រុមហ៊ុន SK មិនបានគ្រប់ចំនួនដែលចង់បានពី ភាគីជនរងគ្រោះទាំងអស់នោះ តារាកំប្លែងរូបនេះបានបញ្ជាក់ថា វាមិនជាបញ្ហាឡើយ ។ ប៉ុន្តែធ្វើយ៉ាងណា សំណងនោះត្រូវឱ្យបានសមស្របទៅនឹងការខាតបង់ និងការចំណាយទៅលើការធ្វើបុណ្យ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ។

លោកបានបន្ថែមថា ការស្លាប់អាយុជីវិត មនុស្សមិនអាចកាត់ថ្លៃ និងតថ្លៃគ្នាដូចជាទំនិញនៅតាមទីផ្សារឡើយ ហើយមនុស្សដែលស្លាប់ទៅ ហើយក៏មិនអាចវិលត្រឡប់មកវិញបានដែរ ប៉ុន្តែយើងជាសាច់ញាតិនៅរស់ត្រូវ តែរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលបានស្លាប់ ។ ដោយឡែកសម្រាប់តារាចម្រៀង ខេមៈ សិរីមន្ត វិញធ្លាប់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកពិតជាមានការសប្បាយរីករាយ ក្នុងពេលដែលលោកបានទទួលដំណឹងថា តុលាការខេត្តព្រះសីហនុនឹងដោះស្រាយ សំណុំរឿងនេះឱ្យចប់នៅមុន ថ្ងៃបោះឆ្នោតជាតិខាងមុខ ហើយលោកសង្ឃឹមថា ករណីខាងលើនេះនឹងមានដំណោះ ស្រាយមួយល្អរវាងភាគីទាំងសងខាង ។

ចំណែកមេធាវីខាងក្រុមហ៊ុន SK វិញបានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រុមហ៊ុនរបស់លោកបានបញ្ជាក់ម្តង ហើយម្តងទៀតចំពោះបញ្ហាមួយនេះ ដែលក្រុមហ៊ុនរបស់លោកបានប្រគល់ ឱ្យក្រុមហ៊ុនធានារ៉ាប់រងដែលក្រុមហ៊ុន បានទិញជាអ្នកដោះស្រាយ ។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានទិញប័ណ្ណ ធានារ៉ាប់រងពីក្រុម Caminko ដែលមានលិខិតស្នាមត្រឹមត្រូវ និងបានបញ្ជាក់យ៉ាងច្បាស់ថា  ក្រុមហ៊ុនធានារា៉ប់រងមួយនេះនឹង ចេញសងរាល់ឧប្បត្តិហេតុដែលក្រុមហ៊ុន របស់លោកបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។

ដោយឡែក រូបលោកក៏បានប្រាប់ដល់ តុលាការរួចហើយដែរពាក់ព័ន្ធនឹងរឿងក្តីបែបរដ្ឋប្បវេណី ជាសំណងខាងលើនេះ គឺខាងក្រុមហ៊ុនរបស់លោកបានប្រគល់ ឱ្យក្រុមហ៊ុនធានារា៉ប់រងជាអ្នកដោះស្រាយ ។ គួររំលឹកថា  កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសក្នុងនោះរួមមានកូនប្រុស របស់តារាកំប្លែង នាយ កុយ កូនរបស់លោកយាយ ណយ សំណាង អ្នករាំម្នាក់ទៀតឈ្មោះ សោម សុវណ្ណារិទ្ធិ រួមទាំងអ្នកបើកបរផងដែរ  ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ។

ឯលោក ខេមរៈ សិរីមន្ត គ្រាន់តែរងរបួសស្រាល ខណៈអ្នកផ្សេងទៀតរងរបួសធ្ងន់។ បន្ទាប់ពីហេតុការណ៍នោះ ខាងភាគីជនរងគ្រោះទាំងអស់ បានទាមទារសំណងពីក្រុមហ៊ុន SK ដោយក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់ បានទាមទារក្នុងម្នាក់ៗចំនួន២៥.០០០ដុល្លារ ខណៈពេលដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានទាមទារថ្លៃខូចខាតជិត១០ម៉ឺនដុល្លារអាមេរិក ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ