ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានពុលនំកញ្ចប់ក្នុង រយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ក៏ស្លាប់បាត់បង់ជីវិតទៅ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ កក្កដា នៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ។ ក្មេងប្រុសដែលពុលនំកញ្ចប់នោះឈ្មោះ សែម សុវណ្ណ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ជូ វ៉ាង អាយុ២៥ឆ្នាំ និងម្តាយឈ្មោះ ប៉ក់ អេន អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

បើតាមស្ត្រីជាម្តាយបានឱ្យដឹងថា នៅរសៀលនោះកូនប្រុសរបស់គាត់ លេងជាមួយក្មេងៗក្នុងភូមិជាច្រើនទៀត ហើយនៅពេលគេហេវហត់បានរត់មក សុំលុយ១០០ទៅទិញនំញ៉ាំ។ កូនរបស់គាត់បានទិញ នំស្រួយមួយកញ្ចប់រូបតុក្កតា ពាក់វ៉ែនតា ផលិតនៅប្រទេសថៃ មកឱ្យគាត់ហែកឱ្យញ៉ាំ ។ បន្ទាប់ពីកូនញ៉ាំបានប្រហែល ១០នាទីប៉ុណ្ណោះ កូនរបស់គាត់ក៏ចាប់ផ្តើមកន្ត្រាក់ដៃ កន្ត្រាក់ជើង ឡើងសម្បុរគីង្គក់ ចេញញើសតាមរោម ហើយប្រាប់គាត់ថា ចុកពោះណាស់ ពេលនោះគាត់ក៏ទៅ យកទឹកមកឱ្យផឹក ។ មួយសន្ទុះក្រោយមកស្រាប់តែរាក សុទ្ធតែទឹក បន្ទាប់មករាកចេញឈាម ។

ភ្លាមៗនោះគាត់បានយកទៅព្យាបាល នៅមណ្ឌលសុខភាពស្រុកក្រគរ ប៉ុន្តែបានប្រហែល១០នាទី ក៏ស្លាប់បាត់បង់ជីវិតនៅ គឺស្លាប់វេលាម៉ោង២និង៣០នាទីរសៀល ។តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចបញ្ជាក់ថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយការពុល នំកញ្ចប់ដែលផលិតនៅប្រទេសថៃនោះមែន ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវ និងយកនំកញ្ចប់នោះជូនថ្នាក់ លើដើម្បីធ្វើការពិសោធបន្ត៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ