រាជធានីភ្នំពេញ ៖ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១២ កក្កដា បានប្រកាសនូវបម្រាមឱ្យផ្អាកការលក់ដូរ និងហូបគ្រឿងស្រវឹងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង២៨ កក្កដា ដែលជាកាលបរិច្ឆេទមួយថ្ងៃមុន ថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ។ តាមសេចក្តីណែនាំបានសរសេរថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង ។

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា ដែលព្រះរាជាណាចក្រកម្ពុជាខ្លួនឯងបានកំណត់ រៀបចំធ្វើនៅថ្ងៃទី២៨ កក្កដា ២០១៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើងដោយសារ តែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៈ

១-ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ កក្កដា ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមក ពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

២-ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុង មូលដ្ឋានរបស់ខ្លួន អនុវត្តផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឱ្យកិច្ចដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា ថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះប្រព្រឹត្តទៅក្នុង បរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ។

៣-រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ នេះតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ។ ទទួលបានសេចក្តីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ