កំពង់ឆ្នាំង៖ សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ក្បាលទឹក នៃ អធិការដ្ឋាននគរបាល ស្រុកទឹកផុស បានអនុវត្តដីកា របស់សាលាដំបូងខេត្ត ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព បោកប្រជាពលរដ្ឋ ដោយសន្យាធ្វើប្លង់ កាន់កាប់ដីកម្មសិទ្ធិ។

គេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៣ ដោយជនរូបនេះ ក្រោយពីធ្វើហើយ លក់ដីទាំងនេះឲ្យក្រុមហ៊ុនបាត់ ហើយក្រោយពីបានលក់ដី ក្រុមហ៊ុនរួចហើយ បានឈូសឆាយដីពួកគាត់ បន្ទាប់មកជនកំហូចនេះ គេចខ្លួនក៏កើតមាន ការប្តឹងផ្តល់ពីប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ទោ ប៉ុល វុទ្ធី នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយសមត្ថកិច្ច ទទួលដីកាពីសាលា ដំបូង លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងរបស់លោក សហការជាមួយកម្លាំងជំនាញ ប៉ុស្តិ៍ក្បាលទឹក ចុះទៅចាប់ខ្លួនឈ្មោះ ម៉ាត់ យូសុះ (ហៅអឿន) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ ជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមអំណាចដីកា លេខ ៧៤/២០១៣ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ របស់ លោក សុខ សំអាក ចៅក្រមស៊ើបអង្កេត សាលាដំបូងខេត្តកំពង់ឆ្នាំង ។

លោកនាយការិយាល័យ បន្តថា រឿងហេតុនេះកើតឡើង តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ ដោយមានពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋថា ឈ្មោះនេះបានយកក្រដាស ដែលមានហត្ថលេខា និងត្រាឈ្មោះ លោក ម៉ាត់ ហ៊ីម មេឃុំក្បាលទឹក ជាគម្រោង ធ្វើប្លង់ដីកម្មសិទ្ធិលើដី ដែលពួកគាត់ធ្វើស្រែចំការ នៅចំណុចថ្នល់កែង ព្រៃជ្រៅ និងតាមតំបន់ព្រៃមួយចំនួនទៀត ក្នុងភូមិ សាស្ត្រឃុំក្បាលទឹក ។ ដោយឈ្មោះនេះ បានបង្គាប់ឲ្យ ប្រជាពលរដ្ឋក្នុង ១គ្រួសារ បង់លុយឲ្យខ្លួន ២៥ម៉ឺនរៀល ជាថ្នូរនឹង ការងារដែលខ្លួន រត់ការធ្វើប្លង់ឲ្យលើចំនួនគ្រួសារ ដែលគ្រប់គ្រងដីព្រៃទីនោះ ចំនួន ១០១គ្រួសារ ក្នុងចំណោមបងប្អូន ប្រជាពលរដ្ឋ ទាំងនោះ មាន ៩គ្រួសារ បានបង់លុយ ឲ្យឈ្មោះនេះរួចហើយ ស្មើទឹកប្រាក់ ១,៣៨០,០០០រៀល (មួយលាន ៣សែន ប្រាំបីម៉ឺនរៀល) ។

លោកបន្ថែមថា ក្នុងបណ្តឹងរបស់ពលរដ្ឋ ក្រោយពីទទួលលុយហើយ ឈ្មោះ សុះ នេះបានធ្វើប្លង់ រួចរាល់ហើយ ក៏យកដីទាំង នេះ លក់ឲ្យក្រុមហ៊ុនតែម្តង ក៏កើតទៅជាមានបញ្ហាបែបនេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ