ស្វាយរៀង ៖ តុលាការខេត្តស្វាយរៀង ដែលកន្លងមក មានរឿងអាស្រូវ ករណីអភិបាលក្រុងបាវិត ឈូក បណ្ឌិត ពេលនេះ បានដោះលែងជនសង្ស័យអារកមនុស្ស ឲ្យនៅក្រៅឃុំ ចំណែកជនរងគ្រោះ កំពុងភ័យខ្លួន ដេកព្យាបាល របួសនៅមន្ទីរពេទ្យ ។

តាមព័ត៌មាន ពីបងស្រីជនរងគ្រោះ, ប្អូនថ្លៃជនរងគ្រោះ និងជនរងគ្រោះផ្ទាល់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ថា នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ តុលាការខេត្តស្វាយ រៀង បានដោះលែងជនសង្ស័យជាស្រ្តី ដែលបានបញ្ជាឲ្យកូនចៅរបស់ខ្លួន អារកជនរងគ្រោះបំណងសម្លាប់ចោល ឲ្យនៅក្រៅឃុំ ទន្ទឹមនឹងជនរងគ្រោះ កំពុងភ័យខ្លួននៅឡើយ ដែលបច្ចុប្បន្ន កំពុងសម្រាកនៅមន្ទីរព្យាបាលមុខ របួស ។

ជនរងគ្រោះឈ្មោះ កឹម ថន អាយុ ៦១ ឆ្នាំ ជាកសិករក្រីក្រ មិនស្គាល់អ្នកធំ មានអំណាចដូចគ្រួសារជនសង្ស័យ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា នាពេលនេះ ខ្លួនលោកកំពុងសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាល មុខរបួស ដែលជនសង្ស័យជាស្ត្រីឈ្មោះ ទេព ចន្ធី បានបញ្ជាឲ្យកូនប្រុសរបស់ខ្លួនអារករូបលោក បម្រុងសម្លាប់ ចោលឲ្យស្ថិតនៅក្រៅឃុំ។ ចំណែកជនដៃដល់ និងជនដទៃទៀតរត់គេចខ្លួនអស់តាំងពីថ្ងៃប្រព្រឹត្តនោះម្ល៉េះ ។

កសិកររងគ្រោះ បានបន្តថា «ឥឡូវ ខ្ញុំនៅភ័យនៅឡើយ ខ្លាចក្រុមជនសង្ស័យមកសម្លាប់ខ្ញុំបន្តទៀត មិនគួរណា តុលាការខេត្តស្វាយរៀង ដោះលែងជនសង្ស័យនោះ ឲ្យនៅក្រៅឃុំទេ។ ចំពោះលុយសម្រាប់ព្យាបាលមុខរបួសវិញ ខ្ញុំមិនមានគ្រប់គ្រាន់សម្រាប់ឲ្យពេទ្យទេ សព្វថ្ងៃនេះ»។

ពាក់ព័ន្ធនឹងការដោះលែង ជនសង្ស័យឲ្យនៅក្រៅឃុំនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាចស្វែងរក ប្រភព ពីមន្ត្រីតុលាការខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺបាននៅឡើយ ។

តាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ វេលា ម៉ោង ៩ ព្រឹក ជនរងគ្រោះបានដើរទៅស្រែ ហើយក៏បានឃើញកម្មករ ៣ នាក់ និងកូនប្រុសរបស់ជនសង្ស័យ ទេព ចន្ធី ឈ្មោះ ឡុង ដែលជនទាំងបួននាក់នេះ បានលើកយកដាយរបស់ជនរងគ្រោះ ពេល នោះជនរងគ្រោះ បានស្រែក ថា «នែ ! ពួកឯងយកដាយអញទៅណាហើយ» ខណៈនោះឈ្មោះ ទេព ចន្ធី បានស្រែកថា «ហែង! នៅអីទៀត ចាត់ការវាទៅ»។ ពេលនោះ កម្មករ ៣ នាក់ និងកូនប្រុសរបស់ស្រ្តីនេះ បានមកចាប់ក្រៀក ក រុញផ្តួល រួចឈ្មោះ ឡុង បានយកកាំបិទខ្វាងមកអារ ក ជនរងគ្រោះតែម្តង ហើយស្រ្តីជាមេក្លោងបានស្រែកថា «យកវាទៅផ្ទះ យើង កាត់ ក ផឹកឈាមវាតែម្តង»។ ឮសម្រែកបញ្ជាដូចនេះ កម្មករទាំង ៣នាក់ បានចាប់ជនរងគ្រោះ ក្រៀក ក ទៅផ្ទះ របស់ ទេព ចន្ធី ហើយឈ្មោះ ឡុង និង ចន្ធី បានដើរពីក្រោយកាន់កាំបិតខ្វាង ខណៈនោះ ជនរងគ្រោះ បានស្រែក ថា «លែងខ្ញុំ !» ជនសង្ស័យមិនបានលែងទេ បណ្ដើរជនរងគ្រោះបានប្រហែល ២០០ម៉ែត្រ ជនរងគ្រោះស្រែកថា «លែង» ប៉ុន្តែជនសង្ស័យនៅតែមិនព្រមលែង។ នៅពេលនោះ ជនរងគ្រោះឃើញឈាមហូរជោកខ្លួន ទើបជនរង គ្រោះរកទូរស័ព្ទ របស់ខ្លួន រួចទូរស័ព្ទហៅឲ្យគេជួយ «គេ អារ ក ខ្ញុំ សម្លាប់ខ្ញុំហើយ បងប្អូនអើយជួយខ្ញុំផង»។ ពេលនោះជនរងគ្រោះ បានឃើញឈ្មោះ ឡូក ជួយស្រែកថា «កុំទៅផ្ទះគេ»។ កម្មករទាំង៣នាក់ ជាជនសង្ស័យ បានក្រៀកជនរងគ្រោះជាប់ តែជនរងគ្រោះខំរើរួច ហើយក៏រត់រួចទាំងឈាមហូរដាបខ្លួន ។

សូមជម្រាបថា ដំណើររឿងរ៉ាវ ដែលនាំឲ្យមានគំនុំគ្នា រហូតកើតជាករណីប៉ងសម្លាប់នេះ គឺកើតចេញពី ទំនាស់ បញ្ហាទឹកប្រឡាយ និងដីធ្លី ដែលមានដំណើររឿងដូចតទៅ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៤ ជនរងគ្រោះ កឹម ថន និងភរិយា រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឈ្មោះ ប្រាក់ កុសល ដែលមានប្រពន្ធឈ្មោះ ទេព ចន្ធី (ជនសង្ស័យ) នូវទំហំដីស្រែ បណ្តោយ ៤០ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ជីងធ្វើប្រឡាយនាំទឹក ត ចេញពីទន្លេយ៉ាផូង មកធ្វើស្រែប្រាំង នៅចំណុចឡាំពែ ។ ប៉ុន្តែ ចំពោះទឹកប្រើ ប្រាស់ ក្នុងកិច្ចសន្យានោះ លោក កឹម ថន (ជនរងគ្រោះ) ជាម្ចាស់ដីមានសិទ្ធិប្រើរហូតដោយគ្មានកំណត់។ ក្រោយមកភាគីលោក ប្រាក់ កុសល បានកំណត់ឲ្យលោក កឹម ថន ប្រើទឹកធ្វើស្រែប្រាំង មានកំណត់ចំនួនហិចតា លើសពីនេះ លោក ប្រាក់ កុសល យកលុយ។ ពេលនោះ លោក កឹម ថន ក៏កើតជាកំហឹង ក៏ហាមមិនឲ្យលោក ប្រាក់ កុសល ប្រើទឹកប្រឡាយនោះឡើយ ទើបនាំឲ្យកើតមានជាកំហឹងប៉ងធ្វើឃាដអារ ក ជនរងគ្រោះនេះ។

ក្រៅពីទំនាស់រឿងប្រើប្រាស់ទឹកប្រឡាយនេះ អ្នកភូមិជាច្រើន បានឲ្យដឹងថា លោក ប្រាក់ កុសល នេះ បានក្លែង ឯកសារយកដីប្រឡាយរបស់រដ្ឋ និងដីស្រែរបស់ប្រជាពេលរដ្ឋមួយចំនួនទៀត ដែលឃុបឃិតគ្នា ជាមួយមន្ត្រី អាជ្ញាធរ ដែលចូលនិវត្តន៍រួចហើយ និងបច្ចុប្បន្នអាងស្គាល់អ្នកធំមានអំណាចនៅខេត្តស្វាយរៀង ព្រមទាំងអាងមាន លុយកាក់ទៀតផង។ ក្នុងទំនាស់ទាំងអស់នេះ ខាងជនរងគ្រោះ គឺមាន លោក កឹម ថន ជាអ្នកចេញមុខតតាំងជាង គេ ជាមួយលោក ប្រាក់ កុសល ជាប្តីរបស់ស្រ្តីល្មើស ទេព ចន្ធី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ