ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ!

//s9.kh1.co/01/01e8d01a096ca6e12a67ab976da0e386bea90188.jpg
យល់ដឹង

 ២៣-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ជាង​វ័យ​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ជា​មុន​សិន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​របប​អាហារ​​មាន​ជាតិ​ខ្លាញ់​ទាប​

ដើម្បី​ការពារ​ស្នាម​ជ្រីវជ្រួញ​ មាន​សារសំខាន់​​ណាស់​ក្នុង​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​​ទន់​​ម៉ត់​រលោង​។​ ជាក់​ស្ដែង របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ធ្វើ​ឲ្យ​យើង​បាត់បង់​សមាសធាតុ​នេះ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ ប្រេង​រុក្ខជាតិ​។ល។​

២. ​ប្រើប្រាស់​បំពង់​បឺត​

នៅ​ពេល​ដែល​យើង​​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត​ ​យើង​ចាំបាច់​ត្រូវ​ផ្គុំ​បបូរ​មាត់​ចូល​គ្នា​ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​បរិវេណ​មាត់​ ដូច​ទៅ​នឹង​ការ​ជក់​បារី​ដែរ​។​ ចូរ​ព្យាយាម​​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដោយ​ផ្ទាល់​ពី​មាត់​កែវ​ ទើប​ជា​ការ​ប្រសើរ​។

៣. គេង​ផ្អៀង​

​ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​ផ្អៀង​​ដោយ​យក​មុខ​សង្កត់​ទៅ​នឹង​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់​ និង​ចង្កា​។​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​យើង​​នៅ​ក្មេង​ និង​ស្រស់ស្រាយ​។

៤. ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​

យើង​ដឹង​ហើយ​ថា​ញ៉ាំជាតិ​ស្ករ​ច្រើន​ពេក​មិន​​ល្អ​ចំពោះ​សុខភាព​របស់​យើង​ឡើយ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ ក៏​ដូចជា​​ស្នាម​ជ្រីវជ្រួញ​​​មុន​វ័យ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។

៥. មើល​ទូរទស្សន៍​ច្រើន​ជ្រុល​

យោង​តាម​ការ​សិក្សា​មួយ​បាន​​បង្ហាញ​ថា​ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​ ​យើង​នឹង​កាត់បន្ថយ​អាយុ​ចំនួន​២២​នាទី​។​ ដូច​នេះ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ទោះ​បី​ជា​យើង​អង្គុយ​នៅ​លើ​សាឡុង​ ឬ​​​កៅអី​ យើង​គប្បី​ក្រោក​ដើរ​ចុះ​ឡើង​ជា​រៀង​រាល់​កន្លះ​ម៉ោង​​ម្តង​។

៦. គេង​មិន​គ្រប់គ្រាន់​

សម្រាប់​មនុស្ស​ពេញ​វ័យ​​ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​អាយុ​របស់​យើង​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង ឡើង​ទម្ងន់​ ឬ​​ភាព​យឺតយ៉ាវ​ខាង​ផ្លូវ​ចិត្ត​ យើង​គប្បី​ចូល​គេង​ពី​ព្រលប់​​។

៧. ស្ត្រេស​

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ​ស្រ្តេស​​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​កោសិកា​ខូចខាត​ធ្ងន់ធ្ងរ​ ដែល​ជះឥទ្ធិពល​ក្នុង​ការ​​ពន្លឿន​ដល់​ដំណើរការ​វិវត្ត​ទៅ​រក​ភាព​ចាស់​។​ ដូច្នេះ​ហើយ​ យើង​គប្បី​អនុវត្ត​សកម្មភាព​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T