ភ្នំពេញ៖ តារាចម្រៀង ដែលទើបតែរះ បន្ទាប់ពីប្រឡងជាប់ជាតារាចម្រៀង ជ័យលាភីលេខ១ នៅក្នុងផលិតកម្ម Rock ដែលទស្សនិកជន ចាប់ផ្តើមស្គាល់នាង តាមរយៈបទ ”មិនអាចទ្រាំមើលបងឈឺ” DJ យូរី បានប្រាប់ថា បើទោះបីជានាងទើបតែចូលប្រឡូក ក្នុងវិថីសិល្បៈក៏ពិតមែន តែនាងមានមហិច្ឆតា ចង់ក្លាយខ្លួនជាតារាចម្រៀងល្បី មួយរូប ប្រចាំនៅក្នុងផលិតកម្ម Rock ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រាប់នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល កញ្ញា យូរី បានប្រាប់ថា បច្ចុប្បន្ននាងមានការមមាញឹកច្រើន ជាមួយការងារ បើទោះបីជាពេលនេះ នាងមិនទាន់ទទួលបានជោគជ័យ ១០០ភាគរយក៏ដោយ ក៏នាងរវល់ជាមួយការច្រៀង តាមបណ្តាស្ថានីយទូរទស្សន៍នានា និងតាមខនសឺតខេត្ត និងត្រៀមចេញអាល់ប៊ុមថ្មី សម្រាប់ផលិតកម្មផងដែរ។

ម្ចាស់បទ ”សុំពេលខូចចិត្ត” រូបនេះបានប្រាប់ថា ”ខ្ញុំចូលប្រឡូកក្នុងវិថី សិល្បៈមិនទាន់បាន ៥ខែស្រួលបួលទេ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានបងប្អូនទស្សនិកជន ស្គាល់នាងខ្ញុំច្រើនគួរសមដែរ ហើយនាងខ្ញុំក៏ខិតខំហ្វឹកហាត់ទាំងក្បាច់រាំកាយវិការ ក្នុងការសម្តែង ទាំងការតុបតែងខ្លួន ធ្វើយ៉ាងណាឲ្យមានអ្វីថ្មីប្លែក សម្រាប់បងប្អូន ហើយខ្ញុំក៏សង្ឃឹមថា DJ យូរី ម្នាក់នេះ អាចក្លាយខ្លួនជាតារាមួយរូប ដែលសិ្ថតនៅក្នុងបេះដូង ពុកម៉ែបងប្អូនក៏ដូចជា ក្លាយជាទីពេញនិយមរបស់មិត្តៗ យុវវ័យក្នុងពេលឆាប់ៗ ខាងមុខនេះជាមិនខាន” ។

តារាស្រីដែលទើបតែបោះជំហាន ចូលសិល្បៈដែលមានមហិច្ឆតាខ្ពស់រូបនេះ បានប្រាប់ថា ទន្ទឹមនឹងចង់ក្លាយជាតារាចម្រៀង ដែលមានភាពលេចធ្លោនោះ គឺនាងគិតថា មានការលំបាកច្រើនណាស់ ទម្រាំតែក្លាយជាតារាល្បីនោះ ប៉ុន្តែដោយសារតែចិត្តស្រឡាញ់សិល្បៈនោះ នាងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដែលនាងមាន ហើយនាង ក៏ខំហាត់រៀនពង្រឹង សមត្ថភាពខ្លួនឯងបន្តទៀត នូវអ្វីដែលនាងមិនទាន់ចេះ ដោយមិនមានចិត្តរាថយឡើយ។

តារាចម្រៀងវ័យ ១៨ឆ្នាំ ដែលទស្សនិកជនស្គាល់ថា ជា DJ យូរី រូបនេះ បានបោះជំហានឈានចូលសិល្បៈ ក្នុងឆ្នាំ២០១២នេះ តាមរយៈការដាក់ពាក្យ ប្រឡងចម្រៀងនៅ ក្នុងផលិតកម្ម Rock ដោយជាប់ជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន ៨០០នាក់ ហើយនាងក៏បានចេញ បទចម្រៀងជាបន្តបន្ទាប់ មិនក្រោម ១០បទទេ ដោយក្នុង នោះនាង ត្រូវបានមហាជនចាប់ផ្តើមស្គាល់ និងគាំទ្រនាងតាមរយៈបទ ”មិនអាចទ្រាំមើលបងឈឺ, សុំពេលខូចចិត្ត, អស់ពេលដើម្បីបង, យ៉ាប់កប់ស៊េរី, មិនបាច់ខ្វល់ថា ខ្ញុំឈឺប៉ុណ្ណាបាយបាយ និងបទចម្រៀងមួយចំនួនទៀត” ដែលនៅក្នុងចម្រៀងកាយវិការនោះផងដែរ នាងក៏បានបង្ហាញទេពកោសល្យ នៅក្នុងការសម្តែង ដាក់អារម្មណ៍ នៅក្នុងបទចម្រៀងរបស់នាងបានយ៉ាងល្អ មិនចាញ់តារាអាជីពប៉ុន្មានទេ បើទោះបីជានាងទើបតែដុះពន្លកថ្មី នៅផលិតកម្ម Rock ក៏ដោយ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]