កូរ៉េខាងត្បូង ៖ ថ្មីៗនេះ McDonald’s ប្រចាំនៅហ្វីលីពីន ទើបតែបានបើកសម្ពោធប្រភេទអាហារថ្មីឈ្មោះ BTS Meal ក្នុងប្រទេសរបស់ខ្លួន ដោយទទួលបានការបញ្ជាទិញពីសំណាក់ ARMY ច្រើនមិនធម្មតាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ ដោយមើលឃើញពីការកុម្ម៉ង់ BTS Meal ច្រើនបែបនេះ លោក Benjamin Baetiong ដែលជាអ្នកបម្រើសេវាកម្មដឹកជញ្ជូនអាហារបានបង្ហាញអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំងនៅលើគណនី Twitter របស់លោក ដោយសម្ដែងការថ្លែងអំណរគុណដល់ ARMY ទាំងអស់គ្នាលើបណ្តាញសង្គម ជាមួយនឹងខ្លឹមសារថា ៖
BTS Meal ពិតជាលក់ដាច់ខ្លាំងណាស់។ ពួកយើងដែលជាអ្នកដឹកជញ្ជូនប្រចាំនៅ FoodPanda ពិតជាសប្បាយចិត្តក្នុងការដឹកជញ្ជូន BTS Meal ទៅឲ្យអ្នកទាំងអស់គ្នា។ ហេតុនេះហើយអ្នកគាំទ្រ BTS ទាំងអស់គ្នា សូមបន្តកុម្ម៉ង់តទៀតឲ្យច្រើនៗ ពួកយើងមិនហត់ទេ។

បន្ទាប់ពីបានឃើញសារបង្ហោះនោះភ្លាម ARMY ក៏បង្កើត Hashtag #ARMYMEALProject លើគណនី Twitter មួយ ដោយចាប់ផ្ដើមសកម្មភាពប្រមូលការបរិច្ចាគប្រាក់ ដើម្បីយកទៅជូនដល់លោក Benjamin Baetiong សម្រាប់ពាក្យសម្ដីល្អៗដែលលោកបានបង្ហោះលើបណ្ដាញសង្គម។

ស្របនឹងនេះដែរ ក្នុងរយៈពេលមិនដល់ ១ថ្ងៃស្រួលបួលផង អ្នកគាំទ្រក៏ប្រមូលថវិកាសរុបប្រមាណ ៩២៨ដុល្លារ ហើយយកទៅប្រគល់ជូន អ្នកដឹកជញ្ជូនអាហារម្នាក់នោះភ្លាមតែម្ដង។
ក្រោយពីទទួលថវិកាឧបត្ថម្ភនេះហើយ លោក Benjamin Baetiong ក៏បានថ្លែងការអរគុណបន្ថែមទៀត ចំពោះទឹកចិត្តរបស់ ARMY យ៉ាងដូច្នេះថា ៖
សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់។ ជូនចំពោះ BTS FANS ARMY អ្វីដែលអ្នកបានផ្ដល់មកឲ្យខ្ញុំនេះ គឺពិតជាជំនួយដ៏ធំធេងខ្លាំងណាស់។ សូមអរគុណច្រើន។

ប្រភព ៖ Koreaboo