រាជធានីភ្នំពេញ ៖ តារាសម្តែងនិយមលេងខ្លួនសិចសុី នាងកុល ដាវី បានបាត់មុខពីពិភពសិល្បៈ អស់ជាច្រើនខែមកហើយ តាំងពីមុនពិធីបុណ្យចូលឆ្នាំខ្មែរមកម៉្លេះ ព្រោះមានយីអ៊ុនហក់ទៅច្រៀង កើបលុយនៅប្រទេសក្រៅ ។ កាលពីពេលថ្មីៗនេះ កុល ដាវី បានវិលមកដល់កម្ពុជាវិញហើយ ក្រោយពីសម្តែងនៅសហរដ្ឋអាមេរិក រួមជាមួយក្រុមរបស់នាង ។ គ្រាន់តែមកដល់ប្រទេសកំណើត មិនបានប៉ុន្មានផង មានដំណឹងថា នាង និងកំលោះសម្បុរខ្មៅស្រអែម សុខ រក្សា ដែលជាដៃគូចេញច្រៀងនៅអាមេរិក បានចំណាយលុយរាប់ពាន់ដុល្លារ រួមគ្នាបង្កើតក្រុមតន្ត្រីមួយដើម្បី បង្កើតអាជីពថ្មី ។

រយៈពេលជាងមួយសប្តាហ៍ហើយ ដែលកុល ដាវី មកដល់ប្រទេសកំណើតវិញ ជាមួយនាងកាតុ និងលោក សុខ រក្សា ដែលជាក្រុមសម្តែង ជាមួយគ្នានៅអាមេរិក ។ មានការលើកឡើងថា ក្រុមរបស់តារាទាំងបីដួងនេះ ទទួលបានជោគជ័យ ព្រោះសុទ្ធតែអ្នកមានសមត្ថភាពគ្រប់ផ្នែក មានទាំងអ្នកចម្រៀង អ្នកកំប្លែង និងអ្នក  សម្តែង ។ អ្នកទាំង៣មានមោទនភាពពន់ពេក បន្ទាប់ពីមានការគាំទ្រ និងឱ្យតម្លៃពីខ្មែរយើងនៅឯនាយសមុទ្រ ។

ក្នុងជំនួបផ្តាច់មុខមួយជាមួយ កុល ដាវី ខណៈបង្ហាញខ្លួននៅទូរទស្សន៍រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបាត់មុខស្ទើរតែគេភ្លេច ទៅហើយនោះនាងបានថ្លែងថា ឆ្នាំនេះនាងបានចំណាយពេល ចេញទៅច្រៀងរាំជាលើកទី១ នៅប្រទេសក្រៅ ច្រើនខែណាស់ ព្រោះតាំងពីមុនទៅអាមេរិក នាងបានសម្តែងនៅប្រទេសកាណាដា មួយខែកន្លះ ទើបឆ្លងទៅអាមេរិក៣ខែទៀត។

នាងទៅអាមេរិកលើកនេះបានសម្តែង នៅច្រើនរដ្ឋណាស់ ស្ទើរតែពេញផែនការ ។ នៅទីនោះ នាងបានជួបតារារៀមច្បងជាច្រើនរូប សុទ្ធតែជាអ្នកដែលនឹករលឹក ស្រុកទេសយើង និងបង្ហាញទឹកចិត្តថា បើពួកគាត់មានឱកាសនឹងមកលេង ស្រុកទេសយើងដែលកំពុងតែរីកចម្រើន ។ ទាក់ទិននឹងរឿងច្រៀងក្រៅស្រុក កុល ដាវី ខិតខំហាត់ច្រៀងណាស់ ព្រោះនាងមិនពូកែច្រៀងទេ ដោយសារខុសជំនាញ ។ នាងប្រឹងប្រែងហាត់ច្រៀងចេះចាំ ច្រើនបទមានរាំវង់ រាំក្បាច់ ឡាំលាវ និងបទពីជំនាន់មុន ដែលខ្មែរយើងនៅទីនោះចូលចិត្ត ។

កុល ដាវី បញ្ជាក់ទៀតថា នាងប្រហែលជាផ្អាកសម្តែងនៅក្រៅ ប្រទេសមួយគ្រាសិន ដើម្បីទុកពេលស្រូបយកភាពទាក់ទាញ នៅក្នុងស្រុកវិញម្តង ព្រោះនាងនឹករលឹកទស្សនិកជនក្នុងស្រុកខ្លាំងណាស់ ។ នៅអាមេរិក នាងបន់ឱ្យតែឆាប់សម្តែង ចប់នឹងបានវិលមកស្រុកវិញ ព្រោះគ្មានកន្លែងណាល្អជាងស្រុកយើងទេ ស្រួលរស់នៅ ឱ្យតែមានមុខរបរត្រឹមត្រូវ ទោះជាមានតម្រុយមួយទៀតចង់ឱ្យ នាងទៅប្រទេសកាណាដា ក៏មិនទាន់គិតដែរ ទុកពេលនៅស្រុកយើងវិញ ។

ទាក់ទិននឹងការលើកឡើងថា នាងមានបើកវង់តន្ត្រីជាមួយ សុខ រក្សា តើពិតមែន ឬយ៉ាងណា ? កុល ដាវី ដែលមានជំនាញជាពិធីការិនីបាន ទទួលស្គាល់ពីផែនការនេះដោយ អះអាងថា នាងនិងលោក សុខ រក្សា បានបង្កើតក្រុមតន្ត្រីមួយសម្រាប់បំពេញ សេចក្តីត្រូវការរបស់មហាជន ។ ក្រុមតន្ត្រីរបស់នាងបានបើកដំណើរកា រដោយទទួលប្រគំបានប៉ុន្មានរោងមកហើយ ។

ក្រុមតន្ត្រីនេះមានតារាចម្រៀងល្បីៗច្រៀង ប្រសិនជាម្ចាស់កម្មវិធីចង់បាន ហើយចរចាតម្លៃត្រូវគ្នា ។ របរនេះនាងទុកចិត្តលោក សុខ រក្សា ពីព្រោះក្រៅពីចេះច្រៀង លោកជាអ្នកលេងភ្លេងស្រាប់ ។ នាងសង្កេតឃើញថា មិនសូវមានអ្នកសិល្បៈបើករបរនេះទេ ដូច្នេះនាងរំពឹងថា ក្រុមតន្ត្រីរបស់នាងច្បាស់ជាមានការគាំទ្រពីមហាជន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ