អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​​ញ៉ាំ​ អំឡុង​ពេល​​មក​រដូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/eb/ebac3abe6dd87f9852050a11236bca882e3af93a.jpg
យល់ដឹង

 ១៦-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅ​អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​តែងតែ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ ដូចជា​ការ​ឈឺក្បាល​ ចុក​ពោះ​ ប្រែប្រួល​អារម្មណ៍​ ឬ​ហើម​ពោះ​ជា​ដើម​។

នៅ​អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​តែងតែ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ ដូចជា​ការ​ឈឺក្បាល​ ចុក​ពោះ​ ប្រែប្រួល​អារម្មណ៍​ ឬ​ហើម​ពោះ​ជា​ដើម​។​ ខណៈ​ពេល​ដែល​អាហារ​​មួយ​ចំនួន​អាច​កាត់បន្ថយ​រោគ​សញ្ញា​ទាំងនេះ​ អាហារ​មួយ​ចំនួន​ទៀត​បែរ​ជា​ធ្វើ​ឲ្យ​ស្ថានភាព​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​​របប​អាហារ​ត្រឹមត្រូវ​នៅ​អំឡុង​ពេល​នេះ​ គឺ​ជា​រឿង​សំខាន់​ណាស់​​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​សម្រស់​ស្រស់​ស្អាត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អាហារ​គួរ​ញ៉ាំ

១. ផ្លែឈើ​

ផ្លែឈើ​ដែល​សំបូរ​ជាតិ​ទឹក​ដូចជា​ផ្លែ​ឪឡឹក និង​ត្រសក់​ អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​បាន​​យ៉ាង​ល្អ​។ ពិត​ណាស់​ ផ្លែឈើ​ផ្អែម​អាច​ជួយ​​កាត់​បន្ថយ​​ចំណង់​អាហារ​​​​មាន​ជាតិ​ស្ករ​ចម្រាញ់​​ច្រើន​ ដែលមិនល្អចំពោះសុខភាព និង​អាច​ធ្វើ​ឲ្យ​កម្រិត​គ្លុយកូស​​ឡើង​ខ្ពស់​។

២. បន្លែ​ស្លឹក​បៃតង​

​វា​ជា​រឿង​ធម្មតា​ដែល​កម្រិត​ជាតិ​ដែក​ធ្លាក់​ចុះ​ នៅ​អំឡុង​ពេល​​មក​រដូវ​ ជា​ពិសេស​ ប្រសិនបើ​គ្នា​យើង​មក​រដូវ​ច្រើន​ៗ​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​យើង​អស់​កម្លាំង​ ឈឺ​រាងកាយ​ និង​វិល​មុខ​។ បន្លែ​ស្លឹក​បៃតង​​ដូចជា​ស្ពៃ​ពួយ​ឡេង​ អាច​​ជំរុញ​កម្រិត​ជាតិ​ដែក​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម​​ផង​ដែរ​។

៣. សូកូឡា​ខ្មៅ​

សូកូឡា​ខ្មៅ​ជា​អាហារ​សម្រន់​ដែល​មាន​គុណប្រយោជន៍​ដ៏​​សំបូរ​បែប​​។​ ​វា​ក៏​សំបូរ​ទៅ​​ដោយ​ជាតិ​ម៉ាញេស្យូម​​ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ និង​ជួយ​​គ្រប់គ្រង​អ័រម៉ូន​Serotonin ​ដែល​ជា​អ័រម៉ូន​រីករាយ​។

៤. ទឹក​ដោះ​គោ​ជូរ​

ស្រីៗ​ជា​ច្រើន​អាច​​ឆ្លង​​មេរោគ​ផ្សិត​ នៅ​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​អស់​រដូវ​។​ ប្រសិនបើ​យើង​​ងាយ​នឹង​​ឆ្លង​មេរោគ​ផ្សិត​ ​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​Probiotic ដូចជា​ទឹក​ដោះ​គោ​ជូរ​​ ដែល​អាច​ចិញ្ចឹម​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ព្រម​ទាំង​អាច​ជួយ​​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​​យ៉ាង​មាន​ប្រសិទ្ធភាព​​។

៥. ត្រី​

ជាមួយ​គ្នា​នេះ​ដែរ ត្រី​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ ប្រូតេអ៊ីន​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ដែល​ជា​សារធាតុ​បំប៉ន​ដ៏​ចាំបាច់​បំផុត​សម្រាប់​រាងកាយ​​យើង​។​ ការ​ញ៉ាំ​​​សាច់​ត្រី ដូចជា​ត្រី​សាម៉ុន​ ​អាច​​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ដែក​ អំឡុង​ពេល​មក​រដូវ​។

អាហារ​គួរ​ចៀសវាង​

១. អំបិល​

ការ​ញ៉ាំ​អំបិល​ច្រើន​អាច​នាំ​ឲ្យ​មាន​ការ​ស្តុក​ទឹក​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​។​ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើម​ពោះ​ ចូរ​ជៀសវាង​បន្ថែម​អំបិល​ទៅ​ក្នុង​អាហារ​ ឬ​អាហារ​​កែច្នៃ​​ខ្ពស់​ ដូចជា​ប៊ឺហ្គឺ ភីហ្សា​ ​ដំឡូង​បំពង​។ល។

២. ជាតិ​ស្ករ​

ការ​ញ៉ាំ​ជាតិ​ស្ករ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ពុំ​បង្ក​ជា​បញ្ហា​ឡើយ​ ប៉ុន្តែ​នៅ​ពេល​យើង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​ វា​អាច​​ធ្វើ​​ឲ្យ​ថាមពល​កើន​ឡើង​ខ្ពស់​ដែរ​។ ប្រសិនបើ​​ស្រី​ៗ​យើង​មាន​អាការៈ​ប្រែប្រួល​អារម្មណ៍​ បាក់​ទឹក​ចិត្ត​ ឬ​ថប់បារម្ភ​អំឡុង​ពេល​មក​រដូវ​ ចូរ​​​ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​។

៣. កាហ្វេ​

ជាតិ​កាហ្វេអ៊ីន​អាច​បណ្ដាល​ឲ្យ​មាន​ការ​​ស្តុក​ជាតិ​ទឹក​ និង​ហើម​ពោះ​។​ បន្ថែម​ពី​នេះ​ ​វា​ក៏​អាច​ធ្វើ​​ឲ្យ​យើង​កាន់​តែ​ឈឺ​ក្បាល​ទ្វេ​ដង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​មិន​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ទាល់​តែ​សោះ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​​ឈឺ​ក្បាល​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​មិន​គួរ​បញ្ឈប់​ការ​ញ៉ាំ​កាហ្វេ​ទាំង​ស្រុង​ឡើយ​ ប្រសិនបើ​យើង​មាន​ទម្លាប់​ញ៉ាំ​វា​ជា​ប្រចាំ​។

៤. អាហារ​ហឹរ​

ទន្ទឹម​នឹង​នេះ​ដែរ​ គ្នា​យើង​ជា​ច្រើន​ប្រឈម​នឹង​​អាការៈ​ឈឺ​ពោះ​ ​រាករូស​ ក្អួត​ចង្អោរ​ នៅ​ពេល​ដែល​ញ៉ាំ​អាហារ​ហឹរ​។​ ប្រសិនបើ​យើង​​មិន​ស៊ាំ​ក្នុង​ការ​ញ៉ាំ​អាហារ​ហឹរ​ទេ​ ឬ​មិន​ធ្លាប់​ញ៉ាំ​វា​ទេ​នោះ​ ចូរ​ជៀសវាង​ការ​ញ៉ាំ​អាហារ​ហឹរ​តែម្ដង​ នៅ​អំឡុង​ពេល​មក​រដូវ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T