នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?

//s9.kh1.co/a7/a743022b728cfbbe4d79eed99805ac248124c42a.jpg
យល់ដឹង

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បញ្ហា​ជ្រុះ​សក់​លើ​មនុស្ស​ស្រី ពិសេស​នៅ​វ័យ​ក្មេង​ទៀត​នោះ អាច​ប៉ះពាល់​ទៅ​ដល់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ណាស់។

 បញ្ហា​សក់​ជ្រុះ​ ៥០​សរសៃ ឬ​លើស​នេះ​/ថ្ងៃ ជា​រឿង​ធម្មតា​ទេ តែ​បើ​ឃើញ​ជ្រុះ​ច្រើន​ទៅ​ៗ សក់​នៅ​លើ​ក្បាល​ស្ដើង​ទៅ​ៗ ធ្វើ​ឲ្យ​គ្នា​យើង​ស្រីៗ​មិន​បារម្ភ​មិន​បាន​ទេ។ មូលហេតុ​បណ្ដាល​ឲ្យ​ជ្រុះ​សក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្ដាតំណ​ពូជ តែ​ខាង​ក្រោម​នេះ​ក៏​អាច​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​សក់​យើង​ជ្រុះ​ខ្លាំង ទាំង​វ័យ​នៅ​ក្មេង​ដូច​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. របប​អាហារ​មិន​ត្រឹម​ត្រូវ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា របប​អាហារ​ច​​​ម្រុះសំខាន់​ដល់​រាងកាយ ប៉ុន្តែ​យើង​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ថា របប​អាហារ​សម្បូរ​វីតាមីន និង​រ៉ែ​គ្រប់គ្រាន់​ក៏​មាន​ឥទ្ធិពល​ដល់​ការ​លូតលាស់​សក់​ដែរ។ សក់​ត្រូវ​ការ​ថាមពល​ខ្លាំង​ដើម្បី​លូតលាស់ ហើយ​បើ​យើង​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក វីតាមីន និង​អាស៊ីដ​ខ្លាញ់​មិនគ្រប់គ្រាន់​ទេ​នោះ សក់​ច្បាស់​ជា​ចាប់​ផ្ដើម​ជ្រុះ​មក​មិន​ខាន។

២. ស្ត្រេស

បញ្ហា​ស្ត្រេស មិន​ថា​ស្ត្រេស​រ៉ាំរ៉ៃ ឬ​​ស្រួច​ស្រាល់ទេ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​វដ្ដ​នៃ​ការ​លូតលាស់​សក់​យឺត។ នៅ​ពេល​ដែល​យើង​ស្ត្រេស រាងកាយ​ផលិត​អ័រម៉ូន​មួយ​ហៅ​ថា cortisol ដែល​ជំរុញ​ឲ្យ​សក់​ចូល​ទៅ​ដំណាក់​កាល​សម្រាក លូតលាស់​យឺត​ខ្លាំង​។

៣. ប្រែ​ប្រួល​អ័រម៉ូន

អ័រម៉ូន​ប្រែប្រួល​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​ជ្រុះ​សក់​បាន​ដែរ ពិសេស​ស្ត្រី​ពពោះ ឬ​ស្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត។ អំឡុង​ពេល​ពពោះ កម្រិត​អ័រម៉ូន estrogen ឬ progesterone បណ្ដាល​ឲ្យ​សក់​យើង​ឆាប់​ដុះ​វែង និង​រលោង តែ​ដល់​ពេល​សម្រាល​រួច កម្រិត​អ័រម៉ូន​ទាំង​នោះ​ធ្លាក់​ចុះ​ខ្លាំង ជា​ហេតុ​បណ្ដាល​សក់​ចាប់​ផ្ដើម​ជ្រុះ​។​

៤. អ៊ុត កៀប​សក់​ខ្លាំង​ពេក

ការ​បំផ្លាញ​សក់​ដោយ​កម្ដៅ​អាច​បណ្ដាល​ឲ្យ​សក់​ខូច ឆាប់​ដាច់ និង​សក់​ជ្រុះ ពិសេស​បើ​យើង​ប្រើ​ម៉ាស៊ីន​កៀប មូល​រួញ​សក់​ជា​ប្រចាំ ឬ​មួយ​ក៏​លាប​សក់​ញឹក​ញាប់។ លើស​ពី​នេះ ការ​ចង​សក់​តឹង​ៗ​ជា​ប្រចាំ ក៏​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​បាន​ដូច​គ្នា។

៥. ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន

បញ្ហា​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ដូចជា ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​ព្យាបាល​ជំងឺ​មហារីក រលាក​សន្លាក់ និង​ជំងឺ​បាក់​ទឹកចិត្ត។ មួយ​វិញ​ទៀត ការ​ជ្រុះ​សក់​ក៏​អាច​មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​យើង​ផ្ទាល់​​ដែរ ដូច​ជា​ជំងឺ​បេះ​ដូង ជំងឺ​មហារីក ឬ​លើស​សម្ពាធ​ឈាម​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T