តើគេអាចបញ្ជូនមនុស្សលោកទៅកាន់ភពអង្គារ និងត្រលប់មកផែនដីវិញដោយសុវត្ថិភាព បានយ៉ាងដូចម្ដេច?

//s9.kh1.co/1c/1c2fe60870c8cc2b80bc44bbac0bc2da0e6cf786.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្យល់អាកាសនៅលើភពអង្គារគឺពោរពេញទៅដោយកាបូនឌីអុកស៊ីតជាមួយនឹងឧស្ម័ននីត្រូសែនប៉ុន្មានភាគរយ ដូចនេះមនុស្សមិនអាចដកដង្ហើមបានទេ។

បរទេស៖ មានឧបសគ្គធំៗជាច្រើនដែលមនុស្សត្រូវតែជម្នះមុននឹងទៅដល់ភពអង្គារ នោះគឺការបាញ់បង្ហោះ។ ទំហំផ្ទុកគឺជាបញ្ហាចោទដ៏ធំមួយដែលគេត្រូវការសម្រាប់ការធ្វើដំណើរ មានដូចជាយានអវកាស មនុស្ស ឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ជាច្រើនទៀត។ ទំហំផ្ទុកជាទូទៅគឺមានទម្ងន់ភាគរយស្រាលជាងទម្ងន់សរុបនៃរ៉ុក្កែតដែលដឹកវា។ ឧទាហរណ៍ រ៉ុក្កែត Saturn V ដែលដឹកយាន Apollo 11 ទៅកាន់ឋានព្រះចន្ទមានទម្ងន់៣,០០០តោន។ ប៉ុន្តែវាអាចហោះឡើងត្រឹមទម្ងន់១៤០តោន (៥%នៃទម្ងន់ដែលបាញ់បង្ហោះដំបូង) ឆ្ពោះទៅកាន់គន្លងតារាវិថីទាបរបស់ផែនដី និងមកនៅត្រឹមទម្ងន់៥០តោន (តិចជាង២%នៃទម្ងន់ដែលបាញ់បង្ហោះដំបូង) ឆ្ពោះទៅកាន់ឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហាចម្បងមួយទៀតនោះគឺពេលវេលា។ បេសកកម្មមួយចំនួនដែលបញ្ជូនយានអវកាសគ្មានមនុស្សបើកទៅកាន់ភពក្រៅ បានប្រើជំនួយទំនាញនៃភពមួយឲ្យជួយរុញវាទៅកាន់ទិសដៅខាងមុខ។ នេះគឺជាវិធីដែលជួយសន្សំឥន្ធនៈយ៉ាងច្រើន ប៉ុន្តែវានឹងចំណាយពេលវេលារាប់ឆ្នាំ ទម្រាំទៅដល់គោលដៅរបស់វា។ ហើយច្បាស់ណាស់ មនុស្សមិននឹងជ្រើសរើសវិធីនេះនោះទេ។ ទាំងផែនដីនិងភពអង្គារមានគន្លងគោចរជារាងរង្វង់ ហើយវិធីសាស្ត្រមួយដែលគេហៅថា Hohmann transfer នឹងប្រើប្រាស់ឥន្ធនៈគ្រប់គ្រាន់ សម្រាប់ធ្វើដំណើររវាងភពទាំងពីរ។ វិធីសាស្ត្រ Hohmann transfer នឹងប្រើប្រាស់ពេលវេលា២៥៩ថ្ងៃ (ចន្លោះពី៨ទៅ៩ខែ) ដើម្បីធ្វើដំណើររវាងភពទាំងពីរ ហើយវិធីសាស្ត្រនេះអាចធ្វើទៅរួចក្នុងរយៈពេលប្រហែល២ឆ្នាំម្ដង ក៏ព្រោះតែមានភាពខុសគ្នារវាងគន្លងគោចរជុំវិញព្រះអាទិត្យនៃផែនដីនិងភពអង្គារ។

រូបតំណាងនៅលើភពអង្គារ
រូបតំណាងនៅលើភពអង្គារ

បញ្ហាដែលត្រូវប្រឈមបន្ទាប់មកទៀតនោះគឺការចុះចត។ យានមួយអាចចូលមកក្នុងផែនដីវិញគឺអាចប្រើប្រាស់ការបង្អូស ដែលបង្កើតពីអន្តរកម្មជាមួយបរិយាកាសដើម្បីបន្ថយល្បឿន។ នេះអាចជួយឲ្យយានអវកាសចុះចតដោយសុវត្ថិភាព នៅលើផ្ទៃផែនដី។ ប៉ុន្តែបរិយាកាសនៅលើភពអង្គារគឺមានកម្រាស់ស្ដើងជាងផែនដី១០០ដង។ នោះមានន័យថា លទ្ធភាពនៃការបង្អូសគឺមានតិចជាង ដូច្នេះវាពិបាកនឹងចុះចតដោយសុវត្ថិភាព បើមិនមានឧបករណ៍ជំនួយ។

បញ្ហាមួយទៀតដែលនឹងកើតឡើង នោះគឺការស្ថិតនៅលើភពអង្គារ។ មួយថ្ងៃនៅលើភពអង្គារមានរយៈពេល២៤ម៉ោងនិង៣៧នាទី ហើយបរិយាកាសស្ដើងនៅលើភពអង្គារគឺមិនអាចរក្សាកម្ដៅបានដូចជាផែនដីនោះទេ ដូច្នេះជីវិតនៅលើភពអង្គារគឺត្រូវប្រឈមជាមួយសីតុណ្ហភាពរវាងថ្ងៃនិងយប់ ដែលមានភាពខុសគ្នាខ្លាំង។ ភពអង្គារមានសីតុណ្ហភាពខ្ពស់បំផុត៣០អង្សាសេ ប៉ុន្តែទាបប្រហែល-១៤០អង្សាសេ និងសីតុណ្ហភាពជាមធ្យម-៦៣អង្សាសេ។ សីតុណ្ហភាពរដូវរងាជាមធ្យមនៅលើប៉ូលខាងត្បូងនៃភពផែនដី គឺប្រហែល-៤៩អង្សាសេ។ ដូចនេះយើងត្រូវការជ្រើសរើសកន្លែងចុះចតនិងរស់នៅលើភពអង្គារ និងត្រូវរកវិធីគ្រប់គ្រងសីតុណ្ហភាពនៅពេលយប់។ ខ្យល់អាកាសនៅលើភពអង្គារគឺពោរពេញទៅដោយកាបូនឌីអុកស៊ីតជាមួយនឹងឧស្ម័ននីត្រូសែនប៉ុន្មានភាគរយ ដូចនេះមនុស្សមិនអាចដកដង្ហើមបានទេ។ គេត្រូវការបង្កើតកន្លែងមួយដើម្បីគ្រប់គ្រងខ្យល់អាកាស ដើម្បីស្នាក់នៅទីនោះ។

ភពអង្គារ
ភពអង្គារ

ចុងក្រោយ បញ្ហាប្រឈមដែលមនុស្សត្រូវជួបប្រទះគឺការធ្វើដំណើរប្រកបដោយសុវត្ថិភាពមកកាន់ផែនដីវិញ។ យានអាប៉ូឡូ១១បានចូលមកក្នុងបរិយាកាសផែនដីជាមួយល្បឿនប្រហែល៤០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលទាបជាងល្បឿនហោះផុតចេញពីគន្លងតារាវិថីរបស់ផែនដី។ យានដែលត្រឡប់មកពីភពអង្គារនឹងចូលមកក្នុងបរិយាកាសផែនដី ជាមួយល្បឿនចាប់ពី៤៧,០០០គីឡូម៉ែត្រក្នុងមួយម៉ោងទៅ៥៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យទៅលើគន្លងតារាវិថីដែលប្រើដើម្បីមកដល់ផែនដី។ គេអាចបន្ថយល្បឿន ពេលចូលមកក្នុងគន្លងតារាវិថីទាបជុំវិញផែនដី ប្រហែល២៨,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង មុននឹងចូលមកក្នុងបរិយាកាស ប៉ុន្តែគេត្រូវការឥន្ធនៈគ្រប់គ្រាន់ដើម្បីធ្វើវា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T