លោក​វេជ្ជ​បណ្ឌិត គួច ម៉េងលី បញ្ជាក់ពីផលវិបាកនៃការ​លេប​ថ្នាំ​ខុស​វេជ្ជ​បញ្ជា

//s9.kh1.co/9f/9f53f9678f56b5a7e145169ae3efa5b35a6ca64d.jpg
យល់ដឹង

 ៣១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្នាំពេទ្យអាចជួយសង្រ្គោះជីវិតមនុស្សបាន តែវាក៏អាចសម្លាប់មនុស្សបានដែរ។ មានន័យថា បើយើងលេបថ្នាំពេទ្យ​ត្រឹមត្រូវ​តាមវេជ្ជបញ្ជា ថ្នាំពេទ្យនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរបស់យើង។ ផ្ទុយទៅវិញ បើយើង​លេបថ្នាំពុំស្របតាមការ​ណែនាំ​របស់គ្រូពេទ្យទេ វានឹងធ្វើឱ្យជំងឺយើងពិបាកព្យាបាល ឬព្យាបាលលែងជា។

ថ្នាំពេទ្យអាចជួយសង្រ្គោះជីវិតមនុស្សបាន តែវាក៏អាចសម្លាប់មនុស្សបានដែរ។ មានន័យថា បើយើងលេបថ្នាំពេទ្យ​ត្រឹមត្រូវ​តាមវេជ្ជបញ្ជា ថ្នាំពេទ្យនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរបស់យើង។ ផ្ទុយទៅវិញ បើយើង​លេបថ្នាំពុំស្របតាមការ​ណែនាំ​របស់គ្រូពេទ្យទេ វានឹងធ្វើឱ្យជំងឺយើងពិបាកព្យាបាល ឬព្យាបាលលែងជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា៖ «ខ្ញុំឃើញអ្នកជំងឺនៅស្រុកខ្មែរ អ្នកជំងឺខ្លះអត់ធ្វើតាមការណែនាំរបស់គ្រូពេទ្យទេ អ៊ីចឹងហើយបានជាជំងឺពួកគាត់ពិបាកព្យាបាល។ ឧទាហរណ៍ អ្នកជំងឺ “ក” កើតជំងឺម្យ៉ាងដែលបង្កឡើងដោយមេរោគបាក់តេរីប្រភេទណាមួយ។ គ្រូពេទ្យបានឱ្យថ្នាំ​គាត់លេបរយៈ​ពេល​មួយសប្ដាហ៍ តែគាត់លេបថ្នាំនោះអត់បានទៀងទាត់ និងគ្រប់មួយសប្ដាហ៍តាមវេជ្ជបញ្ជាទេ។ គាត់​លេបបាន​៣ថ្ងៃ មានអារម្មណ៍ថាធូរស្បើយច្រើន ក៏ឈប់លេប។ ជួនកាលគាត់លេបបាន២ឬ៣ថ្ងៃ ស្រាប់តែភ្លេចលេបមួយថ្ងៃ ហើយមួយថ្ងៃក្រោយទើបលេបបន្ត។ ការលេបថ្នាំបែបនេះធ្វើឱ្យជំងឺស៊ាំថ្នាំ ដែលធ្វើឱ្យថ្នាំលែង​មានប្រសិទ្ធភាព​ក្នុងការសម្លាប់មេរោគ។ ហេតុអ្វី? ពីព្រោះជំងឺដែលបង្កដោយបាក់តេរី បើយើងលេបថ្នាំផ្សះ (Antibiotic) ត្រឹមតែ ៣ ឬ៤ថ្ងៃ វាមិនអាចសម្លាប់មេរោគបានឡើយ គឺបានត្រឹមតែធ្វើឱ្យមេរោគស្រងល់ឬចុះខ្សោយតែប៉ុណ្ណោះ។ លុះពេល​មេរោគងើបមកវិញ វាស្គាល់ថ្នាំ ស៊ាំនឹងថ្នាំ ដូច្នេះយើងលេបថ្នាំនោះលែងមានប្រសិទ្ធភាពទៀតហើយ។»

វេជ្ជបណ្ឌិត គួច ម៉េងលី
វេជ្ជបណ្ឌិត គួច ម៉េងលី


លោកថា៖ «នៅសហរដ្ឋអាមេរិកធ្លាប់មានជំងឺមួយប្រភេទដែលគេប្រើថ្នាំផ្សះប្រភេទខ្លាំងយ៉ាងណាក៏គ្មានប្រសិទ្ធភាព។ កាលនោះ មនុស្សក្នុងសកលលោកនាំគ្នាភ័យខ្លាចជំងឺនោះជាខ្លាំង។ អ្នកជំងឺត្រូវគេដាក់ឃ្លុំបេតែឯង ព្រោះខ្លាចឆ្លង​រាលដាលជា​សកល។ ក្រោយពេលគេរកឃើញថ្នាំព្យាបាល ហើយព្យាបាល​អ្នកជំងឺនោះជា ទើបគេឱ្យអ្នក​ជំងឺនោះ​ចេញក្រៅ។ ថ្នាំព្យាបាលនោះ គឺគេយកពពួកថ្នាំផ្សះលាយបញ្ចូលគ្នាឱ្យខ្លាំង ទើបអាចសម្លាប់មេរោគ​បាក់តេរីដ៏កាច​សាហាវ​នោះបាន។ សព្វថ្ងៃគេព្រួយបារម្ភខ្លាំងរឿងប្រជាពលរដ្ឋលេបថ្នាំផ្ដេសផ្ដាសដោយ​គ្មានវេជ្ជបញ្ជានេះឯង»។ 

លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមស្នើដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបថា ប្រសិនបើមានជំងឺឈឺថ្កាត់ សូមកុំទៅទិញ​ថ្នាំពេទ្យ​លេបតាមតែចិត្តនឹកឃើញឱ្យសោះ គឺត្រូវតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ។ នៅពេលគ្រូពេទ្យ​ផ្ដល់ថ្នាំឱ្យលេប គឺត្រូវតែ​លេបថ្នាំនោះតាមវេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការលេបខកខាន​ឬលេបថ្នាំបាន​ពាក់​កណ្ដាល ក៏ទុកថ្នាំចោល។ អ្នកគ្រប់គ្នាត្រូវដឹងថា បើទិញថ្នាំមកលេបដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជំនាញ គឺ​នឹងបង្កគ្រោះថ្នាក់ដល់ជីវិត។ បើលេបថ្នាំត្រូវតាមវេជ្ជបញ្ជា នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយស៊ាំនឹងជំងឺ ដែលធ្វើឱ្យ​ងាយ​ស្រួលព្យាបាលឬព្យាបាលឆាប់ជា។ ប៉ុន្តែបើលេបថ្នាំពុំត្រឹមត្រូវតាមវេជ្ជបញ្ជាទេ ជំងឺនឹងស៊ាំថ្នាំវិញ ដូច្នេះធ្វើឱ្យ​ពិបាក​ព្យាបាល ឬព្យាបាលលែងជាតែម្ដង៕»

Kun Nikay
គុណ និកាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T