ក្រោយសម្រាល ម៉ាក់ៗនិយមចាក់ថ្នាំឲ្យសាច់ស្អាត ត្រូវដឹងរឿងទាំងនេះ!

//s9.kh1.co/e6/e61d377034713f8d5797c3d039940a9699c46650.jpg
យល់ដឹង

 ២៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។

តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។ ប៉ុន្តែមុននឹងសម្រេចចិត្តចាក់ថ្នាំទាំងនោះ ម៉ាក់ៗគួរដឹងរឿងសំខាន់ខាងក្រោមនេះជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ចាក់ថ្នាំសាច់ស្អាតចាំបាច់អត់?

មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំជាច្រើនថ្ងៃ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមិនចាំបាច់ចាក់ក៏បានដែរ។

វេជ្ជបណ្ឌិតបន្តទៀតថារឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ លោកក៏ឲ្យដឹងទៀតថា ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។

២. បើចាក់ថ្នាំ ម៉ាក់ៗអាចបំបៅកូនបានអត់?

ចំពោះម៉ាក់ៗដែលបំបៅដោះកូន លោកវេជ្ជបណ្ឌិតហាមមិនឲ្យចាក់ថ្នាំនោះទេ ព្រោះថ្នាំប្រភេទខ្លះប៉ះពាល់ដល់ការផលិតទឹកដោះ ជាតិថ្នាំនឹងចូលទៅក្នុងទឹកដោះ កូនម៉ឹមទៅអាចនឹងមានបញ្ហាសុខភាព។ ប៉ុន្តែបើម៉ាក់ៗណាដែលមិនបំបៅដោះកូន ហើយនៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។

៣. ជំនួសឲ្យការចាក់ថ្នាំ ម៉ាក់ៗគួរធ្វើបែបណាដើម្បីថែទាំសម្រស់របស់ខ្លួនឲ្យស្អាតឡើងវិញ?

ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំង ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា របបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។ លោកក៏បានបញ្ជាក់ដែរថា ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ រួមទាំងការផឹកម្សៅទឹកដោះគោ ទើបមានវីតាមីន និងសារធាតុចិញ្ចឹមផ្ដល់ឲ្យរាងកាយបានល្អ សម្បូរទឹកដោះឲ្យបៅ។ មួយវិញទៀត វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏ប្រាប់ឲ្យម៉ាក់ៗសម្អាតខ្លួនប្រាណ ដោយងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានជាប្រចាំ ហាត់ប្រាណទើបមានអនាម័យចំពោះខ្លួន និងកូន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T