ភ្នំពេញ៖   តារាចម្រៀងប្រុសធ្លាប់ មានឈ្មោះល្បី ប្រចាំនៅផលិតកម្ម សាន់ដេ កែវ វាសនា ឈានចូលមកដល់ ឆ្នាំ២០១៣ នេះ ឃើញថាយីអ៊ុន ហាក់ដូចជា មានការស្រុត ធ្លាក់ចុះបន្តិច ព្រោះតែគ្មានលេចចេញ នូវបទចម្រៀងណាមួយ ដែលមើលទៅគួរឱ្យល្បី ចាប់អារម្មណ៍ដូចជា កាលពីគ្រាមុនៗនោះឡើយ។

ស្របពេលដែល តារាចម្រៀងប្រុស កែវ វាសនា កំពុងក្រពុលមុខ នឹងរឿងធ្លាក់ប្រជាប្រិយភាពនោះ ថ្មីៗកន្លងទៅនេះ ស្រាប់តែលេចឮព័ត៌មានថា លោក កែវ វាសនា ជាតារាប្រុស ដែលពូកែញ៉ែស្រី មិនរើសមុខ ។ ប៉ុន្តែ ត្រូវបានលោក កែវ វាសនា ចេញមុខធ្វើការបដិសេធភ្លាមៗផងដែរ។ រឿងមួយទើបតែបានបញ្ចប់ មិនទាន់ទាំងបាត់ក្តៅចិត្ត ស្រួលបួលផង ពេលនេះស្រាប់តែ មានរឿងថ្មីមួយទៀត ត្រូវបានគេទម្លាយចេញមក ឱ្យដឹងថា តារាចម្រៀងមាឌតូចល្អិត លោក កែវ វាសនា កំពុងលួចផ្តើម មានទំនាក់ទំនងស្នេហា ជាមួយនារីវ័យក្មេង ដែលជានិស្សិតរៀន នៅសាកលវិទ្យាល័យ ក្នុងក្រុងភ្នំពេញម្នាក់។

ប្រភពលេចឮចេញមកពីមជ្ឈដ្ឋាន ខាងក្រៅបាននិយាយតៗគ្នាថា មួយរយៈនេះ គេឧស្សាគេឃើញវត្តមាន របស់តារាប្រុសប្រចាំ នៅផលិតកម្ម សាន់ដេ លោក កែវ វាសនា បណ្តើរនារីវ័យក្មេងម្នាក់ ចូលទៅតាមហាងលក់ទំនិញ ទាំងមានភាពស្និទ្ធស្នាល មើលទៅហាក់ដូចជាមនុស្ស ដែលធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នា តាំងពីយូរណាស់មកហើយ ។

ប្រភពខាងលើ បានបន្តថា បើមើលទៅលើនារីវ័យក្មេង ដែលកំពុងតែមាន ទំនាក់ទំទង ជាមួយ លោក កែវ វាសនា ជានិស្សិត ដែលកំពុងតែ នៅបន្តការសិក្សា នៅមហាវិល័យ ណាមួយ ព្រោះថា ពេលខ្លះគេឃើញ នារីម្នាក់នេះ ស្លៀកពាក់ខោអាវរបៀប ដូចជានិស្សិតអ៊ីចឹង។ នារីវ័យក្មេងម្នាក់នេះ មានវ័យប្រហែលជា ២២ឬ២៣ ឆ្នាំ ហើយសាច់ឈាមមើលទៅ ជាកូនអ្នកមាន ទ្រព្យសម្បត្តិច្រើនទៀតផង។

ពាក់ព័ន្ធព័ត៌មាន ខាងលើនេះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ទៅតារាចម្រៀងប្រុស លោក កែវ វាសនា ជាច្រើនលើកច្រើនសារ ដើម្បីសុំការបកស្រាយ ប៉ុន្តែលេខទូរស័ព្ទ របស់តារាចម្រៀងរូបនេះ មិនអាចធ្វើការ ទំនាក់ទំនងបានទេ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣នេះ។ Looking TODAY ស្វាគមន៍ ចំពោះការចេញមុខ មកបំភ្លឺ ពីសំណាក់ លោក កែវ វាសនា ជានិច្ចនិងក្ដីរីករាយ ជុំវិញព័ត៌មានខាងលើនេះ។

តារាចម្រៀង ដែលធ្លាប់តែមាន ប្រជាប្រិយភាពលេចធ្លោ លោក កែវ វាសនា ក្នុងមួយរយៈពេល ចុងក្រោយនេះ ហាក់ដូចជាធ្លាក់កូដ ទាំងប្រជាប្រិយភាព ខណៈដែលមានវត្តមាន តារាចម្រៀងចំណូលថ្មី លោក ឆាយ វីរៈយុទ្ធ ហក់ខ្លួន ចូលទៅជ្រក ក្នុងទ្រនំសាន់ដេជាមួយដែរនោះ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា