ភ្នំពេញៈ វាពិតជារឿង ដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់តារាចម្រៀងល្បីឈ្មោះគួរសម កញ្ញា រតនៈ ពិសី ដែលនៅសុខៗស្រាប់តែ ត្រូវបានស្ត្រីអនាមិកម្នាក់ បានខលទូរស័ព្ទស៊ើបសួរពីតម្លៃខ្លួន ដើម្បីទាក់ទងយកទៅឲ្យ បុរសសម្បូរទ្រព្យស្តុកស្តម្ភ ដែលចូលចិត្តចាយលុយ ធ្វើជាអន្ទាក់ស្នេហា និងអាចនិយាយជាភាសាសាមញ្ញ ស្រួលស្តាប់ពេញនិយមក្នុង ពិភពតារាខ្មែរថា គឺ “ហៅទៅញុំាបាយ”។

ជាថ្មីម្តងទៀតសម្រាប់ រតនៈពិសី បន្ទាប់ពីនាងបានពើបប្រទះ នូវព័ត៌មានដ៏រសើបជាច្រើន ពាក់ព័ន្ធជីវិតឯកជនរបស់នាង ដូចជា កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយទាក់ទងទៅនឹង រូបថតរបស់នាង ត្រូវបានជនអនាមិក យកទៅបង្ហោះនៅក្នុង Account Facebook លក់ខ្លួន ដែលមានឈ្មោះថា (Sale body) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់អ្នកនិយមលេង Facebook ក្នុងនោះគេក៏បានឃើញ រូបថតល្បីៗ២ដួងទៀត គឺកញ្ញា ពេជ្រ សូលីកា និង កញ្ញា ទេព បូព្រឹក្ស ។

បន្ទាប់ពីមានរឿងរ៉ាវ ប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរ រតនៈ ពិសី រួចមក តារាចម្រៀងមាឌតូចល្អិត តែចិត្តធំរូបនេះ បានប្រតិកម្មខ្លាំងៗ និងសម្តែងអារម្មណ៍ខឹងសម្បារ ហើយគ្រោងសហការ ជាមួយសមត្ថកិច្ចតាមវែក រកមុខជនអានាមិក ដែលបានធ្វើទង្វើមិនគប្បីចំពោះនាង ព្រមទាំងត្រៀមរៀបចំពាក្យ បណ្តឹងប្តឹងថែមទៀតផង ។

ពាក់ព័ន្ធជាមួយនឹង ព័ត៌មានដ៏រសើបនេះ មិនទាន់ទាំងបានស្ងប់ស្ងាត់ និងសាបរលាបពី អារម្មណ៍ទស្សនិកជនក៏ ដូចជាអ្នកចូលចិត្ត តាមដានសកម្មភាព តារាខ្មែរផង នាងបានជួបប្រទះនូវរឿង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺត្រូវបានស្ត្រីម្នាក់ ដែលគេដឹងយ៉ាងប្រាកដថា ជាអ្នកសិល្បៈដូចគ្នា និងជាអ្នកពូកែដឹកញីបន្ស៊ីឈ្មោល បានខលទូរស័ព្ទមកនាង សួរនាំពីតម្លៃខ្លួនត្រង់ៗក្នុងគោលបំណង យកនាងទៅឲ្យបុរសសម្បូរទ្រព្យ ឬអាចនិយាយបានថា ជាម៉ែយ៉ែម ពូកែទាក់ទងតារាឲ្យតាៗ។

ប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង បានធ្វើឲ្យ រតនៈ ពិសី ខឹងសម្បារក្តៅស្លឹកត្រចៀកតូង និងគិតថាស្ត្រីម្នាក់នោះ មើលងាយតម្លៃនារីខ្មែរ មើលងាយតារាចម្រៀងខ្មែរ ហើយនាងមានឈ្មោះល្បីប៉ុណ្ណឹងដែរ មិនយកខ្លួនទៅប្រឡូកប្រឡាក់ ក្នុងរឿងបែបនេះឡើយ។

រតនៈពិសីនិយាយថា “ខ្ញុំខឹងខ្លាំងណាស់បង..! គេតេមកសួរខ្ញុំបែបៗហ្នឹង.. ខ្ញុំទទួលយកអត់បានទេ។ ស្រីម្នាក់នោះមើលងាយខ្ញុំ និងហាក់ដូចជាចង់ ផ្ចាញ់ផ្ចាលជាមួយខ្ញុំ នៅពេលដែលឃើញខ្ញុំ មានភាពលេចធ្លោនៅក្នុងអាជីព ក៏ដូចជាការងារ ក្នុងក្លឹបអេហ្ស៊ីប”។

យ៉ាងណាក៏ដោយ រតនៈ ពិសី បានផ្តាំផ្ញើរទៅស្ត្រីម្នាក់នោះវិញថា នាងជាអ្នកសិល្បៈមានកិត្តិយស និងកេរ្តិ៍ឈ្មោះមហាជនគាំទ្រ នាងមិនទៅធ្វើទង្វើស្មោគគ្រោក ដូចដែលស្ត្រីម្នាក់នោះ ធ្លាប់ធ្វើទៅលើអ្នកផ្សេងឡើយ ។បញ្ហានេះ នាងគិតថា មកពីស្រ្តីម្នាក់នោះមានប្អូនស្រី ធ្វើការក្នុងក្លឹបជាមួយនាង ហើយដោយសារតែឃើញនាង មានសភាពលេចធ្លោជាង ក្នុងចរន្តការងារ ទើបស្រ្តីម្នាក់នេះ ហាក់បីដូចជាមានគំនុំជំនួស ប្អូនស្រីខ្លួន។

រតនៈ ពិសី បញ្ជាក់ទៀតថា ស្ត្រីម្នាក់នោះនាង បានស្គាល់ឈ្មោះ និងបានស្គាល់ពួជពង្សវង្ស ត្រកូលច្បាស់លាស់ទៀតផង ប៉ុន្តែនាងមិនចង់រករឿង នាំឲ្យវែងឆ្ងាយទេ នាំតែខាតពេលវេលា អត់ប្រយោជន៍ តែបើស្ត្រីម្នាក់នោះ នៅបន្តធ្វើទង្វើបែបនេះមកលើរូបនាងទៀត នាងអាចនឹងពិចារណា ទៅតាមផ្លូវច្បាប់ និងសហការជាមួយ សមត្ថកិច្ច ចាត់វិធានការណ៍ទៅលើស្ត្រីនោះ ពុំខានឡើយ៕







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី