ភ្នំពេញៈ ស្ថានភាពគ្រួសាររបស់ គូស្វាមីភរិយាជាអ្នកសិល្បៈ ដែលធ្លាប់ទទួលបានរហ័សនាមថា ជាគ្រួសារគំរូនោះ កំពុងតែជួប ភាពរង្គោះរង្គើឈានទៅដល់ ការឡើងតុលាការបែកបាក់គ្នា ដោយសារតែការមិនចុះសម្រុងគ្នា ផ្នែកលុយកាក់។ នេះមិនមែនជាលើកទី១ទេ ដែលលេចឮព័ត៌មាន នៃការជួបភាពរកាំរកូសក្នុងគ្រួសារ របស់តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស និងតារាសម្តែង អ្នកនាង សឿ សុធារ៉ា នោះ គ្រាន់តែមិនធ្លាប់លេចឮថា ដល់ថ្នាក់ឡើងដល់តុលាការ។

អ្នកនាង សឿ សុធារ៉ា ព្យាយាមបណ្ដើរស្វាមី យ៉ាងចេញមុខចេញមាត់ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម ដែលនាំឲ្យសៅហ្មងដល់ សុភមង្គលក្នុងគ្រួសារអ្នកនាង ។ នាងបានអួតប្រាប់សារព៌ត័មានថា អ្នកនាងត្រូវបានលោកជំទាវធំ ធ្លាប់ប្រាប់ថា ឲ្យចេះស្រឡាញ់គ្នា និងថែរក្សាគ្នាទៀតផង ។

តែថ្មីៗនេះបានលេចឮព័ត៌មានថា គូស្វាមីមួយនេះ បានឈ្លោះប្រកែកគ្នាខ្លាំងៗ តែមិនទាន់មានប្រភពច្បាស់លាស់ណាមួយប្រាប់ ពីដើមហេតុច្បាស់នោះទេ ថាពួកគេទាំងពីរមានទំនាស់ ជាមួយគ្នា ដោយសារតែមូលហេតុអ្វីឡើយ។ ស្របពេលជាមួយគ្នានោះ ក៏មានប្រភពមួយផ្សេងទៀត បានបង្ហើបប្រាប់ឲ្យដឹងថា ការឈ្លោះប្រកែកខ្វែងគំនិតគ្នានេះ ប្រហែលជាមកពីបញ្ហាលុយកាក់ ដែលខ្ចីពីធនាគារ មកធ្វើផ្ទះបើកហាងសម្អាងការ នៅម្តុំផ្សារទួលទំពួង ។

មូលហេតុដែលធ្វើឲ្យមាន ការលើកឡើង ពីភាពមិនចុះសម្រុងគ្នារបស់ ស្វាមីភរិយាមួយគូនេះ គឺរំលេចឡើងបន្ទាប់ពី អ្នកនាង សឿ សុធារ៉ា បានសរសេរពាក្យមួយចំនួន ជាភាសាអង់គ្លេសបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា "If u wanna break up it is okay. But I need Pemean. I do"។ ដែលមានន័យជាភាសាខ្មែរថា "ប្រសិនបើបងចង់បែក ..ក៏បែកទៅវាមិនអីទេ.. ប៉ុន្តែខ្ញុំត្រូវការកូនស្រី របស់ខ្ញុំគឺ ពិមាន...! ខ្ញុំធ្វើបាន" ។

តាមរយៈពាក្យសំដី ដែលនាងបង្ហោះនៅលើ Facebook ខាងលើនេះ គឺពិតជាធ្វើឲ្យទស្សនិកជន មានចម្ងល់យ៉ាងខ្លាំង ដោយសារតែពាក្យសំដីនេះ បានសរបញ្ជាក់យ៉ាងច្បាស់ ហើយថាពួកគេទាំងពីរនាក់ ពិតជាមានបញ្ហាមិនអាចរស់នៅ ជាមួយគ្នាបន្តទៀត បានទេ ហើយបើតាមជម្លោះ រវាងប្តីប្រពន្ធ ១គូនេះ បានស្តែងឲ្យឃើញថា មិនមែនជារឿងតូចទេ ដល់ថ្នាក់នាងនិយាយថា នាងត្រូវការកូនទៀតផងនោះ។

ជុំវិញព័ត៌មាននេះដែរ លោក សាពូន មីដាដា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លាយឡំ នឹងសំណើចតិចៗពីខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ថា លោកពិតជាឆ្ងល់ណាស់ថា អ្នកដែលនិយាយថា លោកមានជម្លោះ ជាមួយភរិយានោះ បានប្រភពមកពីណាទេ ពិតជាហួសចិត្តណាស់..។ តែទោះជាយ៉ាងណាលោកក៏អរគុណ ទៅដល់ទស្សនិកជន ក៏ដូចជា អ្នកគាំទ្រទាំងអស់ ដែលមានការចាប់អារម្មណ៍ តាមដានមកលើជីវិតគូរបស់លោក និងភរិយា តើឲ្យមានបញ្ហាលែងលះគ្នា ម៉េចទៅបើលោក មិនដឹងរឿងអីផង..? ហើយពេលនេះ លោកក៏កំពុងតែធ្វើការយ៉ាងសប្បាយចិត្ត នៅខេត្តកំពង់ចាម ធម្មតា ហ្នឹង..!។

លោកបានបន្តទៀតថា "ចំពោះព័ត៌មានដែលថា ខ្ញុំនិងប្រពន្ធមានបញ្ហា ជាមួយគ្នានោះ គឺមានច្រើនណាស់ មិនមែន ទើបតែ មានលើកនេះទេ អ្វីដែលសំខាន់ ខ្ញុំចង់ឲ្យបងប្អូនរង់ចាំមើលថា ខ្ញុំនិងភរិយាពិតជាបែកបាក់ ដូចការលើកឡើងនោះ មែនអត់ ព្រោះថាច្រើនដងហើយ ខ្ញុំនិងភរិយា ក៏នៅតែរស់នៅជាមួយគ្នា។ មិនតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានចំណង ដៃអាពាហ៍ពិពាហ៍កូនស្រីសំណប់ចិត្ត១ ថែមទៀតផង..!"។

តារាចម្រៀងមានឈ្មោះ បោះសំឡេងមួយរូប នៅក្នុងផលិតកម្ម ហង្សមាស លោក សាពូន មីដាដា ក៏បានបញ្ជាក់ បន្ថែមទៀតថា ជាក់ស្តែងកន្លងមក លោកក៏ធ្លាប់បានប្រកាសជាសាធារណៈ នៅក្នុងកម្មវិធីមួយរបស់ វិទ្យុដើមអម្ពិល ថា លោកស្រឡាញ់ប្រពន្ធកូនខ្លាំងណាស់ គឺនិយាយស្តែងចេញ ពីទឹកចិត្តរបស់លោក ដោយផ្ទាល់ ហើយបើនិយាយ ពីរឿងប្រាក់ដែល យកមកធ្វើផ្ទះនោះ គឺគ្មានបញ្ហាអីទេ ពេលនេះពួកលោកទាំង ២នាក់ កំពុងតែប្រឹង រកលុយសងគេ មិនមានបំណង គិតពីរឿងឥតប្រយោជន៍ទេ។

ចំណែក Account Facebook ដែល សឿ សុធារ៉ា សរសេរពាក្យខាងលើ បង្ហោះជាសាធារណៈនេះ ត្រូវបានអ្នកធ្លាប់ប្រើប្រាស់ បណ្ដាញសង្គមដ៏ពេញនិយមមួយនេះ អះអាងថា ជា Accuont Facebook របស់នាងផ្ទាល់ មិនមែនជា Accuont Facebook ក្លែងក្លាយនោះឡើយ។

ដោយឡែកតារាសម្តែងកូនមួយ អ្នកនាង សឿ សុធារ៉ា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបក ស្រាយលម្អិតទាក់ទងទៅ នឹងពាក្យសំដី ដែលបង្ហោះនៅលើ Facebook នោះបានទេ ដោយសារតែទូរស័ព្ទរបស់នាងខលចូល តែមិនមានអ្នកទទួល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា