រាជធានីភ្នំពេញ ៖ នាយឡុញ ដែលមានឈ្មោះពិត សេង សម្បត្តិ ជាអ្នកសម្តែងកំប្លែងក្នុងខ្សែភាពយន្ត និងជាអ្នកសម្តែងល្ខោនបាសាក់ តាំងពីឆ្នាំ១៩៩៨មក ។ ចាប់តាំងពីចូលប្រឡូកក្នុងពិភពសិល្បៈមក នាយឡុញ បានសម្តែងភាពយន្តជាច្រើនរឿង ដូចជារឿង «ខ្មោចនាងភូមរី» «តុលាការអាទិទេព» «ទឹកភ្នែកស្រីពេស្យា» និងរឿង «បិសាចខ្លាចខ្មោច»ជាដើម។

នៅឆ្នាំ២០១០ នាយឡុញ បានផ្លាស់ទីលំនៅទៅរស់នៅជាមួយភរិយា និងកូនស្រី ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ លោកផ្តាច់ពីការសម្តែងភាពយន្តងាក ទៅសម្តែងល្ខោនបាសាក់ និងសម្តែងកាត់សក់ក្នុងពិធីមង្គលការ ។ ទោះជាលោកមានអាជីពសិល្បៈក្តី តែជីវភាពរបស់លោកមិនធូរធារទេ ។ នាយឡុញ ទៅរស់នៅខាងភរិយា តែគ្មានដីធ្វើទីជម្រកផ្ទាល់ខ្លួនទេ បានម្តាយមីងខាងភរិយាឱ្យសាងសង់ ខ្ទមមួយមានប្រវែង៥ម៉ែត្រ៤ជ្រុង គ្រាន់រស់នៅ ។

នៅទីនោះមិនទាន់បាន៣ឆ្នាំផង នាយឡុញ បានខ្យល់គរស្លាប់ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០១៣ ក្នុងវ័យ៣៥ឆ្នាំ ទុកឱ្យប្រពន្ធ និងកូនរស់នៅក្នុងខ្ទមកម្សត់ រកតែអង្ករច្រកឆ្នាំងស្ទើរមិនបាន ។ ព័ត៌មានទាក់ទិននឹងនាយឡុញ ស្លាប់នេះ មិនមានអ្នកសិល្បៈណាម្នាក់ដឹងទេ ។ មានថ្ងៃមួយលោក ស៊ិន ចាន់ជេដ្ឋា ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងទាក់ទង ទៅនាយឡុញ ហៅទៅថតស៉្បតពាណិជ្ជកម្ម ក៏ត្រូវម្តាយមីងរបស់ប្រពន្ធនាយប្រាប់ថា នាយស្លាប់ជាង១ខែមកហើយ ។ ពិធីបុណ្យសពរបស់នាយឡុញ មិនបានធ្វើធំដុំទេ ព្រោះតែជីវភាពក្រីក្រពេក ។

ពេលនេះប្រពន្ធ និងកូនស្រីរបស់នាយឡុញ គ្មានអ្វីជាទីពឹងឡើយ គឺរស់នៅក្នុងស្ថានភាព លំបាកលំបិនខ្លាំងណាស់ ។ ពីមុនប្រពន្ធ និងកូនទីពឹងនាយឡុញ តែពេលនេះគ្មានអ្វីទីពឹងទៀត  ទេ ។ អ្នកស្រីដែលជាម្តាយមីងឃើញស្ថានភាពលំបាកលំបិនរបស់ប្រពន្ធ និងកូននាយឡុញ គាត់អាណិតអាសូរពន់ពេក តែគ្មានលទ្ធភាពជួយស្រោចស្រង់ទេ តែគាត់សង្ឃឹមថា ជនដែលមានចិត្តសប្បុរស ពិសេសអ្នកដែលធ្លាប់រួមការងារ សិល្បៈជាមួយនាយឡុញ នឹងជួយឧបត្ថម្ភសម្រាលការលំបាកនោះមិនខាន ។

នាយឡុញ ដែលមានឈ្មោះពិត សេង សម្បត្តិ គឺជាកូនកំព្រា ត្រូវគ្រួសារចិត្តធម៌មួយរើសពីគំនរសំរាមយកទៅចិញ្ចឹម តាំងពីនាយមានអាយុ១ខែម៉្លេះ ។ ពេលធំដឹងក្តី នាយបានចាប់អាជីព ជាអ្នកសម្តែងភាពយន្ត កំប្លែង និងល្ខោនបាសាក់ ។ 
នៅឆ្នាំ២០០៨ នាយឡុញ បានរៀបការជាមួយនាង ខែម ប៉ុល និងមានកូនស្រីម្នាក់ឈ្មោះ សេស សំបូរ អាយុ៥ឆ្នាំ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]