ការ​ជួយ​សត្វ​អនាថា​ ជួយ​ឱ្យ​យុវជន ធូធារ៉ា ​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធី​ពាន់​រង្វាន់​ពលរដ្ឋ​គំរូ​ Smart!

//s9.kh1.co/a1/a18f1b303214476083733e21e9da1ced9b5e969b.jpg
សង្គម

 ១៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពាក់​អាវយឺត​ដៃខ្លី​​ពណ៌​ទឹក​ប៊ិច ដែល​​មាន​ឡូហ្គោ​ជា​​រូប​ដានជើង​សត្វ​សុនក​នៅលើ​អាវ អម​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា “សង្គ្រោះ​សត្វអនាថា”។

ភ្នំពេញ៖ ​ពាក់​អាវយឺត​ដៃខ្លី​​ពណ៌​ទឹក​ប៊ិច ដែល​​មាន​ឡូហ្គោ​ជា​​រូប​ដានជើង​សត្វ​សុនក​នៅលើ​អាវ អម​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា “សង្គ្រោះ​សត្វអនាថា” យុវជន​សម្បុរ​ស្រអែម​ និង​មាន​មាឌធំ​​បាន​ទាញ​​ម៉ូតូ​ចាកចេញ​ពីផ្ទះរបស់ខ្លួន​សំដៅ​ទៅ​ជួយ​សង្គ្រោះ​សត្វ​​​​ ដោយ​នាំ​យក​ឧបករណ៍​មួយ​ចំនួន​ទៅ​តាម​ខ្លួន​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាល់​លើក​នៅពេលយុវជន​​​វ័យ​ ២២​ឆ្នាំរូប​នេះ​​ទទួល​ដំណឹង​ពី​មិត្តភក្តិ​អំពី​សត្វ​អនាថាដូច​ជា ​ឆ្កែ និង​ឆ្មា ឬ​​នៅ​ពេល​​​គាត់​​ឃើញសត្វទាំង​នោះ​​នៅ​តាម​ដងផ្លូវ​ដែលត្រូវការ​ការ​ជួយ​សង្គ្រោះ គាត់​តែង​តែ​​រូត​រះ​ធ្វើ​ដំណើរ​ចេញទៅ​​​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ។

គិត​មក​ដល់​ដើម​ឆ្នាំ២០២១ យុវជន​រូប​នេះ​បាន​សង្គ្រោះ​សត្វ​អនាថា​តាម​ដង​ផ្លូវ​បាន​ជាង ៣០០​ក្បាល មក​ហើយ​។

យុទ្ធនាការ “សង្គ្រោះ​សត្វអនាថា”
យុទ្ធនាការ “សង្គ្រោះ​សត្វអនាថា”

ដោយ​មើល​ឃើញ​នូវ​ទឹក​ចិត្ត​ល្អ​បែប​នេះ លោក ហ៊ិន រតនា ដែលជា​គ្រូ​បង្វឹក​សុនកល្បី​ឈ្មោះ​មួយរូប​នៅ​កម្ពុជា​បាន​សម្រេច​ចិត្ត​ជ្រើស​តាំង​យុវជន ស៊ុន ធូធារ៉ា​ ​ឱ្យ​ចូល​រួម​ក្នុងកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០។

លោក រតនា បានថ្លែងថា៖

“គាត់ជា​ក្មេង​ដែល​មាន​គំរូ​ល្អ ​ចំណាយ​ពេលវេលា​របស់គាត់ទៅ​ជួយ​សង្គ្រោះ​​សត្វ​អនាថា។ គាត់ជួយសត្វ​អស់​ពី​សមត្ថភាព​ខ្លួន​គាត់​។ បើ​អ្នក​ផ្សេង​មិន​ហ៊ានចំណាយពេល​វេលា​​ទៅ​ធ្វើការងារ​បែបនេះទេ។ ឃើញអញ្ចឹង​ហើយបានជាខ្ញុំជ្រើស​តាំង​គាត់ចូល​ក្នុងកម្មវិធីហ្នឹង”។

  ប្រសាសន៍របស់លោក ហ៊ិន រតនា

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​​ដល់​យុវជន​រូប​នេះ​ឱ្យ​ឈាន​បន្ត​ទៅ​កាន់​​​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ។

យុវជន ស៊ុន ធូធារ៉ា ថ្លែង​ថា៖

“ថ្ងៃ​មួយ​ខ្ញុំ​បាន​បាត់​បង់​សុនក​របស់​ខ្ញុំ​ផ្ទាល់ គឺ​គាត់​កើត​មហារីក​ដោះ។ អញ្ចឹង​ទៅ ខ្ញុំ​សន្យា​នឹង​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ជួយ​សត្វ​កាន់​តែ​ច្រើន​តាម​អ្វី​ដែល​អាច​ធ្វើ​បាន”។

សម្តីរបស់យុវជន ស៊ុន ធូធារ៉ា


យុវជន ស៊ុន ធូធារ៉ា
យុវជន ស៊ុន ធូធារ៉ា

សន្យា​របស់​គាត់ បាន​លេច​ចេញ​ជា​រូប​រាង​កាល​ពី​ចុង​ឆ្នាំ២០១៩ ដោយ​យុវជន​រូប​នេះ​​បាន​ចាប់​ផ្តើម​ជួយ​សង្គ្រោះ​​​សត្វ​អនាថា​ក្រោយ​សម្រាក​ពីការ​ជួយ​លក់ដូរ​ឪពុកម្តាយ​របស់គាត់​​ពេល​ល្ងាច នៅ​ពេល​ទទួល​បាន​ដំណឹង​​ថា​មាន​សត្វ​ដែលត្រូវ​ជួយ​សង្គ្រោះ។ បន្ទាប់​​មក​គាត់​យក​ពួក​គេ​ទៅ​មន្ទីរ​ពេទ្យ​សត្វ​ផ្សេងៗ ដើម្បី​សំអាត​ និង​លាង​របួស មុន​នឹង​បង្ហោះ​រូប​សត្វ​នោះ​ដើម្បី​ស្វែង​រក​ម្ចាស់​ថ្មីលើ​ហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះ​សត្វ​អនាថា)​ ដែលលោក​បង្កើតឡើង​ដើម្បី​សង្គ្រោះ​សត្វ​អនាថា កាត់​បន្ថយ​សត្វ​អនាថា បង្កេីន​អ្នក​ស្រលាញ់​សត្វ​អោយ​កាន់​តែ​ច្រេីន និង​ជំរុញ​​ឱ្យ​​មាន​​ច្បាប់​​សំរាប់​​សត្វ។

  យុវជន ស៊ុន ធូធារ៉ា សង្រ្គោះសត្វអនាថា
  យុវជន ស៊ុន ធូធារ៉ា សង្រ្គោះសត្វអនាថា

លោក ធារ៉ា បាន​បន្ថែម​ថា៖

“អ្វី​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ជួយ​សត្វ​អនា​ថា​ពី​កន្លែង​ពិបាក​ទៅ​កន្លែង​ល្អ ពី​មិន​មាន​ម្ចាស់​ទៅ​មាន​ម្ចាស់ ពី​រូប​រាង​អាក្រក់​ដែល​គេ​សឹង​តែ​ហៅ​ថា​ជា​ឆ្កែ​ឆ្កួត។ យើង​ជួយ​សង្គ្រោះ​គាត់ រហូត​ដល់គាត់​មាន​ម្ចាស់​ថ្មីដែល​ស្រលាញ់”។

  សម្តីរបស់យុវជន ស៊ុន ធូធារ៉ា

ម្ចាស់​ថ្មី​ទាំង​នោះ​ក៏​រួម​មាន​ទាំង​កញ្ញា ឡៅ ស្រី​មាន ផង​ដែរ ដែល​បាន​ទទួល​ចិញ្ចឹម​សុនក​អនាថា​មួយ​ក្បាល​ពី​លោក ធារ៉ា។ បន្ទាប់​ពី​យក​មកចិញ្ចឹម សុនក​នោះ​ក៏​បានបាត់ ហើយ​កញ្ញា​​បាន​​ពឹងពាក់​លោក ធារ៉ា ម្តង​ទៀត​​ឱ្យ​ជួយស្វែង​រក​សុនក​​នោះ​មកវិញ​។

កញ្ញា ឡៅ ស្រីមាន បាន​ថ្លែង​ថា៖

“ការ​ជួយ​សង្គ្រោះ​សត្វ​របស់​គាត់ គឺ​ជា​អំ​ពើល្អ ដោយ​សារ​ថា​ខ្ញុំ​ធ្លាប់​បាត់​បង់​សត្វ​ចិញ្ចឹម (ឆ្កែ) ហើយ​ធ្លាប់​ឲ្យ​គាត់​ជួយ​ស្វែង​រក​ឲ្យ។ កាល​ណោះ រៀង​យប់​ដែរ​ហើយ ខ្ទង់ម៉ោង​៧ ឬ ៨ ហើយ​គាត់​ក៏​បាន​មក​ជួយ​ស្វែង​រក​សត្វ​ចិញ្ចឹម​របស់​ខ្ញុំ រហូត​ទាល់​តែ​រក​ឃើញ”។

សម្តីរបស់កញ្ញា ឡៅ ស្រីមាន

ជា​អ្នក​ស្រលាញ់​សត្វ​ម្នាក់​ទៀតកញ្ញា សម លីលី ដែល​បាន​ទទួល​ចិញ្ចឹម​សត្វ​អនាថា​ពី​លោក ​ធារ៉ា​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០​២០ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណៈ​ជន ចូល​រួម​សង្គ្រោះ​សត្វ​ជា​មួយ​លោក​ ធារ៉ា

កញ្ញា សម លីលី ថ្លែង​ថា៖

“យើង​ងាក​មក​មើល​សង្គម​យើង​ឥឡូវ នៅ​តាម​ផ្លូវ​ឬ​នៅ​តាម​គំនរ​សំរាម​ផ្សេងៗ មាន​សត្វ​អនាថា និង​មាន​អង្គការ​ជា​ច្រើន ព្យាយាម​ជួយ​គាត់​និង​ស្វែង​រក​ម្ចាស់​ថ្មី។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា អ្នក​ដែល​មាន​លទ្ធភាព គឺ​អាច​នឹង​ចូល​រួម​សកម្មភាព​ជា​មួយ​បង ធារ៉ា អាច​នឹង​ជួយ​គាត់​ក្នុង​ការ​ចិញ្ចឹម​សុនក​អនាថា​ហ្នឹង”។

សម្តីរបស់កញ្ញា សម លីលី

ទាក់ទងនឹង​ថវិកា​ ដែលប្រើប្រាស់​ក្នុងការ​ចំណាយលើ​ការជួយ​សង្គ្រោះសត្វ​នេះលោក ធារ៉ា បាន​រៃ​អង្គាស​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ Stray Animal Rescue ដែលអ្នក​ចូលរួមបរិច្ឆាគ ​​គឺ​​ជា​អ្នក​មានចិត្ត​ស្រលាញ់សត្វ​ដូចគាត់​ដែរ។

លោកបានថ្លែងថា ដរាប​ណា​ភ្នំពេញ​នៅ​តែ​មាន​សត្វ​អនាថា​តាម​ដង​ផ្លូវ លោក​ក៏​នឹង​បន្ត​ជួយ​សង្គ្រោះ​ពួក​គេតាម​រយៈ​មធ្យោបាយ​គ្រប់​ប្រភេទ​ដែល​លោក​អាច​ធ្វើ​បាន។

លោក ធារ៉ា បន្ថែម​​ថា៖

“ផែន​ការ​បន្ត​បន្ទាប់​ទៀត គឺ​យើង​ចង់​ស្វែង​រក​អ្នក​ណា​ដែល​គាត់​មាន​បេះ​ដូង​ក្នុង​ការ​ជួយ​សត្វ​ដូច​ខ្ញុំ។ ហើយ​ខ្ញុំ​ចង់​បើក​ជា​ហាង​កាហ្វេ​សម្រាប់​សត្វ​អនាថា។ បងៗ​អ្នក​ស្រលាញ់​សត្វ គាត់​អាច​មក​មើល​សត្វ​អនាថា​ផង មក​ញុំា​កាហ្វេ​ផង”។

  សម្តីរបស់យុវជន ស៊ុន ធូធារ៉ា
  យុវជន ស៊ុន ធូធារ៉ា និងសត្វឆ្មា
  យុវជន ស៊ុន ធូធារ៉ា និងសត្វឆ្មា

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា» របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវ​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក ធារ៉ា ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5tEV7uSFdQ/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

  យុវជន ស៊ុន ធូធារ៉ា និងសត្វឆ្កែ
  យុវជន ស៊ុន ធូធារ៉ា និងសត្វឆ្កែ

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!          

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T