ចាស់ៗច្រើនឈឺសន្លាក់ ក្រៅពីថ្នាំពេទ្យ មានវិធីអ្វី​ជួយបានទៀត​?​

//s9.kh1.co/26/2649304ff8705e5b73113902197d66d9c9cba9c9.jpg
យល់ដឹង

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​បញ្ហា​ឈឺ​ដៃ ឈឺ​ជើង ពិសេស​ឈឺ​ត្រង់​សន្លាក់​ក៏​កើត​មាន​ដែរ។

នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​បញ្ហា​ឈឺ​ដៃ ឈឺ​ជើង ពិសេស​ឈឺ​ត្រង់​សន្លាក់​ក៏​កើត​មាន​ដែរ។ បញ្ហា​ឈឺ​សន្លាក់​ អ្នក​ជំនាញ​លើក​ឡើង​ថា​​ក៏​អាច​កើតមាន​លើ​មនុស្ស​ពេញ​កម្លាំង​ផង​ដែរ​។ យ៉ាងណា បញ្ហា​នេះ តែង​កើត​ឡើង​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ពិត​ប្រាកដ​មែន ហើយ​អ្នក​ជំនាញ​ជឿ​ថា​មនុស្ស​មាន​វ័យ​លើស​ពី​៦៥​ឆ្នាំ ប្រហែល​៥០​ភាគ​រយ​មាន​បញ្ហា​ឈឺ​សន្លាក់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រភេទ​នៃ​ការ​រលាក​សន្លាក់

រលាក​សន្លាក់​ឆ្អឹង៖ ច្រើន​កើត​ឡើង​ដោយ​សារ​ការ​រហែក​ឆ្អឹង​ខ្ចី ធ្វើ​ឲ្យ​ឆ្អឹង​កកិត​គ្នា នាំ​ឲ្យ​មាន​ការ​ប្រេះ ខូចខាត និង​រលាក​កើត​ឡើង​។​​

រលាក​សន្លាក់​រ៉ាំរ៉ៃ៖ គឺ​ជា​លក្ខខណ្ឌ​ជា​ប្រព័ន្ធ​មួយ​ដែល​រំញោច​រោគ​សញ្ញា​ពេញ​ទាំង​រាង​កាយ។ វា​ជា​ជំងឺ​ម្យ៉ាង​ហៅ​ថា autoimmune disease ដែល​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​វាយ​ប្រហារ​ដោយ​ភាន់​ច្រឡំ​លើ​សន្លាក់​ដែល​មាន​សុខភាព​ល្អ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឈឺ​សន្លាក់​នេះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ​ក៏​គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ប្រើ​វិធី​ព្យាបាល​បែប​ធម្មជាតិ​ខ្លះ​ដែរ​។ យ៉ាងណា យើង​ត្រូវ​សុំ​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ថា​វិធី​ទាំងនោះ​មាន​អ្វី​ខ្លញ​ស័ក្ដិ​សម​នឹង​ស្ថាន​ភាព​របស់​យើង។ ខាង​ក្រោម​ជា​វិធី​មួយ​ចំនួន​ ក្នុង​ការ​ជួយ​សម្រួល​ដល់​បញ្ហា​ឈឺ​សន្លាក់​នេះ។

​២. គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​

ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅ​លើ​រោគ​សញ្ញា​រលាក​សន្លាក់​របស់​អ្នក​ជំងឺ​។ កាលណា​យើង​ឡើង​ទម្ងន់​កាន់​តែ​ច្រើន កម្លាំង​សង្កត់​មក​លើ​សន្លាក់ ​ពិសេស​នៅ​ត្រង់​ជង្គង់ ត្រគាក និង​ជើង ក៏​ខ្លាំង​ដែរ​។

តាម​គោលការណ៍​ណែនាំ អ្នក​មាន​បញ្ហា​រលាក​ឆ្អឹង​សន្លាក់​​ លើស​ទម្ងន់ ឬ​ជំងឺ​ធាត់​ គួរ​តែ​ព្យាយាម​សម្រក​ទម្ងន់​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​សម្រក​ទម្ងន់ ទៅ​តាម​កម្មវិធី​មួយ​ចំនួន​ ដើម្បី​អាច​សម្រេច​បាន​ដូច​បំណង​។

ពេល​យើង​ស្រក​ទម្ងន់​​អាច​ជួយ​ឲ្យ​៖

  • ស្រួល​ធ្វើ​ចលនា
  • កាត់​បន្ថយ​ការ​ឈឺ​ចាប់
  • ការពារ​ការ​ខូច​ខាត​សន្លាក់​ទៅ​ថ្ងៃក្រោយ

២. ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់​

បើ​សិន​ជា​យើង​មាន​បញ្ហា​រលាក​សន្លាក់​ ការ​ហាត់​ប្រាណ​អាច​ជួយ​យើង​៖

  • គ្រប់​គ្រង​ទម្ងន់​បាន​ល្អ
  • រក្សា​ភាព​បត់បែន​របស់​សន្លាក់​បាន​ល្អ
  • បង្កើន​សាច់​ដុំ​នៅ​ជុំវិញ​សន្លាក់ អាច​ជួយ​ជា​ទម្រ​បាន​កាន់​តែ​ខ្លាំង

បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់​ពិបាក​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ៗ ការ​ដើរ​ជា​ជម្រើស​ល្អ បំផុត​ក្នុង​ការ​ហាត់ប្រាណរបស់​មនុស្ស​វ័យ​ចំណាស់​។ ក្រៅពី​នោះ​បើ​អាច​ធ្វើ​បាន​ លំហាត់​ប្រាណ ដូច​ជា​ជិះ​កង់ និង​ហែល​ទឹក ក៏​ល្អ​សម្រាប់​សុខភាព​ដូច​គ្នា​។ ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព ជា​ទូ​ទៅ​មាន​ការណែនាំ​ថា​អាច​ហាត់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។

៣. កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​

ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ដើម សុទ្ធ​តែ​អាច​​ជំរុញ​ឲ្យ​មាន​ការ​រលាក និង​ឡើង​ទម្ងន់​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​រលាក​សន្លាក់​រ៉ាំរ៉ៃ​ផង​ដែរ​។ ជំនួស​ឲ្យ​ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​គ្រប់​គ្រាន់ ដែល​អាច​ធ្វើ​ឲ្យ​សន្លាក់​មាន​ដំណើរ​ការ​បាន​ល្អ​។

៤. ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព

វ័យ​យើង​កាន់​តែ​ចាស់ ការ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​ខុស​ភាព​ជួយ​ការពារ​ការ​ឈឺ​សន្លាក់។ ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​រលាក ឈឺចាប់ និង​ហើម។​ នៅ​ពេល​និយាយ​ដល់​អាហារ​ល្អ​ចំពោះ​សុខភាព គ្មាន​អ្វី​ក្រៅពី​​ផ្លែ​ឈើ​ស្រស់ និង​បន្លែ​នោះ​ទេ​។ បន្លែ និង​ផ្លែ​ឈើ​មិន​មែន​ល្អ​តែ​ចំពោះ​សុខភាព​ទូទៅ​ទេ តែ​ក៏​ល្អ​ចំពោះ​សុខ​ភាព​សន្លាក់​ផង​ដែរ​។ មួយ​វិញ​ទៀត បើ​យើង​ជា​អ្នក​ជក់​បារី ត្រូវ​បញ្ឈប់​ការ​ជក់បារី ព្រោះ​ថា​បារី​ក៏​អាច​បង្ក​បញ្ហា​ដល់​សុខភាព​សន្លាក់​ដូច​គ្នា​។​

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

វ័យ​យើង​កាន់តែ​ចាស់ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​លក់​ស្កប់​ស្កល់​ដែរ សម្រាប់​អ្នក​ខ្លះ។ ការ​គេង​មិន​បាន​ស្កប់​ស្កល់​នឹង​ធ្វើឲ្យ​បញ្ហា​សន្លាក់​កាន់​តែ​ធ្ងន់ធ្ងរ​។ ការ​គេង​បាន​តិច​នៅ​ពេល​យប់ អាច​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ធុញ​ថប់ ការ​ឈឺចាប់​នៅ​សន្លាក់​ក៏​អាច​កើត​មាន​កាន់​តែ​ខ្លាំង ហើយ​ការ​ឈឺ​ចាប់​នៅ​សន្លាក់​កាន់​តែ​ខ្លាំង អាច​ធ្វើ​ឲ្យ​យើង​ដើរ​មិន​រួច​ក៏​មាន​។

ការ​គេង​មិន​លក់ គេង​មិន​បាន​គ្រប់​គ្រាន់ ធ្វើឲ្យ​រាង​កាយ​កាន់តែ​ពិបាក​ក្នុង​ការ​​​ទប់​ទល់​នឹង​ការ​ឈឺចាប់។ ចូរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ តាមរយៈ​ការ​បិទ​ចោល​ឧបករណ៍​អេឡិចត្រូនិក យ៉ាង​តិច​មួយ​ម៉ោង​មុន​ចូល​គេង ឬ​ធ្វើ​សមាធិ​ខ្លះ​ៗ​​មុន​ចូល​គេង ដើម្បី​ជួយ​បង្កើន​គុណ​ភាព​ដំណេក​របស់​យើង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T