ភ្នំពេញ៖ តារាស្រីជើងថ្មី មាឌតូចល្អិតសាច់សសម្បូរស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំសុម៉ាលីស ក្រៅពីការច្រៀងក្នុងផលិតកម្ម នាងក៏ស្រវ៉ាបានឱកាសចេញច្រៀង នៅខាងក្រៅពីរកន្លែងផ្សេងគ្នា ខណៈបទចម្រៀងក្នុងផលិតកម្ម Diamond Music ហាក់មិនទាន់មាន ចេញបទថ្មីរបស់ខ្លួននោះ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ តារាចម្រៀងសិចស៊ីកញ្ញា ឃីត សំសុម៉ាលីស បាននិយាយប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះនាងមានការមមាញឹកក្នុងការចេញច្រៀងខាងក្រៅច្រើនជាងការច្រៀង នៅក្នុងផលិតកម្ម ព្រោះពេលថ្ងៃ នាងត្រូវទៅច្រៀងប្រចាំ នៅណាហ្គាវើល ចំណែកពេលរាត្រីច្រៀង នៅមជ្ឈមណ្ឌលកំសាន្តថោន។ ទន្ទឹមនឹងនេះ ការឡើងច្រៀងក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ក៏មានច្រើនផងដែរ។

កញ្ញា ឃីត សំសុម៉ាលីស បាននិយាយប្រាប់បន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការច្រៀង នាងក៏មានខាងផលិតកម្មមួយ បានចាប់អារម្មណ៍ ហើយបានទាក់ទង ហៅនាងឱ្យទៅថត សម្តែងខ្សែភាពយន្ត គ្រាន់តែពេលនេះ នៅមិនទាន់និយាយត្រូវរ៉ូវជាមួយគ្នា ព្រោះពេលវេលា នៃការថតក៏នៅយូរ ពោលប្រហែលជា ២ ទៅ ៣ខែ ខាងមុខទៀតឯណោះ។

ជាមួយគ្នានេះ តារាចម្រៀងនិយមបញ្ចេញភាពសិចស៊ី ផ្អែកដើមទ្រូងបង្អួតគេឯង ឃីត សំម៉ាលីស ក៏បាននិយាយថា មួយរយៈនេះ បើនិយាយពីការងារច្រៀង នៅក្នុងផលិតកម្ម គឺហាក់ដូចជាមិនសូវរវល់ច្រើន ដូចជាការចេញច្រៀងនៅខាងក្រៅនោះទេ។ ម្យ៉ាងទៀតពេលនេះ នាងក៏ជិតផុតកុងត្រា រយៈពេល១ឆ្នាំ ជាមួយផលិតកម្ម Diamond Music ផងដែរ។

ឃីត សំសុម៉ាលីស បានបញ្ជាក់ដែរថា បើទោះបីជា នាងជិតផុតកុងត្រា ជាមួយផលិតកម្មនេះ ក៏ពិតមែន ប៉ុន្តែនាងមិនទាន់មានគម្រោងចាកចេញ ឬមួយក៏វេចបង្វេចចូលទៅជ្រកជាមួយផលិតកម្មផ្សេងនោះឡើយ ។ប្រសិនជាអាចនាងនឹងបន្តកុងត្រាថ្មីឡើងវិញ ជាមួយផលិត Diamond Music ពោលគឺលុះត្រា តែផលិតកម្មមួយនេះ បិទទ្វាទើបនាងរកកន្លែងថ្មី។

គួររំឭកថា មុននេះបន្តិចតារាចម្រៀងវ័យក្មេង កញ្ញា ឃីត សំសុម៉ាលីស ក៏ធ្លាប់បានទទួលរងនូវនូវព្យុះភ្លៀង ដោយការរិះគន់ខ្លាំងៗ ពីសំណាក់មហាជនមួយចំនួន ខណៈពេលដែលនាងបានបង្ហោះ រូបភាពសិចស៊ី បញ្ចេញគល់សុដន់ ដែលមើលឃើញហើយគួរឲ្យញាក់សាច់ ជាច្រើនសន្លឹកនៅលើ Account Facebook របស់នាង ដើម្បីទាញ រកប្រជាប្រិយភាព និង ការចាប់អារម្មណ៍ពីមហាជន៕








ផ្ដល់សិទ្ធិដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]