យោងតាមប្រភព័ត៌មាន Rocketnews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា ភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា Akasaka Ramen ស្ថិតក្នុងទីក្រុង Tokyo ប្រទេសជប៉ុន បានបង្កើតការប្រកួតមួយ សម្រាប់ភ្ញៀវ ដែលចូលទៅញ៉ាំអាហារនៅទីនោះ គឺម្ចាស់ភោជនីយដ្ឋាន នឹងចំណាយប្រាក់ចំនួន ១០,០០០យ៉េន (ប្រហែល ១០០ដុល្លារអាមេរិក) ប្រសិនបើមានភ្ញៀវ ញ៉ាំមីមួយចានធំអស់។

ជាមួយគ្នានេះដែរ ភោជនីយដ្ឋាន Akasaka Ramen មានលក្ខ័ណ្ឌមួយ គឺតំរូវឲ្យភ្ញៀវញ៉ាំមីមួយចានធំឲ្យអស់ ក្នុងរយៈពេល ២០នាទី ហើយប្រសិនបើភ្ញៀវញ៉ាំអស់ ភោជនីយដ្ឋាននោះ នឹងចំណាយប្រាក់ចំនួន ១០,០០០យ៉េន (ប្រហែល ១០០ដុល្លារអាមេរិក) ឲ្យទៅភ្ញៀវភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថា ការប្រកួតមួយនេះ គឺមានឈ្មោះថា Jumbo Spare Rib Challenge ដែលវាត្រូវបានភោជនីយដ្ឋាន Akasaka Ramen នេះបង្កើតឡើង តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ហើយមានភ្ញៀវចំនួន ៨០នាក់បានប្រកួត ប៉ុន្តែមានភ្ញៀវមិនដល់ ១០នាក់ផង ដែលបានឈ្នះក្នុងការប្រកួតនេះ។ ចំនែកឯភ្ញៀវដែលប្រកួតចាញ់ គឺត្រូវចំណាយលើថ្លៃមីវិញ ចំនួន ៥,០០០យ៉េន (ប្រហែល ៥០ដុល្លារអាមេរិក)។

ដូចគ្នានេះដែរ អ្វីដែលធ្វើឲ្យភ្ញៀវមិនងាយនឹងយកឈ្នះបាន នៅក្នុងការប្រកួតនេះ គឺដោយសារតែមីមួយចានៗ គឺមានទឹកស៊ុបចំនួន ២លីត្រ មី ៨កញ្ចប់ និងឆ្អឹងជំនីរ ៤ ដែលមានទំងន់ ៤០០ក្រាមក្នុងមួយឆ្អឹងៗ។

ទោះបីជាយ៉ាងនេះក៏ដោយ មាននារីអាយុប្រហែល ២០ឆ្នាំម្នាក់ ធ្លាប់បានយកឈ្នះក្នុងការប្រកួតនេះ ដោយបានញ៉ាំមីអស់ ក្នុងរយៈពេលត្រឹមតែ ១៦នាទីតែប៉ុណ្ណោះ ដែលជាការញ៉ាំដ៏លឿនបំផុត៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]